ខេត្តកណ្តាល ៖ មន្ត្រី​​កង​រាជ​អាវុធ​​ហត្ថ​ក្រុង​​តា​ខ្មៅ​ម្នាក់​ បាន​ត្រូវ​​ប៉ូលិស​​ឃាត់​ខ្លួន​​ កាល​ពី​ព្រឹក​ថ្ងៃទី​​៣១ កក្កដា ​បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​​​ពី​នារី​​​បម្រើ​ការ​ងារនៅ​ហាង​​​ខារ៉ាអូខេ​យីហោ​ហុងកុង​​ ក្រុង​តាខ្មៅ ប្តឹង​ចោទប្រកាន់​​​ថា មន្ត្រី​ប៉េអឹម​​រូប​នេះ​​ និង​មិត្ត​ភក្តិ​​ម្នាក់​ទៀត​​បាន​ចាប់​បង្ខំ​នាង​រំលោភ​​​សេព​សន្ថវៈ​​ម្តង​ម្នាក់​ កាល​ពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​៣១​ កក្កដា​ នៅ​ក្នុង​បន្ទប់​​ផ្ទះ​ជួល​របស់​នាង​​​​នៅ​សង្កាត់​​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ ។​

ប្រភព​ពី​មន្ត្រី​​ប៉ូលិស​​​ឱ្យ​ដឹងថា ​ជន​ដែល​ត្រូវ​​​ចាប់​ខ្លួន​ឈ្មោះ ​អឿន​​ សំអុល ភេទប្រុស អាយុ​២៨​ឆ្នាំ​ ជាមន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​តាខ្មៅ ស្នាក់​នៅ​ផ្ទះ​ជួល​​ជាប់​ជាមួយ​​នារី​រង​គ្រោះ​ដែរ​ ។ ចំណែ​ក​បុរស​ម្នាក់​ទៀត​​ដែល​បាន​​រត់​គេច​ខ្លួន​​មិន​​ទាន់​ស្គាល់​អត្តសញ្ញាណ​​ច្បាស់​លាស់​ តែ​គេ​ស្គាល់​ថា ឈ្មោះ​ម៉ៅ អាយុ​​​ប្រហែល​​២៨​​​ឆ្នាំ​​​ ជា​កម្មករ និង​ស្នាក់​នៅ​​ផ្ទះ​ជួល​ជាមួយ​ឈ្មោះ អឿន​ សំអុល​។

តាម​ពាក្យ​បណ្តឹង​​​របស់​នារី​រង​គ្រោះ​ឱ្យ​ដឹងថា បន្ទាប់​ពី​ត្រឡប់​មក​ពី​​បម្រើ​ការងារ​​វិញ​ មក​ដល់​ផ្ទះ​​នា​វេលារំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី​​​៣១ ​កក្កដា ​នាង​បាន​ជ្រុុះ​បាត់​​កូន​សោ​បន្ទប់​ផ្ទះ​ ពេល​នោះ​​​ក៏​បាន​ស្រែក​ហៅ​ឈ្មោះ អឿន សំអុល និង​ឈ្មោះ ម៉ៅ ដែល​ស្នាក់នៅ​​បន្ទប់​ជាប់​គ្នា​​ឱ្យ​មក​ជួយ​​គាស់​​ទ្វារផ្ទះ​ដើម្បី​ចូល ។ ក្រោយ​ពី​គាស់​​ទ្វារ​ផ្ទះ​រួច​ហើយ​ នាង​បាន​ចូល​ក្នុង​បន្ទប់ តែ​មិន​ទាន់​បាន​ដាក់​គន្លឹះ​ទ្វារ​ផង​ ស្រាប់​តែ​ឈ្មោះ​ម៉ៅ ចូល​មក​តាម​ក្រោយ ហើយ​ធ្វើ​សកម្មភាព​​ចាប់​នាង​រំលោភ​ទាំង​កំរោល​ ។ ពេល​នោះ​​គ្មាន​កម្លាំង​​​រើ​បម្រះ​ទេ​​ព្រោះ​នាង​ស្រវឹង​ និង​បាន​ស្រែក​ហៅ​ឱ្យ​គេ​ជួយ​​ដែរ​តែ​គ្មាន​អ្នក​ជិត​ខាង​ណា​ឮ​មក​ជួយ​ឡើយ ទើប​ឈ្មោះ​​ម៉ៅ​ រំលោភ​នាង​បាន​សម្រេច រួច​ចេញ​ពី​បន្ទប់​​នាង​បាត់​ទៅ ។ លុះ​បន្តិច​ក្រោយមក​ស្រាប់​​តែ​ឈ្មោះ អឿន​ សំអុល​ ចូល​មក​ក្នុង​បន្ទប់​​​របស់​នាង​​​ម្តង ហើយ​ធ្វើ​សកម្ម​ភាព​​​ចាប់​បង្ខំ​នាង​រំលោភ​​រហូត​បានសម្រេច​​ ទើប​ចេញ​ទៅ​បាត់​​ ។ មួយ​​សន្ទុះ​ក្រោយ​មក​ឈ្មោះ អឿន​ សំអុល​ ក៏​ចូល​​មក​ចាប់​នាង​​រំលោភ​​ម្តង​ទៀត​រួច​ហើយ​ក៏​ចេញ​ទៅ​បាត់​ដែរ ។

នារី​រង​គ្រោះ​​​បាន​ឱ្យ​ដឹងថា ​ភ្លាម​​​ៗនោះ​នាង​មិន​ហ៊ាន​​មក​ប្តឹង​​​សមត្ថកិច្ច​​ទេព្រោះ​​ជា​ពេល​យប់​​​ ម្យ៉ាង​ទៀត​​ឈ្មោះ ម៉ៅ​ បាន​​វាយ​នាង​​​២ទៅ​៣​ដៃ​ និង​គំរាម​មិន​ឱ្យ​​ស្រែក​ព្រម​ទាំង​យក​ទូរស័ព្ទ​ដៃ​របស់​នាង​​មួយ​គ្រឿង​​​ទៀត​ផង ​លុះ​ព្រឹក​​ឡើង​ទើប​នាង​សម្រេច​ចិត្ត​​មក​ប្តឹង​ប៉ូលិស​ឱ្យ​ជួយ​រក​​យុត្តិធម៌​​ឱ្យ​។ នារី​រង​គ្រោះ​បញ្ជាក់​ថា ​កន្លង​មក​​ឈ្មោះ ម៉ៅ នេះ​ធ្លាប់​​និយាយ​ឌឺ​ដង​​ជាមួយ​នាង​​ញឹក​ញាប់​​ក្នុង​ន័យ​សុំ​នាង​រួម​រ័ក ប៉ុន្តែ​នាង​មិន​យល់​ព្រម​ ។​

ចំពោះ​​ការ​ចោទ​ប្រកាន់​​នេះ​បុរស​ឈ្មោះ​អឿន​​ សំអុល ដែល​ត្រូវ​ឃាត់​ខ្លួន​​បាន​ឆ្លើយ​​បដិសេធ​​ថា ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​​ទេ​ ប៉ុន្តែ​ចំពោះ​​ឈ្មោះ ម៉ៅ​ដែល​ស្នាក់​នៅ​​បន្ទប់​​ជាមួយ​ខ្លួននោះ​ប្រព្រឹត្ត​​យ៉ាង​ណា​ខ្លួន​មិន​ដឹង​ទេ គឺក្រោយ​ពី​ខ្លួន​​ជួយ​គាស់​​ទ្វា​ផ្ទះនាង​​រួច​ហើយ​ ខ្លួន​​​​​បាន​ចូល​ក្នុង​បន្ទប់​​សម្រាក​​មិន​ចេញ​ទៅ​ណា​ឡើយ ។ ឯ​ឈ្មោះ ម៉ៅ ក្រោយ​ពី​​ជួយ​គាស់​ទ្វារ​​ផ្ទះ​នាង​​មួយ​សន្ទុះ​​ក្រោយ​​មក​ទើប​​ចូល​មក​ដេក​​ដែរ ។

បើ​ទោះ​ជាបែបណា​ក្តី​ប៉ូលិស​​សន្និដ្ឋាន​ថា ឈ្មោះ​ ម៉ៅ ពិត​ជា​បាន​ប្រព្រឹត្ត​​ដូចការ​​ចោទ​ប្រកាន់​​​​របស់​នារី​រង​គ្រោះ​មែន​ព្រោះ​ក្រោយ​ពី​ប្រព្រឹត្ត​​ហើយ​បាន​ព្យាយាម​​​រត់​គេច​ខ្លួន ។ រីឯ​ឈ្មោះ អឿន​​​ សំអុល​​ត្រូវ​បាន​កសាង​សំណុំ​រឿង​​​ចាត់​ការ​​តាម​ផ្លូវច្បាប់​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]