ភ្នំពេញ៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បច្ចុប្បន្នស្ថិតក្នុងចំណោម ពិធីការិនីល្បីៗ របស់ទូរទស្សន៍បាយ័ន ដែលមានដូចជា សុខ សោម៉ាវត្តី, ស៊ឹម សូនីកា, ចន ច័ន្ទលក្ខិណា និង ហេង កែវនីតា ជាដើម។ ថ្មីៗនេះ មានប្រភពពីអ្នកសិល្បៈស្និទ្ធស្នាល លួចបង្ហើបប្រាប់ថា ពិធីការិនីតូចច្រឡឹង ហ៊ិន ច័ន្ទនីរ័ត្ន បានលួចភ្ជាប់ចំណងស្នេហា ជាមួយបុរសរូបសង្ហា វ័យប្រហែលគ្នាម្នាក់ អស់រយៈពេល ជិតពីរឆ្នាំមកហើយ។

ជាមួយរូបសម្ផស្ស ដ៏ស្រស់ផូរផង់គួរឲ្យគ្រឺតក្នាញ់ កញ្ញា ហ៊ិន ច័ន្ធនីរ័ត្ន កន្លងមកធ្លាប់លេចឮដំណឹងថា នាងជាបុប្ផាមួយទង មានកន្លង់គ្រប់ជាន់ថ្នាក់ តាមដាក់ពាក្យសុំធ្វើជាម្ចាស់បេះដូង មានទាំងមន្ត្រីធំ លោកឧកញ៉ា និងអ្នកជំនួញសម្បូរទ្រព្យទៀត តែត្រូវនាងបដិសេធ មិនព្រមទទួលយកនោះឡើយ។ ប៉ុន្តែថ្មីៗនេះ ទើបឮដំណឹងថា ហ៊ិន ច័ន្ធនីរ័ត្ន សម្ងំលួចលាក់ បង្កាត់ភ្លើងស្នេហ៍ ផ្អែមល្ហែមជាមួយបុរសវ័យប្រហែល គ្នាម្នាក់ដែល គេដឹងច្បាស់ថា ជាកូនមន្រ្តីធំ។

តាមប្រភពខាងលើ បាននិយាយថា ជាប្រចាំអ្នកទាំងពីរ តែងបានឆ្លើយឆ្លងភាសាស្នេហា តាមរយៈទូរស័ព្ទ និងបណ្តាញសង្គមហ្វេសប៊ុក ហើយថែមទាំងប្រើពាក្យអូន-បងស្តាប់ឮយ៉ាងពីរោះ តែនៅពេលអ្នកសិល្បៈដូចគ្នា សួរនាំនាង ហ៊ិន ច័ន្ធនីរ័ត្ន បែបជានិយាយ ជាបងប្អូនទៅវិញ។ ត្រង់ចំណុចនេះ អាចបញ្ជាក់ថា ហ៊ិន ច័ន្ធនីរ័ត្ន មានចេតនា ព្យាយាមលាក់បាំងការពិត ដើម្បីកុំឲ្យធ្លាក់ប្រជាប្រិយភាព និងការគាំទ្រ។

រហូតមកទល់ពេលនេះ ពុំទាន់មានការបំភ្លឺណាមួយ ឲ្យច្បាស់ពី កញ្ញា ហ៊ិន ច័ន្ធនីរ័ត្ន បាននៅឡើយទេ ខណៈគេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ មិនអាចភ្ជាប់ទំនាក់ទំនង តាមទូរស័ព្ទ ដើម្បីសួរនាំបន្ថែមនោះ។

ជាការកត់សម្គាល់ ចាប់តាំងពីតារាសម្តែង និងពិធីការិនីនាង ហ៊ិន ច័ន្ធនីរ័ត្ន បានល្បីឈ្មោះ នៅលើវិស័យសិល្បៈមកនោះជារឿយៗតែងលេចធ្លាយដំណឹង ស្នេហាបន្តបន្ទាប់ដោយក្នុងនោះ មានទាំងបុរសរស់ក្រៅស្រុក និងអ្នកមានអំណាច បុណ្យស័ក្តិខ្ពស់ខ្ពស់ រស់នៅក្នុងស្រុក។ ប៉ុន្តែទោះបីមានការទម្លាយ មកយ៉ាងដូច្នេះក៏ដោយ ក៏ពិធីការិនីទូរទស្សន៍បាយ័នរូបនេះ បានអះអាងថា ខ្លួនមិនជំពប់នឹង រឿងបែបនេះទេ។ ស្របពេលដែលបច្ចុប្បន្ន គេដឹងថា នាងមានសម្ព័ន្ធភាព ស្នេហ៍ជាមួយបុរសខាងលើ រយៈពេលជិត២ឆ្នាំមកហើយនោះ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី