អាមេរិក៖ កាលពីឆ្នាំ ១៩៦១ អ្នកស្រី Betty Hill និងលោក Barney Hill ធ្លាប់បានអះអាងប្រាប់ដល់អ្នកជំនាញខាងវិទ្យាសាស្ត្រជាច្រើនថា ពួកគាត់ទាំងពីរនាក់ ត្រូវបានចាប់ពង្រត់ ដោយពួកមនុស្សភពផ្សេង (Aliens) ប៉ុន្តែមិនមាននរណាម្នាក់ជឿលើពាក្យសំដីរបស់ពួកគាត់ឡើយ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Mirror របស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០១៥ ម្សិលមិញ។


រូបថត អ្នកស្រី Betty Hill និងប្តី លោក Barney Hill

នៅពេលថ្មីៗនេះ លោក David Saunders អ្នកជំនាញខាងស្ថិតិ បានថ្លែងថា អ្វីដែលអ្នកស្រី Betty Hill ធ្លាប់អះអាងកាលពីមុននោះ ទំនងអាចជាការពិតមែន។ យ៉ាងណាមិញ ត្រឡប់ទៅកាលពីឆ្នាំ ១៩៦១ អ្នកស្រី Betty Hill និងប្តីធ្លាប់បានអះអាងថា ខ្លួន​ពិតជាត្រូវមនុស្សភពផ្សេងចាប់ពង្រត់យកទៅ និងថែមទាំងដឹងពីរូបរាងរបស់ប្រព័ន្ធផ្កាយ ដែលពួកភពផ្សេងនោះ ស្ថិតនៅទៀតផង។ ការអះអាងនេះ អ្នកស្រី Betty បានគូរនូវគំនូរព្រាងផែនទីផ្កាយ ជាសម្អាងដើម្បីបង្ហាញ ទៅតាមអ្វីដែលអ្នកស្រីចងចាំ ប៉ុន្តែផ្ទុយទៅវិញ កាលពីជំនាន់នោះ មិនមានអ្នកជំនាញណាម្នាក់ស្គាល់ ឬជឿថាមានប្រព័ន្ធផ្កាយ ដូចការគូរវាសឡើងរបស់អ្នកស្រី Betty Hill ឡើយ។

លោក David Saunders អ្នកជំនាញខាងស្ថិតិ បាននិយាយថា អ្វីដែលអ្នកស្រី Betty Hill បានគូរ ពិតជាមានមែន ហើយវាជាប្រព័ន្ធកញ្ចុំផ្កាយមួយឈ្មោះ Zeta Reticuli ស្ថិតនៅភាគខាងត្បូងក្នុងតារានិករ របស់ Reticulum។ អ្នកជំនាញដដែលនេះ បានបន្តថា វាមិនអាចទៅរួចទេ ដែលនៅសុខៗ អ្នកស្រី Betty អាចគូរវាសចេញជាផែនទីផ្កាយបានដូចនេះ។


ផែនទីផ្កាយ គូរដោយអ្នកស្រី Betty Hill បង្ហាញដល់អ្នកជំនាញ

គួររំលឹកដែរថា ប្តីប្រពន្ធមួយគូនេះ ជាអ្នករស់នៅទីក្រុង New Hampshire នៃសហរដ្ឋអាមេរិក បានព្យាយាមបញ្ជាក់ប្រាប់ហេតុការណ៍ ត្រូវមនុស្សភពផ្សេងចាប់ពង្រត់ តែគ្មានអ្នកជឿ។ អ្នកស្រី Betty បានស្លាប់កាលពីឆ្នាំ២០០៤ ប៉ុន្តែគេនៅចងចាំការរៀបរាប់របស់គាត់បាន ដោយអ្នកស្រីធ្លាប់បាននិយាយថា៖ «ខ្ញុំត្រូវបាននាំឡើងទៅលើយាន។ ប្តីខ្ញុំ Barney ត្រូវគេនាំយកចូលទៅក្នុងបន្ទប់មួយ ឯខ្ញុំត្រូវគេនាំចូលបន្ទប់មួយផ្សេងទៀត។ មានមនុស្សភពផ្សេងម្នាក់ ជាអ្នកធ្វើតេស្តលើរាងកាយរបស់យើង ហើយយើងហៅម្នាក់នោះថា អ្នកត្រួតពិនិត្យ (Examiner)»។

អ្នកស្រីបន្តរៀបរាប់ទៀតថា៖ «ចាប់ផ្តើមដំបូង ពួកមនុស្សភពផ្សេង យកខ្ញុំទៅដាក់នៅលើកៅអីម្យ៉ាង រួចពួកគេចាប់ផ្តើមពិនិត្យមើល ភ្នែក ត្រចៀក ច្រមុះ បំពង់ក។ បន្ទាប់មក ពួកគេយកខ្ញុំទៅដាក់នៅលើតុមួយ ចង់ឆែកមើល ប្រព័ន្ធសរសៃប្រសាទរបស់ខ្ញុំ»។ អ្នកស្រី Betty រៀបរាប់បន្ថែមទៀតថា៖ «បន្ទាប់មក ពួកគេព្យាយាមយករបស់ស្រួចម្យ៉ាង មើលទៅរូបរាងស្រដៀងម្ជុល យកមកចាក់ត្រង់ ផ្ចិតរបស់ខ្ញុំ ធ្វើឲ្យខ្ញុំមានអារម្មណ៍ឈឺចុកចាប់ តែពេលឃើញខ្ញុំឈឺដូចនេះ ពួកគេក៏ឈប់។ ចំណែក Barney ក៏ត្រូវពួកមនុស្សភពផ្សេងធ្វើតេស្តដូចខ្ញុំដែរ លើកលែងតែមួយ ត្រង់ថាប្តីខ្ញុំ គាត់ត្រូវពួកមនុស្សភពផ្សេង ចាប់អារម្មណ៍លើទ្រង់ទ្រាយឆ្អឹងរបស់គាត់»។

អ្នកស្រី Betty ថែមទាំងបានប្រាប់ឲ្យដឹងទៀតថា គាត់បានជួបមេ របស់ពួកមនុស្សភពផ្សេងទៀតផង។ អ្នកស្រីនិយាយថា៖ «ខ្ញុំបានសួរទៅគេថា ខ្ញុំដឹងថាអ្នកមិនមែនរស់នៅលើភពផែនដីនេះទេ តើអ្នកមកពីទីណាវិញ? មេមនុស្សភពផ្សេងនោះ បានបង្ហាញខ្ញុំឲ្យឃើញផែនទីផ្កាយមួយ ដូចជាចង់ឲ្យខ្ញុំយល់ថា វាជាទីកន្លែងដែលពួកគេធ្វើដំណើរមក»។


ផែនទីផ្កាយពិតប្រាកដ ដែលមានមែន គូរដោយអ្នកជំនាញ

គួរបញ្ជាក់ឲ្យដឹងថា ផែនទីផ្កាយ គំនូសព្រាង ដូចបានលើកឡើងខាងលើ មិនមែនជាការគូរទុកមុន របស់អ្នកស្រី Betty ឡើយ តែគាត់បានគូរ នៅពេលដែលអ្នកជំនាញ ប្រើវិធីសណ្តំម្យ៉ាងដែលភាសាអង់គ្លេសហៅថា៖ “Hypnosis”៕


រូបថត អ្នកស្រី Betty និងប្តី ថតឆ្នាំ ១៩៥១

តើប្រិយមិត្ត ជឿលើសំដីរបស់គាត់ ដែរឬទេ?

ប្រភព៖ Mirror

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]