ភ្នំពេញ៖ កាលពីល្ងាចថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ពិភពលោក វគ្គជម្រុះជុំបឋម រវាងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ ជម្រើសជាតិស៊ីរី ក្រោមការចូលរួមទស្សនា ពីសំណាក់អ្នកគាំទ្រ ប្រមាណជាង ៥ម៉ឺននាក់។

ការប្រកួតល្ងាចមិញនេះ គឺជាការប្រកួត លើកទី៤ ហើយ របស់ក្រុមជម្រើសជាតិកម្ពុជា នៅក្នុងពូល E ដែល ៣ ប្រកួតមុន កម្ពុជា ចាញ់ទាំង ៣ប្រកួតជាប់ៗគ្នា និងមិនអាច ស៊ុតបញ្ចូលទី គូប្រកួត បានទាល់តែសោះ សូម្បីតែ១គ្រាប់ (កម្ពុជា ០-៤ សិង្ហបុរី, កម្ពុជា ០-១ អាហ្វហ្គានីស្ថាន, ជប៉ុន ៣-០ កម្ពុជា)។


កីឡាករកម្ពុជាកំពុងលោតដណ្តើមបាល់ជាមូយកីឡាករ ស៊ីរី (រូបភាព៖ សហព័ន្ធបាល់ទាត់ពិភពលោក)

ជម្រើស១១ នាក់ដំបូង របស់កម្ពុជា រួមមាន៖ អ្នកចាំទី ស៊ូ យ៉ាទី ខ្សែការពារ សាយ ពិសិដ្ឋ, សួយ វិសាល, សុខ សុវណ្ណ,​ ស៊ុន សុវណ្ណរិទ្ធី ខ្សែបំរើ ទិត្យ ឌីណា, សុះ សូហាណា, ឈិន ឈឿន និង កែវ សុខផេង ខ្សែប្រយុទ្ធ គួច សុគុម្ភ និង ឡាបូរ៉ាវី។

ចាប់ផ្តើមការប្រកួតភ្លាម ក្រុមជម្រើសជាតិកម្ពុជា បានធ្វើការគាបសង្កត់ ស៊ីរី យ៉ាងខ្លាំង តែមិនអាចទំលុះ រនាំងការពារ ស៊ីរី បានឡើយ តែផ្ទុយទៅវិញ ស៊ីរី មានឱកាសទទួលបាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់ ស៊ុតដោយកីឡាករ លេខ ១៦ Sanharib MALKI តែត្រូវអ្នកចាំទីកម្ពុជា ស៊ូ យ៉ាទី លោតសង្គ្រោះបាល់ បានយ៉ាងល្អ។

ទោះជាយ៉ាងណាក៏ដោយ ស៊ីរី ដែលកីឡាករភាគច្រើន មានល្បឿនលឿន បានគាបសង្កត់ កម្ពុជា ជាច្រើនដង រហូតស៊ុតបញ្ចូលទី កម្ពុជា បានសំរេច ជាបន្តបន្ទាប់ រហូតដល់ ៤គ្រាប់ ក្នុងតង់ទី១ ដែលធ្វើបាន ដោយកីឡាករ Omar Khrbin នៅនាទី ២៩ និង៣៩ កីឡាករ Sanharib MALKI នៅនាទី ៣១ និង កីឡាករ Mahmoud Al Mawas នៅនាទី ៤៤។

ចូលមកដល់តង់ទី២ ក្រុមបាល់ទាត់ ជម្រើសជាតិ ស៊ីរី នៅតែមានឱកាសច្រើន លេងនៅមុខទី កម្ពុជា ដដែល រហូតបន្ថែមបាន ២គ្រាប់ទៀត ដែលស៊ុតបញ្ចូលទី ដោយកីឡាករ Omar Midani នៅនាទី ៥០ និង កីឡាករ Osama Omari នៅនាទី ៨១។

បើទោះជារងការនាំមុខ រហូតដល់ ៦ គ្រាប់ ក៏ពិតមែន តែគេសង្កេតឃើញថា អ្នកគាំទ្រកម្ពុជា មិនរុញរា នៅតែបន្ត អង្គុយទស្សនា និងគាំទ្រ ក្រោមតំណក់ទឹកភ្លៀង ដើម្បីលើកទឹកចិត្ត ក្រុមជម្រើសជាតិរបស់ខ្លួន រហូតដល់ ចប់ការប្រកួត។

ចប់ការប្រកួត ម្ចាស់ផ្ទះ កម្ពុជា បានចាញ់ ស៊ីរី ដោយលទ្ធផល ០ ទល់នឹង ៦។

គួរបញ្ជាក់ថា ការប្រកួតបន្ទាប់ នឹងធ្វើឡើង នៅថ្ងៃទី ១៣ តុលា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរ ទៅប្រកួតជាមួយ ក្រុមជម្រើសជាតិ សិង្ហបុរី នៅទឹកដី សិង្ហបុរី វិញម្តង។ បន្ទាប់មកទៀត នៅថ្ងៃទី ១២ វិច្ឆិកា ក្រុមកម្ពុជា នឹងត្រូវទៅទឹកដីរបស់ អ៊ីរ៉ង់ ដើម្បីប្រកួត ជាមួយនឹង ក្រុមជម្រើសជាតិ អាហ្វហ្គានីស្ថាន វិញម្តង៕

ទិដ្ឋភាពការប្រកួត រវាងកម្ពុជា និងស៊ីរី នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃម្សិលមិញ

















សូមទស្សនាវីដេអូខាងក្រោម

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]