សហរដ្ឋអាមេរិក៖ សេចក្តីប្រកាសមួយ របស់អង្គការណាសា បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង នៅជុំវិញពិភពលោក ដែលនោះគឺជាការ រកឃើញថ្មីមួយ ទាក់ទងទៅនឹង ការប្រទះឃើញ ខ្សែទឹកហូរ នៅលើភពព្រះអង្គារ៍។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ ពីរបាយការណ៍ មានឈ្មោះថា Nature Geoscience របស់អង្គការ ណាសា ដែលបានធ្វើឡើង កាលពីថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា កន្លងទៅនេះ បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញ នូវខ្សែទឹកហូរមួយ ដែលជាប្រភេទទឹកប្រៃ ហើយហូរទៅតាមវដ្តរដូវ។ ម្យ៉ាងវិញទៀត វាក៏ជាគន្លឹះមួយ ដែលអាចបញ្ជាក់បានថា ភពព្រះអង្គារ៍មួយនេះ អាចមានសារធាតុសំខាន់ៗ មួយចំនួន ដើម្បីទ្រទ្រង់ជីវិត មនុស្ស និងសត្វ។

បើតាមការបញ្ជាក់ ពីរបាយការណ៍ បានឲ្យដឹងទៀតថា ការប្រទះឃើញបែបនេះ គឺមានឡើងបន្ទាប់ ពីអង្គការណាសា បានប្រើប្រាស់ យានអវកាស Mars Reconnaissance Orbiter ដើម្បីស្រាវជ្រាវក្នុង គម្រោងមួយ ឈ្មោះថា RSL ដែលជាការរុករក វត្ថុ និង រឿងរ៉ាវអាថ៍កំបាំង នៅតំបន់ជួរភ្នំ ស្ថិតនៅលើ ភពព្រះអង្គារ ហើយក្នុងនោះ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានកត់សំគាល់ឃើញថា មានខ្សែទឹកហូរ បាននិងកំពុងហូរកាត់ ចង្កេះភ្នំ នៅទីនោះ ដែលនេះជាការរកឃើញ ដ៏ថ្មីស្រឡាងមួយ។


រូបភាពខ្សែទឹកហូរ ដែលកំពុងហូរកាត់ចង្កេះភ្នំ នៅលើភពព្រះអង្គារ

បន្ថែមពីនេះទៀត ក្រុមអ្នកវិទ្យាសាស្ត្រ ជំនាញផ្នែកផែនដីវិទ្យា និងបរិយាកាស នៃវិទ្យាស្ថានបច្ចេកវិទ្យា Georgia របស់សហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹងថា ពួកគេបានរកឃើញ ភ័ស្តុតាង ថាខ្សែទឹកហូរនោះ គឺជាប្រភេទទឹក ដែលមានលាយ ជាតិអំបិល សារជាតិម៉ាញេស្យ៉ូម និងសូដ្យូម ជាដើម ហើយសារធាតុទាំងនេះ គឺអាចបញ្ចុះចំនុចកករបស់ទឹក ដែលអាចឲ្យវាហូរបាន បើទោះបីជាមានសីតុណ្ហភាព ត្រជាក់ខ្លាំង យ៉ាងណាក៏ដោយ។

ការប្រទះឃើញថ្មីមួយនេះ បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រ មានការចាប់អារម្មណ៍ ជាខ្លាំង ព្រោះថា កាលពីមុន ពួកគេអាចដឹងថា មានតែផ្ទាំងទឹកកកធំៗ យ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្ត្រ ជាពិសេស តារាវិទូ នៅតែមានចម្ងល់ ជាច្រើន ជុំវិញរឿងរ៉ាវមួយនេះ ដោយពួកគេ មិនទាន់ដឹង នៅឡើយថា តើខ្សែទឹកហូរនោះ មានប្រភព មកពីណា និងមិនដឹងថា តើទឹកនោះកើតចេញ ពីស្រទាប់ នៅខាងក្រោមដី ឬក៏ចេញមកពី ការរលាយទឹកកក រួមទាំងចម្ងល់ ជាច្រើនទៀត។

យ៉ាងណាមិញ ការរកឃើញមួយនេះ គឺជារឿងដ៏ល្អប្រសើរ ចំពោះអ្នកវិទ្យាសាស្ត្រ ក្នុងការអនុវត្តទៅលើ គម្រោងនាំយកមនុស្ស ទៅរស់នៅ លើភពព្រះអង្គារ៍ នាពេលអនាគត៕

ទិដ្ឋភាពមួយចំនួនទៀត នៅលើភពព្រះអង្គារ៖





ប្រភព៖ HuffingtonPost

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]