-មន្ទីរកសិកម្មអះអាងថា កន្ទក់មិនអាចថ្លៃជាង ស្រូវបានជាដាច់ខាត

ភ្នំពេញ៖ ក្រុមប្រជាកសិកររស់នៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងខេត្តបាត់ដំបង បានរអ៊ូរទាំថា តម្លៃស្រូវដែលប្រមូលផល ក្នុងរដូវប្រាំងនេះ មានតម្លៃថោកជាងកន្ទក់ ទៅទៀត ដែលវាមិនសក្តិសមទៅកម្លាំងពលកម្ម ញើសឈាមរបស់ប្រជាកសិករខ្មែរ ។ តែអជ្ញាធរភូមិស្រុកអះអាងថា នេះបណ្តាលមកពីឈ្មួញ ទំលាក់តម្លៃថោក បណ្តាលឲ្យប្រជាកសិករបាក់ទឹកចិត្ត ។

ប្រជាកសិករខ្មែរ ក្នុងចំណោមប្រជាកសិករជាច្រើន រយគ្រួសារ ឈ្មោះ ពៅ នៅភូមិបល្ល័ង្គ ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទថា ប្រជាកសិករគ្រប់ភូមិ គ្រប់ស្រុក ក្នុងខេត្តកំពង់ធំ កំពុងពិបាកចិត្តរឿងតម្លៃស្រូវ ដែលធ្វើក្នុងរដូរប្រាំងឆ្នាំនេះ ទទូលបានផលមក មានតំលៃ ថោកជាងរាល់ឆ្នាំ ពោលគឺថោកជាងតម្លៃកន្ទក់ទៅទៀត ដោយស្រូវក្នុងមួយគីឡូក្រាមបានតែ ៨០០រៀល រីឯតម្លៃកន្ទក់ដល់ជាង ១០០០រៀល ខណៈដែល ប្រជាកសិករ នាំគ្នាធ្វើស្រែបណ្តេញទឹកក្នុងរដូវប្រាំង តាំងពីខែវិច្ឆិកា ដែលរយៈពេលនេះពួកគេ កំពុងប្រមូលផលជាបណ្តើៗ តាមភូមិស្រុករៀងៗខ្លួន ។

ប្រជាកសិកររូបនោះនិយាយថា “ ស្រូវថោកជាងកន្ទក់ទៀតឆ្នាំនេះ វាមិនសមនឹងថ្លៃទិញពូជ ថ្លៃទិញជី កម្លាំងពលកម្ម ធ្វើឲ្យប្រជាកសិករ ក្នុងភូមិបាក់ទឹកចិត្ត និងធ្វើឲ្យស្រូវស្ទះពេញហ្នឹង ព្រោះឈ្មួញបន្ទាបតំលៃឲ្យថោកជាងកន្ទក់” ។

ប្រជាកសិករូបនោះបន្តថា នៅក្នុងឆ្នាំនេះស្រូវស្ងួត ក្នុងមួយគីឡូក្រាមមានតំលៃត្រឹមតែ ៨៣០រៀល ស្រូវសើមតំលៃ ៧០០រៀល រីឯកន្ទក់រោងម៉ាស៊ីនតូចមានតម្លៃ មួយគីឡូ៩០០រៀល និងកន្ទក់រោងម៉ាស៊ីនធំ តម្លៃរហូតទៅដល់ ១១០០រៀល ដែលតម្លៃនេះខុសពីរាល់ឆ្នាំ ដែលស្រូវថ្លៃថ្លៃជាងកន្ទក់ ។

រីឯប្រជាកសិករ ឈ្មោះ សុខ រស់នៅក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបងវិញដែរនោះ បានប្រាប់ឲ្យដឹងថា ប្រជាកសិកនៅបាត់ដំបង ក៏ជួយបញ្ហាតំលៃ ស្រូវថោកជាងកន្ទក់ផងដែរ។ ប្រជាកសិករបានអំពាវនាវឲ្យ រាជរដ្ឋាភិបាលពិនិត្យលើបញ្ហានេះ ព្រោះប្រជាកសិករពឹងផ្អែកតែ លើស្រូវស្រែចំការនេះហើយ។

ជាមួយគ្នានេះលោក ជាម ច័ន្ទសោភណ្ឌ ប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបង បានអះអាងវិញផងដែរថា មិនមានទេករណីដែលតម្លៃកន្ទក់ថ្លៃជាងស្រូវ ។ លោកថា តំលៃស្រូវស្ថិតនៅដដែល ។

លោកថា “មិនដែលស្រូវថោកជាងកន្ទក់ទេ មកពីប្រជាកសិករចង់បានតម្លៃកាន់ថ្លៃ។ មិនមានករណីទេ បើមានមែនក្នុងនាមក្នុងខ្ញុំ ជាប្រធានមន្ទីរខ្ញុំប្រមូលទិញ ទាំងអស់ ” ។

លោកបន្តថា បច្ចុប្បន្នប្រជាកសិករ មានជីវភាពធូរធារដោយសារការ ធ្វើស្រូវជាច្រើនសារក្នុងមួយរដូវ ដែលខេត្តបាត់ដំបងជាខេត្ត ជង្រុកស្រូវនៅប្រទេសកម្ពុជា ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]