មនុស្ស​​ប្រុសក៏​មាន​ការ​លំបាក​មិន​ចាញ់​​​មនុស្ស​​​ ស្រី​ប៉ុន្មាន​​​ដែរ ព្រោះ​មនុស្ស​​ប្រុស​​គឺជា​ជំហរ​​ ជាបង្គោល​យ៉ាង​​​រឹងមាំ ​​សម្រាប់​​គ្រួសារ​  តែបើ​​សិន​​​មនុស្ស​ប្រុស​មិន​មាន​​​សមត្ថភាព​​​​​នៅ​ក្នុង​​ការ​​រក​ប្រាក់ ​​​ជួយផ្គត់​ផ្គង់​​គ្រួសារ​​បាន នារី​​ពិត​ជា​​​ពិបាក​​សម្រេច​​​ចិត្ត​​​ជ្រើសរើស​​​ជា​គូ​អនា គត​ ។ ពិសេស​​សម័យ​នេះ​​ជាសម័យ​​ទំនើប​​នៅ​​ពេល​​រៀប​ចំ​អាពាហ៍ពិពាហ៍​​​​​គឺត្រូវ ​​ចំណាយ​​ប្រាក់​អស់​​​ច្រើន​​​ណាស់​​​  ​ដូច្នេះ​ហើយ​បុរស​ដែល​ចង់​​រៀប​អាពាហ៍​ពិពាហ៍​​គឺត្រូវ​​តែរក​​​ប្រាក់​ ដើម្បី​​ចំណាយ​នៅក្នុង​ពិធី​របស់​ខ្លួន ​និង​ថ្លៃ​បង្គាប់​​​របស់​ឪពុក​​​​​ម្តាយ​ខាងស្រី​​យ៉ាង​​លំបាក​  ។

​មាន​​​យុវជន​ជា​ច្រើន​​ត្អូញ​ត្អែរ​​ពី​ការ​លំបាក​​​ ​​​ក្នុង​ការ​​រក​ប្រាក់​​សម្រាប់​​​រៀប​ការ។ ​​លោក​ភូ ភេង​ អាយុ​​២៨ឆ្នាំ  ​ដែល​ជា​អ្នក​រស់​​​​នៅ​សង្កាត់​​កោះ​​ដាច់​ និង​  មាន​​​មុខ​របរជាអ្នក​​​​​លក់​បាយ​​នៅផ្សារ កណ្តាល​​​ប្រាប់​កោះ​សន្តិភាព​​​កាលពី​​ថ្ងៃទី​៣០ តុលា​ថា លោក​មាន​​​បងប្អូន​​​ចំនួន​៧​នាក់​​​ ក្នុង​នោះ​ស្រី២នាក់ ​ចំណែក​​លោក​ជា​កូន​ទី​៣​​នៅក្នុងគ្រួសារ ។ ដោយសារ​តែ​ជីវភាព​​​ក្រីក្រ​​​​ពពេក​លោក​​បាន​សម្រេច​ចិត្ត​​​ឈប់​​សិក្សា​ ត្រឹម​ថ្នាក់​ទី​​៩​ ទៅធ្វើ​ការ​នៅ​​ខេត្ត​ព្រះ​សីហនុ​​  គឺ​​ធ្វើ​ជា​​​អ្នក​​ខាត់​ថ្នាំ​​រថ​យន្តឱ្យ​​​រលោង​ ។  បាន​​រយៈ​ពេល​១ឆ្នាំ​​ លោក​​​ត្រឡប់​មក​​​ភ្នំពេញ​​ធ្វើ​ជា​អ្នក​លក់​​បាយ​​ជាមួយ​ម្តាយ​មីងនៅ​​​ ផ្សារ​កណ្តាល ហើយ​បាន​ស្គាល់​នារី​ជា​អ្នក​អ៊ុតសក់​​ម្នាក់​ ។
លោក​ភូ ភេង បាន​ដាក់​ចិត្ត​ស្រឡាញ់​​​នារី​​នោះ​​​អស់​​​រយៈពេល​​៥ឆ្នាំ ហើយ​​​​​ក្នុង​រយៈ​​ពេល​​​​នោះ​ លោក​ខំ​​​សន្សំ​​​ប្រាក់​ទុកសម្រាប់​​រៀប​ការ​​ ។ ខាងស្រី​បង្គាប់​​​​​៥.០០០​​ដុល្លារ  ​ប៉ុន្តែ​ទោះ​​បី​ជាលោក​​ខំប្រឹង​សន្សំ​យ៉ាងណា​​​ក៏​មិន​បាន​គ្រប់​ឡើយ​ ​ព្រោះ​តែ​​ប្រាក់​​​​កម្រៃ​ដែល​​បាន​​នោះ​​គឺវាសឹង​តែមិន​គ្រប់​​ចាយ​​វាយ​ ​​ផង​ ជួន​កាល​​លោក​ឆ្លៀត​ជួយ​គ្រួសារ​ខ្លះ​​​ ព្រម​ទាំង​បង​់ថ្លៃ​​​រៀន​ជួសជុល​​ទូរស័ព្ទ​​​ដៃ​ ។ ​ឆ្លៀត​​​​ពេល​​នោះ លោក​​​ទៅ​​ធ្វើ​ជា​​​កម្មករ​​សំណង់​​ទៀត ​​តែមិន​​​បាន​សល់​ប្រាក់​​​​ច្រើន​​សម្រាប់​​ដណ្តឹង​​ប្រពន្ធ​​​​​ទេ ។ 

​យុវជន​​មួយរូប​ទៀត ឈ្មោះ​​​​រឹទ្ធ អាយុ​​២៥​​ឆ្នាំ រស់​នៅ​​ខេត្ត​បាត់​​ដំបង​ជានិស្សិត​​បាន​​ស្រ​ឡាញ់​​​នារី​​​​​ឈ្មោះ​ ស្រីស្រស់  ​ដែល​​រស់​នៅ​​​ផ្ទះ​ជិត​គ្នា ។  ​លោក​​​​​​ស្រឡាញ់​​នារីរូបនោះ​អស់​រយៈពេល​​​៨ឆ្នាំ​ ក៏ឱ្យ​ម្តាយ​​​​ចូល​ស្តីដណ្តឹង​​ទុក​​ ព្រោះ​​​​ខ្លាច​​មាន​​​គេ​ចូល​ស្តីដណ្តឹង​មុន​ តែ​ឪពុក​ម្តាយ​ខាង​ស្រី​​​បង្គាប់​​​​ជាង​​៥ពាន់​ដុល្លារ​​  ខណៈ​លោក​​​មិន​មាន​ប្រាក់​​​ច្រើន​យ៉ាងនេះ​ទេ ​ដូច្នេះ​​ហើយ​ឪពុកម្តាយ​​​​​ខាង​ស្រី​​​​​​​ក៏មិន​ព្រម​​​​ឱ្យដែរ​ និង​បាន​​​លើក​នាង​ឱ្យទៅ​​​អ្នក​ផ្សេង​ដែល​គេ​មាន​​​ប្រាក់​ជាង​លោក​ ។ ទោះបី​ជា​ដឹងថា​​​ លោក​​រឹទ្ធ​​​ និង​នារី​​នោះ​​​ស្រឡាញ់​គ្នា​​យ៉ាង​ណា​​ក៏ឪពុក​​ម្តាយ​ខាងស្រី​មិន​ឱ្យដែរ ព្រោះតែ​​រឿង​​គ្មាន​​ប្រាក់​ថ្លៃ​​បង្គាប់​​ ដូច្នេះ​​​​ខាង​ប្រុស​មាន​តែ​​ទ្រាំ​មើល​នារីដែល​ខ្លួនស្រឡាញ់​​រៀប​ការ​ ជាមួយ​អ្នក​ផ្សេង​ប៉ុណ្ណោះ ។ ​
​ដោយ​ឡែកបុរស​​ឈ្មោះ​​​​​ខែន អាយុ​​៣១ឆ្នាំ ស្រុក​​កំណើត​​​​នៅខេត្ត​​​ស្វាយ​រៀង  ​​សុខ​ចិត្ត​​​ចាកចេញ​​ពីស្រុក​កំណើត​​​ទៅរកប្រាក់​នៅឯ​ប្រទេស​​ថៃដើម្បី​យក ​លុយ​​មកចិញ្ចឹម​​​គ្រួសារ​​ និង​រៀបការ​ ។

​បុរសរូបនេះ​​​បាន​ឱ្យ​គូដណ្តឹង​​​​ចាំខ្លួន​​អស់​​ រយៈ​ពេល​​២​ឆ្នាំ ដើម្បី​​រក​ប្រាក់​​​​មក​រៀប​ការ​​ តែអស់​រយៈពេល​៣ឆ្នាំ​​ទៅ​​​ហើយ​លោក​​នៅតែ​សន្សំ​​ប្រាក់​​​​មិន​បាន​​​​ទៀត​ ដោយ​​សារតែ​ជីវភាព​​គ្រួសារ​​​លោក​លំ​បាក​ពេក​​​​​ ។ ទោះបី​ជា​លោក​​ខំធ្វើ​ការ​ថែម​ម៉ោង​​ដល់​យប់​​ជ្រៅក៏​នៅតែសន្សំ​​ប្រាក់​មិន ​​​បាន​ដែរ​ ដូច្នេះ​ហើយ​​គូ​ដណ្តឹង​​របស់​លោក​សុំ​​ផ្តាច់​ពាក្យ​​ទៅរៀប​ការ​ជាមួយ​អ្នក ​ថ្មី​ដោយ​មិនអាល័យ​​លោក​សោះ ។

លោក​​​សុខ ពៅ​ រស់​នៅ​​រាជធានីភ្នំពេញ​​​ ​​អាយុ​​​​​៣៩ឆ្នាំ​ទៅ​ហើយ​​ នៅតែ​​​​មិន​ទាន់​រៀប​​ការ​​ទៀត ។ ​​លោក​ធ្វើ​ការងារ​​​រាជការ​​​​ផង និង​ឆ្លៀត​​​​​​បម្រើ​ការងារ​​​ក្រុមហ៊ុន​​​ផង តែលោក​ត្អូញ​​ត្អែរ​ថា ប្រាក់​​កំរៃ​​សម្រាប់​​ផ្គត់​ផ្គង់​​​ជីវភាព​​​ខ្លួន​ឯង​​​ផង និង​គ្រួសារ​​​ផង ​ដូច្នេះ​វា​បាន​​ត្រឹម​​តែ​​មួយ​រស់​ ម្យ៉ាង​​​ត្រូវ​រត់​​តាម​​ទំនិញ​​ឡើង​​ថ្លៃ​​ខ្ពស់​​​ជា​បន្ត​បន្ទាប់​ផង ។ ក្នុង​ស្ថាន​​ភាព​​​បែប​នេះ​​លោក​​​​មិន​មាន​​​​ប្រាក់​​គ្រប់​​​​គ្រាន់​ សម្រាប់​​​រៀប​ការ​​​ទេ ។

​លោកពៅ​​និយាយទាំង​​​គ្រវី​ក្បាល​​​​​ថា «ពេល​​​ខ្លះ​​​អ្វីៗត្រូវ​គ្នា​អស់​​ហើយ តែខុសគ្នា​​​លើ​ថ្លៃ​បង្គាប់​​​ពី​ខាង​ស្រី។  គេ​បង្គាប់​​​ខ្ពស់​​​​ពេក​​​ តើ​ខ្ញុំ​​​​មានប្រាក់​​​ពីណា? ​​​​ដូច្នេះ​​​ខ្ញុំ​មាន​​​តែ​ខំប្រឹង​​ប្រែង​រក​ប្រាក់​​​ និង​​សន្សំ​​​សំចៃ​​​បន្ត​ទៅទៀត​»​។​​យុវជន​​ជា​ច្រើន​​​ទៀត​សុទ្ធតែ​​ត្អូញ ​ត្អែរ​​​រឿង​ពិបាក​​​រក​ប្រាក់​​​សម្រាប់​​​រៀប​ការ​ដូចគ្នា​​ ។

តាម​​​អាណាព្យាបាល​​​មួយ​ចំនួន​​​នៅ​​រាជធានី​​ ភ្នំពេញ​​ដែល​ធ្លាប់​​រៀប​ចំពិធី​​​មង្គល​ការ​​​ឱ្យ​​កូន​​​របស់​​ខ្លួន​​ ប្រាប់​ថា ​​ការ​​រៀបចំពិធី​​មង្គល​ការ​​​​មួយ​​យ៉ាង​​​តិច​បំផុត​​​​ត្រូវ​ចំណាយ​​​​ ប្រាក់​​​​អស់​​ជាង​៥​ពាន់​​ដុល្លារ​​ ​ព្រោះ​​​អ្វីៗ​​​សុទ្ធតែ​​ថ្លៃ​ដូចជា ​សំអាង​ការ​ ​​ម្ហូប​​អាហារ​​ និង​កន្លែង​​ជួល​​​រៀប​​ពិធី​​​ជប់​​លៀង​​ជាដើម ។

ទាក់​ទិន​​​​​ទៅ​នឹង​បញ្ហា​នេះ​ លោក​ស្រី​លឹម​ មុនី  ​​ជា​អនុប្រធាន​ផ្នែក​ស្ត្រី​នៃ​​សមាគម​​​អាដ​ហុក​  ​ប្រាប់​កោះសន្តិភាព​​​​​ឱ្យ​ដឹងថា ​ជាទូទៅ​តាម​ច្បាប់​​​ដែល​បាន​ចែងមក​មិន​​​មាន​ការ​បង្គាប់​​​​យក​ប្រាក់​​​ បណ្ណា​ការ​អ្វីទេ ។  ការ​បង្គាប់​​​វា​គ្រាន់​តែ​​ជាទំនៀម​ទម្លាប់​​ប្រពៃណីខ្មែរទេ  ប៉ុន្តែ​គួរតែ​មាតា​​​បិតា​​​​គិត​ពី​អនាគត​កូន​ៗ បើ​សិន​​​ជា​មនុស្ស​ប្រុសដែល​​​ស្រឡាញ់​​​កូន​ស្រី​យើង​​គេ​​​គឺជាមនុស្សល្អ ហើយ​អាចមាន​សមត្ថភាព​​​គ្រប់​គ្រាន់​​ដើម្បី​​​ផ្តល់​​សុភមង្គល​​ឱ្យកូន​​ លោក​អ្នក​បាន​ គួរតែ​​គិតគូរ​សាជាថ្មី​មិន​ត្រូវ​គិត​ពីទ្រព្យ​​ជា​ធំ​​នោះទេ ​ព្រោះ​​ប្រាក់​​កាសគ្រាន់​តែជា​មធ្យោ​បាយ​​​​មួយ​នៅ​​ក្នុង​ការយក​មក​រៀបចំ ​​ពិធី​​មង្គល​ការ​​​​​​​ តែបើ​​សិន​ជា​កូន​ប្រុស​​ល្អ​ តែ​រួមគ្នា​​​ជួយ​ដោះ​​ស្រាយ​ម្នាក់ពាក់​កណ្តាល ឬក៏​ជួយ​​ចេញខ្លះ​​ ទើប​ជា​ការ​​ប្រសើរ។​

លោក​​ស្រី​​​បញ្ជាក់​ថា «​ការ​រៀប​ពាហ៍ពិពាហ៍​គ្រាន់​តែ​ជាពិធីមួយ​​ដើម្បី​ប្រកាស​ប្រាប់​ញាតិ​ មិត្ត​ថា​​ខ្លួន​បាន​រៀប​ការ​​តាម​ប្រពៃណីខ្មែរ ​តែធាតុពិត​​​​និង​​ពិសេស​លើស​ពីការ​​រៀបការ​នោះ  គឺការ​ចុះ​​​សំបុត្រ​អាពាហ៍ពិពាហ៍​​​ដែល​​អាច​បញ្ជាក់​​​ថា​ជា​ប្តីប្រពន្ធ​ ​​​ពេញ​ច្បាប់  និង​ពេញសិទ្ធិ ។ ដូច្នេះ​​មាតា​​បិតា​​គ្រប់​​រូប​​ត្រូវ​​តែគិត​ពីចំណុច​នេះ​ឱ្យ​បាន​ច្បាស់ ​​ បើសិន​ជា​កូន​​ស្រឡាញ់​គ្នា​​​ ហើយ​បុរស​​រូបនោះ​ជា មនុស្សល្អ គួរតែ​​​ជួយ​ចេញ​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក​​ ទុក​ប្រាក់​​កាសជារបស់​​​ក្រៅខ្លួន​​ទើប​​ជាការ​ប្រសើរ» ៕ 

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]