ចិន៖ វាជារឿងដ៏អស្ចារ្យ និងមិនគួរឲ្យជឿមួយ ដែលនាពេលថ្មីៗនេះ មានការដាក់តាំងបង្ហាញ នូវរថយន្តថ្មី មួយប្រភេទ ដែលវាមានសមត្ថភាព អាចហោះហើរបាន ដូចជាឧទ្ធម្ភាគចក្រ មួយគ្រឿង អញ្ចឹងដែរ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា​ រថយន្តមួយប្រភេទ ដែលយើងធ្លាប់តែបានឃើញ នៅក្នុងខ្សែភាពយន្ត បែបវិទ្យាសាស្ត្រ ច្នៃប្រឌិតនោះ នាពេលនេះ វាបានក្លាយជាការពិតហើយ បន្ទាប់ពីមានការ ដាក់តាំងពិពណ៌ រថយន្ត ម៉ូដែល "Fighting Gazelle" នៅឯទីក្រុង Tianjin នៃប្រទេសចិន កាលពីសប្តាហ៍មុននេះ។

បើតាមការបញ្ជាក់ ពីក្រុមហ៊ុន "The Aviation Industry Corporation of China" ហៅកាត់ថា "AVIC" ដែលជាអ្នកផលិត រថយន្ត មួយប្រភេទនេះឡើង បានឲ្យដឹងថា "Fighting Gazelle" ត្រូវបានរចនារូបរាង បែបទាន់សម័យ និងមានភាព ទាក់ទាញ ហើយវាមានទម្ងន់ ប្រហែលជា ១០០គីឡូក្រាម ព្រមទាំងបំពាក់ មកជាមួយនូវ ស្លាបចក្រ ដែលអាចបត់បែន បានទៀតផង។

ម្យ៉ាងវិញទៀត វាត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយ ជាមួយនឹង ការធ្វើដំណើរ ដែលជួបប្រទះបញ្ហា ភូមិសាស្ត្រ ឬក៏មានការ រាំងស្ទះណាមួយ ក្នុងអំឡុងពេលបើកបរ ជាដើម។


រូបរាងទាំងមូល នៃរថយន្តប្រភេទ Fighting Gazelle ដែលអាចហោះបាន

លោក Hong Xiao នាយកផ្នែកការិយាល័យ នៃក្រុមហ៊ុន AVIC បានបន្ថែមថា «នៅពេលដែលអ្នក បើកបរជួបប្រទះ ស្ថានភាពផ្លូវខូច ឬក៏មានស្នាមប្រេះ អ្នកគ្រាន់តែ ចុចប៊ូតុង មួយប៉ុណ្ណោះ នោះរថយន្ត នឹងចាប់ផ្តើមហោះឡើង ជាមួយនឹង ស្លាបចក្រ របស់វា ដើម្បីឆ្លងកាត់ឧបសគ្គទាំងនោះ ហើយក្រោយមក អ្នកអាចចុះមកខាងក្រោម ជិះតាមបែបរថយន្ត ធម្មតាវិញបាន»។

ទោះជាយ៉ាងណាក៏ដោយ រថយន្តមួយប្រភេទនេះ មិនទាន់អាច សមស្របជាមួយនឹង ការធ្វើដំណើរ ក៏ដូចជា ការហោះឡើង ក្នុងរយៈចំងាយឆ្ងាយពេក ព្រមទាំង ការដឹកជញ្ជូនធ្ងន់ៗ នោះឡើយ តែខាងក្រុមហ៊ុន នឹងធ្វើការសិក្សា បន្ថែមទៀត ដើម្បីអភិវឌ្ឍន៏វា ឲ្យសមស្រប ទៅនឹងតម្រូវការ។ សម្រាប់តម្លៃ ព្រមទាំង ព័ត៌មានផ្សេងៗ ទាក់ទងនឹង ការដាក់លក់នោះ ក្រុមហ៊ុនមិនទាន់ ធ្វើការបញ្ជាក់ នៅឡើយទេ ពោលគឺថា អំឡុងពេលនេះ គ្រាន់តែជាការ ដាក់តាំងបង្ហាញ ជូនជាសាធារណៈ សិនតែប៉ុណ្ណោះ៕


ផ្នែកផ្សេងៗទៀត នៃរថយន្តប្រភេទមួយនេះ

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]