ខេត្ត​មណ្ឌល​គិរី​ ៖ ​មេព្រៃ​ខេត្តមណ្ឌលគិរី​ម្នាក់បាន​ដេញចាប់​រថយន្ត​ដឹក​បទល្មើស ហើយ​​​ត្រូវ​ក្រុម​ដឹក​បទល្មើស​ឈើ​នោះ​កេណ្ឌ​គ្នា​ឡោម​ព័ទ្ធ​រថយន្ត​របស់​គាត់​ទាំង​មុខ​ទាំង​ក្រោយ ដែល​ធ្វើ​ឲ្យ​គាត់​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ម៉ោង​១០​ និង​១១​ព្រឹក​ ​ថ្ងៃ​ទី​៣ កញ្ញា ​២០១៥​នេះ មេព្រៃ​ខេត្តមណ្ឌលគិរី​ម្នាក់​ឈ្មោះ​ហេង ចិ​ន្ត្រា កំពុង​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់ ដោយសារ​ក្រុម​ដឹកឈើ​បទល្មើស​កំពុង​ឡោម​ព័ទ្ធ​ឡាន​របស់​គាត់​នៅ​ចន្លោះ​ស្រុក​កែវសីមា និង​ស្រុក​អូ​រាំង (​កណ្ដាល​ព្រៃ​ស្ងាត់​) ស្ថិត​ក្នុងស្រុក​កែវ​សីមា ចំណុច​គីឡូម៉ែត្រ​លេខ​១៦៤ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ខេត្តមណ្ឌលគិរី​។

លោក​ហេង ចិ​ន្ត្រា បាន​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ដំបូង​ឡើយ​លោក​បានឃើញ​រថយន្ត​ដឹកឈើ​កែ​ច្នៃ និង​មិន​ទាន់​កែ​ច្នៃ​ចំនួន​២​គ្រឿង ហើយ​លោក​ក៏​ដេញ​តាម​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ​តែ​ត្រូវ​ពួក​គេ​កេណ្ឌ​រថយន្ត​កាន់តែ​ច្រើន​មក​ឡោម​ព័ទ្ធ​លោក​ទាំង​មុខ​ទាំង​ក្រោយ ហើយ​ពេល​នេះ​លោក​កំពុង​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់ ដោយ​សុំ​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ផង​។

សេចក្ដីរាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​នេះ ការ​ឡោម​ព័ទ្ធ​របស់​រថយន្ត​ដឹក​បទល្មើសបាន​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​នៅ​ចំណុច​នោះ​១​ម៉ោង​មក​ហើយ ពោល​គឺ​ស្ទះ​តាំងពី​ម៉ោង​៩​និង​៣០​ព្រឹក​ថ្ងៃ​ដដែល​នេះ​៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]