ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន៥នាក់ ដែលត្រូវបានកម្លាំងនគរបាល ខណ្ឌដង្កោ ចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ ក្នុង នោះមានជនសង្ស័យពីរនាក់ ធ្លាប់ធ្វើសកម្មភាពប្លន់អ្នកជិះម៉ូតូកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង៤និង៥០នាទីទាបភ្លឺ ស្ថិតនៅ ក្បែរសួនកំសាន្ដចំការព្រីង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលជនសង្ស័យទាំងពីរនាក់នេះ ស្ថិតក្រោមការស្រាវជ្រាវ របស់កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។

យោងតាមមន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះជា សុខណាក់ អាយុ២៧ឆ្នាំ មានតួនាទី ជាមន្ដ្រី អាវុធហត្ថចល័ត ស្នាក់នៅផ្ទះគ្មានលេខ ភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដោយដកហូតអាវុធខ្លីមួយដើម ម៉ាក កា៥៤ មានគ្រាប់៣ នៅក្នុងបង់ ។ ដោយឡែកជន សង្ស័យទី២ មានឈ្មោះឡេង ប៊ុនថន ហៅ ត្រង់ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ ហើយជននេះ ជា អ្នកប្រមូលបក្ខពួកជក់គ្រឿងញៀន។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកជួន ណារិន បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះ ធ្លាប់ធ្វើសកម្មភាពប្លន់ កាលពីវេលាម៉ោង៤ និង៥០នាទីទាបភ្លឺថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅក្បែរសួន កំសាន្ដចំការព្រីង ដោយប្លន់ជនរងគ្រោះម្នាក់ កំពុងជិះម៉ូតូម៉ាកស្កុបពី ពណ៌ ផ្កាឈូក ស៊េរី ២០១១។

លោកបានបន្ដថា ខណៈជនរងគ្រោះកំពុងជិះម៉ូតូស្រាប់តែជនសង្ស័យទាំងពីរ ទៅជិះម៉ូតូកៀឱ្យជនរងគ្រោះឈប់ ហើយឈ្មោះណាក់ ដែល អង្គុយខាងក្រោយដកកាំភ្លើងពីចង្កេះ បាញ់ទៅលើជនរងគ្រោះ ប៉ុន្ដែមិនផ្ទុះ ពេលនោះជនរងគ្រោះភ័យរត់ចោលម៉ូតូ រួច ហើយឈ្មោះឡេង ប៊ុនថន បានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ ត្រូវ បានកម្លាំងនគរបាលរបស់លោក បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

Photo by DAP-NEWS

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]