សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ មានរបាយការណ៍ជាច្រើន បានបញ្ចេញអំពីដំណឹង ដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលទាក់ទង នឹងក្រុមហ៊ុន Apple កំពុងសម្ងំ ផលិតរថយន្តអគ្គិសនី ដ៏ថ្មីស្រឡាង ហើយគ្រោងនឹងបញ្ចេញ នាប៉ុន្មានឆ្នាំ ខាងមុខនេះ។

យោងតាមប្រភព សារព័ត៌មានអង់គ្លេស DailyMail ដែលបានដកស្រង់ ចេញពីប្រភពរបាយការណ៍ ជាច្រើន បានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងតម្លើងនូវចំនួន នៃវិស្វករ ដើម្បីធ្វើការ ទៅលើគម្រោងមួយ ហៅថា "Titan" ដើម្បីផលិតប្រភេទរថយន្តអគ្គិសនី ថ្មីមួយប្រភេទ ដែលវាអាច នឹងត្រូវបង្ហាញខ្លួន ក្នុងអំឡុង ឆ្នាំ២០១៩។


គំរូនៃម៉ូដរថយន្តអគ្គិសនី ដែលត្រូវបានគេ ព្រាងទុក

យ៉ាងណាមិញ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ ក្រុមហ៊ុន Apple បានចេញសេចក្តីថ្លែងការណ៍ បដិសេធចំពោះ របាយការណ៍ទាំងនោះ ដោយបានបញ្ជាក់ថា ព័ត៌មានទាំងនោះ គឺគ្មានប្រភពច្បាស់លាស់។ ក្នុងនោះដែរ Apple ក៏បានលើកឡើងថា រថយន្តអគ្គិសនី ដែលមានសមត្ថភាព ក្នុងការបញ្ជា ដោយខ្លួនឯងនោះ គឺជាគម្រោង ដ៏វែងឆ្ងាយមួយ របស់ក្រុមហ៊ុន ប៉ុន្តែសម្រាប់ការបង្កើត នូវរូបរាង នៃរថយន្តប្រភេទនោះ កំពុងស្ថិតនៅក្នុង ការពិចារណា ដែលត្រូវការ រយៈពេលយូរ។

បើទោះជាមានការបដិសេធ យ៉ាងណាក្តី ក៏អ្នកជំនាញភាគច្រើន នៅតែជឿជាក់ថា ក្រុមហ៊ុន Apple កំពុងតែរៀបចំគម្រោង ផលិតនូវរថយន្តរបស់ខ្លួន ដោយសំអាងថា ប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុន Apple បានកោះហៅ ក្រុមវិស្វករ ជាច្រើននាក់ ដែលមានជំនាញ ផ្នែករថយន្ត និងផលិតធុងអាគុយ ឲ្យមកធ្វើការ ក្នុងក្រុមហ៊ុនខ្លួន រួចទៅហើយ។

ទាំងនេះគឺជារបាយការណ៍ថ្មីមួយទៀត ទាក់ទងទៅនឹង អនាគតនៃប្រភេទរថយន្តអគ្គិសនី ដែលអាចបញ្ជា និងបើកបរ បានដោយខ្លួនឯង មិនចាំបាច់ ត្រូវការមនុស្ស ហើយវាក៏ជាដំណឹង ដ៏គួរឲ្យចាប់អារម្មណ៍ មួយផងដែរ៕



ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]