ខេត្តស្វាយរៀង ៖ អ្នក​លេង​២​ក្រុម​ដេញ​វាយ​កាប់​​ចាក់​គ្នា​តាម​ផ្លូវ​ដូច​ក្នុង​​កុន​​ចិន​​ ចុង​ក្រោយ​​២​នាក់​របួស​ធ្ងន់​​ចូល​មន្ទីរ​ពេទ្យ​ និង​២​នាក់​ទៀត​ត្រូវ​​ចាប់​ខ្លួន ដោយ​ពួក​គេ​ប្រើ​ដាវ​​សាំមូរ៉ៃ និង​កាំបិត​ដេញ​កាប់​ប្រហារ​គ្នា​យ៉ាង​សាហាវ នៅ​ត្រង់​​ចំណុច​ផ្លូវ​លំ​មួយ​កន្លែង​​ ​ស្ថិត​​ក្នុង​ភូមិ​ធ្មល់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​​យប់​ថ្ងៃទី​​៣០ កក្កដា ២០១២ ។

​យុវជន​ចិន​ សុភ័ក្រ អាយុ​២៥​ឆ្នាំ ​មាន​ទី​លំនៅ​​ក្នុង​ភូមិ​​កើតហេតុ​ដែល​ត្រូវ​គេ​កាប់​ចំនួន​២​ដាវ​សាំមូរ៉ៃ បណ្តាល​ឱ្យ​រយះ​​ក្បាល​២​កន្លែង ​និង​​ដាច់​មេ​ដៃខាង​ឆ្វេង ហើយ​បាត​ដៃ​ដាច់​នៅ​សល់​តែ​ស្បែក​បន្តិច​ប៉ុណ្ណោះ ​បាន​និយាយ​ថា ​នៅ​យប់​កើត​ហេតុ​​រូប​គេ​ឃើញ​មិត្ត​ ភក្តិ​​ឈ្មោះ​អូន និង​បក្ស​​ពួក​២​នាក់​ទៀត​​ប្រកែក​គ្នា​​​ជា​មួយ​មនុស្ស​​២-៣​នាក់​ដែល​ជា​ អ្នក​​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា​រឿង​ហៅ «អា» ដោយ​ចេះ​តែ​ហៅ​មិន​ដឹង​គេ​បង​គេ​ប្អូន ហើយ​ការ​ប្រ​កែក​គ្នា​កាន់តែ​ខ្លាំង​​ឡើងៗ ។ ដោយ​ឃើញ​បែប​នេះ​​រូប​គេ​ក៏​ចូល​ទៅ​ឃាត់​​ ហើយ​ហៅ​​មិត្ត​ភក្តិ​ឈ្មោះ​អូន និង​បក្ស​ពួក​ឡើង​ជិះ​​ម៉ូតូ​​ត្រឡប់​ទៅ​​ផ្ទះ​​វិញ ដើម្បី​កុំ​ឱ្យ​មា​ន​​រឿង។ ​យុវ​ជន​ដដែល​​​បន្ត​ទៀត​​ថា បន្ទាប់​ពី​ពួក​គេ​ទាំង​៤​នាក់​​ជិះ​​ម៉ូតូ​២​គ្រឿង​ចេញពី​កន្លែង​​ប្រកែក​ គ្នា​​​នោះ​ស្រាប់តែ​​មក​​ដល់​ចំណុច​កើត​ហេតុ​​ខាង​លើ​ក៏​ត្រូវ​ឈ្មោះ​ឌាក់ និង​បក្ស​ពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​មក​ពី ក្រោយ​តាម​​ស្ទាក់​​ពី​មុខ​ម៉ូតូ ហើយ​ដក​ដាវសាំមូរ៉ៃ និង​កាំបិត​ពី​ក្នុង​ខ្លួន​ស្ទុះ​មក​កាប់​ប្រហារ​លើ​ពួក​គេ​តែ​ម្តង ទើប​​ពួក​គេ​វាយ​តប​ទៅវិញ បណ្តាល​ឱ្យ​​មាន​របួស​​ទាំង​សង​ខាង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]