អាមេរិក៖ នៅខ្វះតែមួយថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏ធំមួយ ដែលមនុស្សជាច្រើនជុំវិញពិភពលោក ទន្ទឹងរង់ចាំជាយូរមកហើយនោះ នឹងបានមកដល់ ដែលជាព្រឹត្តការណ៍ប្រកាសចេញ ទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន Apple បានចែកលិខិតអញ្ជើញ ទៅដល់មនុស្ស ប្រហែលជា ៧,០០០នាក់ សំរាប់ចូលរួមក្នុងព្រឹត្តការណ៍ ថ្ងៃទី៩ ខែកញ្ញា ស្អែកនេះ នៅក្នុងទីក្រុង San Francisco របស់សហរដ្ឋអាមេរិក។ គេបានដឹងថា នឹងមានការដាក់តាំងបង្ហាញ ឧបករណ៍ថ្មីៗផងដែរ តែអ្វីដែលជាចំនុចគួរឲ្យចាប់អារម្មណ៍បំផុត គឺម៉ូដែលទូរស័ព្ទ iPhone ជំនាន់ថ្មីនេះតែម្តង។ តែទោះយ៉ាងណា គេក៏នៅមិនទាន់ប្រាកដ អំពីឈ្មោះរបស់ទូរស័ព្ទ ថាតើវាអាចជា iPhone 6S ឬក៏ iPhone 7 នោះដែរ។

បន្ថែមពីនេះផងដែរ ក៏នៅមានព័ត៌មាន ដែលលើកឡើង អំពីការដាក់បញ្ចូល នូវកំណែទម្រង់ថ្មីមួយចំនួនរបស់ iPhone ជំនាន់ថ្មីផងដែរ ដូចជា៖

_ការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីហៅថា “Force Touch”

នេះគឺជាពាក្យចចាមអារ៉ាម ដ៏ខ្លាំងក្លា និងគួរឲ្យទុកចិត្តមួយ ដែលថាទូរស័ព្ទ iPhone ជំនាន់ថ្មី នឹងមានបច្ចេកវិទ្យា Force Touch នេះ។ Force Touch អាចយល់យ៉ាងច្បាស់ អំពីលក្ខណៈខុសគ្នា រវាងការប៉ះបែបស្រាលៗ ជាមួយការប៉ះ បែបធ្ងន់ៗ លើអេក្រង់។ ម្យ៉ាងវិញទៀត ក្រុមអ្នកបង្កើតកម្មវិធីនៅលើទូរស័ព្ទ បានលើកឡើងថា Force Touch គឺមានតួនាទី ដូចទៅនឹងការចុច Mouse ខាងស្តាំ នៅលើកុំព្យូទ័រអីចឹងដែរ។ គួររំលឹកថា បច្ចេកវិទ្យា Force Touch ក៏ធ្លាប់ត្រូវបានដាក់បញ្ចូល ជាមួយផលិតផល នាឡិកាដៃ Apple រួចមកហើយផងដែរ។

_សមត្ថភាពកាមេរ៉ា កាន់តែល្អប្រសើរជាងមុន


ការកែប្រែសមត្ថភាព កាមេរ៉ាឲ្យរឹតតែប្រសើរ

បើផ្អែកលើការដកស្រង់សម្តី របស់និយោជិកនៃក្រុមហ៊ុនចិន Foxconn បាននិយាយថា ទូរស័ព្ទ iPhone ជំនាន់ថ្មីនឹងមាន ការកែប្រែយ៉ាងអស្ចារ្យ ទៅលើកាមេរ៉ា ដែលគុណភាពថតរូប របស់វាឡើងដល់ ១២មេហ្គាភិចស៊ែល រីឯការថតវីដេអូវិញ អាចឡើងដល់ 4k Ultra HD ផងដែរ។

_នឹងមានអេក្រង់ រឹតតែធន់មាំ ជាងមុន

នេះក៏ជាពាក្យចចាមអារ៉ាម​ ដ៏គួរឲ្យទុកចិត្តមួយទៀតដែរ ដែលថាអេក្រង់របស់ iPhone ជំនាន់ថ្មី នឹងកែប្រែទៅជា កញ្ចក់អេក្រង់ប្រភេទ Sapphire ដែលធន់នឹងការឆ្កូត និងការបែកប្រេះ។

_ការកែប្រែមួយចំនួន ទៅលើសមត្ថភាពរបស់ Siri

Siri នៅតែជាបច្ចេកវិទ្យា ដ៏អស្ចារ្យមួយរបស់ Apple សម្រាប់ទូរស័ព្ទ iPhone ជំនាន់ថ្មីនេះ។


Siri ក៏នឹងត្រូវកែប្រែថ្មី ផងដែរ

ទាំងនេះគឺជា ពាក្យចចាមអារ៉ាម ក៏ដូចជាព័ត៌មាន ដ៏គួរឲ្យទុកចិត្ត ទាក់ទងទៅនឹងកំណែទម្រង់មួយចំនួន និងការដាក់បន្ថែមបច្ចេកវិទ្យាថ្មីៗ សម្រាប់ទូរស័ព្ទ iPhone ជំនាន់ថ្មី។ គួរបញ្ជាក់ផងដែរថា ក្រោយពីធ្វើការប្រកាសផលិតផលថ្មី របស់ខ្លួនហើយនោះ ក្រុមហ៊ុន Apple គ្រោងនឹងដាក់លក់ នៅចុងខែកញ្ញានេះ ពោលគឺនៅថ្ងៃទី២៥ ខែកញ្ញា តទៅ៕

 


ទូរស័ព្ទ iPhone ជំនាន់ថ្មី នឹងត្រូវដាក់បង្ហាញ នៅថ្ងៃស្អែកនេះ

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]