ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ដែល​ស្រវឹងស្រា​ជោក ហើយ​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូ​ឌី ទៅ​បុក​ស្ត្រី​​​ជិះ​កង់​ម្នាក់បណ្តាល​ឱ្យ​រង​របួស​ កាលពី​វេលា​ម៉ោង​០៥ និង២៩​នាទីល្ងាច​​ថ្ងៃ​ទី១៩ កញ្ញា កន្លង​មក ស្ថិត​នៅ​ចំណុច​​​​ត្រាវ​​ជូ ​ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅ​លូន ត្រូវ​​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ដោយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​ផង​ដែរ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​ខាងលើ​ឈ្មោះ​សូ ដា​ម៉ុន ហៅមុំ អាយុ​​៤១​ឆ្នាំ ជាអ្នក​ខេត្ត​កំពង់ចាម តែមកបើក​សម្អាង​ការ​នៅភូមិត្រពាំង​ព្រលិត ​ឃុំ​សន្តិ​ភាព ស្រុក​សំពៅលូន រយៈពេល​៥-៦ខែ ជិះ​រថយន្ត​ម៉ាក​អូ​ឌី ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-​7576 ។ ចំណែក​ឯស្ត្រីរងគ្រោះ​ឈ្មោះ​សុខ ឃាត​ អាយុ៤៣​ឆ្នាំ មានទីលំនៅក្នុង​ភូមិ​កើតហេតុខាងលើ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ខាងលើ​បើករថយន្ត​ពី​ទិស​ខាងលិច ទៅ​ខាងកើត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោក​ដោយ​បើក​រេ​ពេញ​ផ្លូវ ។ ពេល​នោះ​ស្រាប់តែ​គាត់​បាន​ជ្រុល​ទៅ​បុក​ស្ត្រី​ម្នាក់​កំពុង​ជិះ​កង់​ស្រប​ទិស​គ្នាបណ្តាល​ឱ្យ​រង​របួស​ តែ​គាត់​មិន​បាន​​ឈប់​រថយន្ត​មើល​នោះ​ទេ ក៏​បន្ថែម​ល្បឿន​ព្យាយាម​បើក​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​កាក់​រថយន្ត​នោះ​បាន​ភ្លាម​ៗ ។ ខណៈ​នោះ គេ​ឃើញ​ស្ត្រី​ខាងលើ​ចុះ​ពីលើ​រថយន្ត​ទាំង​ទ្រេតទ្រោត និង​ប្រើ​ពាក្យ​សម្តី​ជេរ​ប្រមាថ​ដោយ​ប្រទាញប្រទង់​ជាមួយ​សមត្ថ​កិច្ច​យ៉ាង​​ចាស់ដៃ ។

បច្ចុប្បន្ន​ ​ស្ត្រី​ខាងលើ​ត្រូវសមត្ថកិច្ច​​ទាក់ទង​​តាម​ទូរស័ព្ទដៃ​ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​​ តែត្រូវស្ត្រី​នោះ​និយាយថា ​ថ្ងៃនេះឡើងទៅថៃ​ ដើម្បី​​ព្យា​​បាល​ជំងឺ មិនបានមកទេ​​ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]