ភ្នំពេញ៖ កាលពីរាត្រី ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ នៅទីក្រុងសេអូល ប្រទេសកូរ៉េ បានរៀបចំកម្មវិធី ប្រគំតន្ត្រី មួយ ដែលមានឈ្មោះថា« U+Cambodia Dream concert» ដោយបានបង្ហាញ វត្តមានកំពូល តារាចម្រៀងស្រី របស់ប្រទេសកម្ពុជា គឺកញ្ញា មាស សុខសោភា កញ្ញា ឡោម លក្ខិណា ឌីជេក្ដិប និង តារាចម្រៀង ពូកែស្រែក លោក ឆាយវិរៈយុទ្ធ ដែលជាព្រឹត្តិការណ៍មួយ មានគោលបំណងផ្ដោតសំខាន់ ធ្វើការរៃអង្គាសថវិកា ដើម្បីមកជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា នៅក្នុងប្រទេសកម្ពុជា។

កាន់តែកក្រើកនិងពិសេសជាងនេះទៅទៀត ក្រៅពីវត្តមានតារាចម្រៀងទាំងអស់លើវេទិកាតន្ត្រីធ្វើទស្សនិកជនសប្បាយ រីករាយហើយនោះ វត្តមានអ្នកនាង មាស សុខសោភា ក៏បានអង្រួនឆាកឲ្យរង្គើ តាមរយៈបទចម្រៀង មួយចំនួនដែល នាងបានបកស្រាយ ។

វត្តមានតារាចម្រៀងល្បីៗ របស់កម្ពុជា ទៅសម្ដែងនៅក្នុងប្រទេសកូរ៉េលើកនេះ មិនត្រឹមតែទៅសម្ដែង និងបង្ហាញ មុខមាត់ ជូនពលករខ្មែរ នៅកូរ៉េឲ្យបានទស្សនាសប្បាយរីករាយនោះទេ តែជាព្រឹត្តិការណ៍ រៃអង្គាសថវិកា ដើម្បី មកជួយមន្ទីរពេទ្យ គន្ធបុប្ផា ដែលកំពុងដង្ហើយរកជំនួយ ព្រោះមន្ទីរពេទ្យមួយនេះ កាន់តែខ្សោះថវិកាទៅៗ ឈានទៅ រកការប្រកាសអាសន្ន ជារឿយៗផងដែរ ។

ប្រភពពីពលករខ្មែរ នៅប្រទេសកូរ៉េ លោកវិចិត្រ បាននិយាយឲ្យដឹងថា លោកសប្បាយចិត្ត និងរំភើបណាស់ ពេល បានជួបតារាចម្រៀងខ្មែរ នៅលើទឹកដីគេបែបនេះ ទោះជាលោកនៅប្រទេសខ្មែរ ក៏ពិបាកនឹងជួបពួកគេដែរ តែពេលនេះ ពិតជារំភើបមែនទែន។ ក្រៅពីនេះ លោកក៏បានជួយជាថវិកាមួយចំនួន ដើម្បីរួមចំណែកជាមួយសង្គម ផងដែរ។
តារាចម្រៀងទាំងអស់ នឹងវិលត្រឡប់មកកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងនាំយកថវិកា ដែលបាន ពីការ ប្រគំតន្ត្រី យកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ព្រោះការប្រគំតន្ត្រីមានមនុស្សមើលជាច្រើន ហើយជាជោគជ័យយ៉ាង ធំធេងសម្រាប់អ្នកទាំងអស់គ្នា ។

ជាការពិត តារាចម្រៀង មាស សុខសោភា ត្រូវបានគេសង្កេតឃើញថា នាងនៅតែលេចធ្លោ ជាមួយការងារសង្គម ជាងតារាចម្រៀងនានា មិនថា ការការពារព្រៃឈើ ជួយជនរងគ្រោះ ជួយមន្ទីរពេទ្យគន្ធបុប្ផា ជួយដល់កុមារកំព្រា តែមានមុខនាងបង្ហាញរហូត ។ នេះក៏ជាចំណែកមួយ ធ្វើឲ្យនាងកាន់តែលេចធ្លោទ្វេដង ។ ប៉ុន្តែ មាស សុខសោភា ធ្លាប់បាននិយាយថា នាងល្បីមុនពេលធ្វើសកម្មភាពសប្បុរធម៌ទៅទៀត ដូចនេះគ្មានហេតុផលថា នាងធ្វើសកម្មភាព ទាំងនេះដើម្បីមុខមាត់ល្បីនោះទេ ហើយបានបញ្ជាក់គោលការណ៍ ច្បាស់ណាស់ថា សកម្មភាពនេះ មិនពាក់ព័ន្ធ នឹងនយោបាយអ្វីទាំងអស់ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា