កីឡា៖ លទ្ធផលសម្រាប់ការ ប្រកួតបាល់ទាត់វគ្គជម្រុះ World Cup កាលពីល្ងាចមិញនេះ គឺបានចេញជាលទ្ធផលហើយ ដែលក្នុងនោះក្រុមជម្រើសជាតិ កម្ពុជារបស់យើង បានប្រកួតចាញ់ ក្រុមជម្រើសជាតិជប៉ុន ៣-0 តែយ៉ាងណាមិញ លទ្ធផលបែបនេះ គឺមិនបានធ្វើឲ្យអ្នកគាំទ្រ កម្ពុជា មានការអាក់អន់ចិត្ត អ្វីនោះឡើយ។

បើយើងក្រឡេក មើលតាមទំព័រហ្វេសប៊ុក មួយចំនួនដែលបាន លើកឡើងអំពីលទ្ធផល នៃការប្រកួតរវាង កម្ពុជា និងជប៉ុន នោះយើងនឹងបានឃើញថា អ្នកគាំទ្រជាច្រើន សុទ្ធតែបានបង្ហាញនូវ ទឹកចិត្តដ៏អស្ចារ្យ របស់ពួកគេ ដោយមិនមានការខឹងសម្បារ ឬក៏ស្តីបន្ទោសទៅដល់ កីឡាករជម្រើសជាតិ កម្ពុជា បន្ទាប់ពីក្រុមរបស់ខ្លួន ប្រកួតចាញ់ក្រុមសាមូរ៉ៃជប៉ុន នៅក្នុងទឹកដីរបស់គេ ៣-0 នោះឡើយ ផ្ទុយទៅវិញពួកគេ បែរជានាំគ្នាធ្វើការសរសើរ នូវការប្រឹងប្រែង របស់កីឡាករទាំងអស់ ក៏ដូចជាគ្រូបង្វឹក ព្រមទាំងនាំគ្នាផ្តល់ជាកម្លាំងចិត្ត និងជួយជម្រុញ កីឡាករឲ្យមានការ ប្រឹងប្រែងបន្ថែមទៀត ដើម្បីអាចឲ្យវិស័យកីឡា បាល់ទាត់ក្នុង ប្រទេសកម្ពុជា កាន់តែរីកចំរើនបន្ថែម។

វាជាការពិតដែលថា កម្ពុជា​ ពិបាកនឹងអាចយកឈ្នះ ក្រុមជប៉ុន ដែលជាក្រុមខ្លាំងមួយ ប្រចាំទ្វីបអាស៊ី និងជាក្រុមមួយដែល សំបូរទៅដោយកីឡាករ លេងនៅក្នុង ក្របខណ្ឌកំពូលៗរបស់ អ៊ឺរ៉ុប ជាច្រើនទៀតផង។ តែយ៉ាងណាមិញ យើងអាចឃើញបានជាក់ស្តែង តាមរយៈការទស្សនា ការប្រកួតផ្ទាល់ ដោយក្នុងនោះយើងបានឃើញ កីឡាករកម្ពុជាទាំងអស់ មានស្មារតីខ្ពស់ និងប្រឹងប្រែងលេង យ៉ាងអស់ពីចិត្ត ដើម្បីតទល់ជាមួយនឹងក្រុមជប៉ុន។

ក្នុងនោះដែរ កីឡាកររបស់កម្ពុជា ទាំងអស់សុទ្ធតែ ត្រូវបានទទួលការសរសើរ តែយើងអាចសង្កេត ឃើញបានថា មានម្នាក់ដែលទទួល បានការសរសើរ និងចាប់អារម្មណ៍ច្រើនជាងគេ នោះគឺអ្នកចាំទី ស៊ូ​ យ៉ាទី បន្ទាប់ពីកីឡាករ រូបនេះអាចជួយសង្រ្គោះបាល់ បានជាច្រើនគ្រាប់៕






វីដេអូខ្លីៗ​នៃការប្រកួត រវាងកម្ពុជា និងជប៉ុន៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]