ក្រចេះ៖ ជនដៃដល់បីនាក់ ត្រូវបានកម្លាំង នគរបាលស្រុកឆ្លូង ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ និងកសាងសំណុរឿបញ្ជូន ទៅកាន់សាលាដំបូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រោយពីពួកគេ បានព្រួតគ្នាវាយ ទៅលើមន្ត្រីនគរបាល ប៉ុស្តិ៍កំពង់ដំរី បណ្តាលឱ្យ របួសជាទម្ងន់។

ជនដៃដល់ទាំងបីនាក់ ដែលបានធ្វើសកម្មភាព ព្រួតគ្នាវាយមកលើ នគរបាល បណ្តាលឱ្យរបួសជាទម្ងន់ ទី១ឈ្មោះ សេង មករា ទី២ឈ្មោះ រិន មន្នីឧត្តម និងទី៣ ឈ្មោះ ប៊ុន លី ជនទាំងបីនាក់នេះ រស់នៅក្នុងភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ហើយត្រូវបានកម្លាំងនគរបាល បានចាប់ឃាត់ ខ្លួនភ្លាមៗផងដែរ។

ជនរងគ្រោះដែលរងការព្រួតវាយ ពីសំណាក់ជនដៃដល់ ទាំងបីនាក់ នោះឈ្មោះ ទូច ស៊ីដា ជាមន្ត្រីនគរបាល ប៉ុស្តិ៍ន៍កំពង់ដំរី បានឱ្យដឹងថានៅថ្ងៃកើតហេតុ ខណៈដែលរូបលោក កំពុងដើរល្បាត ក្នុងភូមិវាលកន្សែង ក៏ឃើញ ឈ្មោះ រិន មន្នីឧត្តម ជិះម៉ូតូលឿនដូចហោះ លោកក៏បានទៅនិយាយណែនាំ។

ជនរងគ្រោះបានបន្តថា ក្រោយពីលោកនិយាយណែនាំ មិនទាន់ចប់ផង ស្រាប់តែបក្ខ ពួកគេពីរនាក់ទៀត ដែលកំពុងអង្គុយផឹក ស្រានៅក្បែរនោះ បានចេញមកស្រែកឡូឡា ហើយក៏ព្រួតគ្នាវាយ មកលើរូបលោក បណ្តាលឱ្យ ដួលទៅលើដី ។ លោកបន្តទៀតថា សំណាងហើយដែលមានប្រជាពលរដ្ឋ ក្នុងភូមិចេញមកជួយឃាត់ចាប់ កុំអីលោកមិនដឹងទៅ ជាយ៉ាងណានោះទេ។

សាក្សីដែលបានឃើញ ហេតុការណ៍នោះ បាននិយាយថា នៅថ្ងៃកើតហេតុគេ បានឃើញឈ្មោះ រិន មន្នីឧត្តម បានជិះម៉ូតូយ៉ាងលឿន មកឈប់នៅក្បែរ និងបក្ខពួកគេកំពុងផឹកស៊ី  ក៏ឃើញមានសមត្ថកិច្ច នគរបាលមកដល់ដែរ តែមិនដឹងជា មានរឿងអីទេ ស្រាប់តែជនទាំងបីនាក់នេះ បាននាំគ្នាព្រួតវាយ ទៅលើរូបគាត់ និងបានដណ្តើមយក កាំភ្លើងអាកា ពីសមត្ថកិច្ចតែដណ្តើមមិនបាន ពួកគេក៏បានកាច់ យកបង់កាំភ្លើង នោះក្រវែងចោលក្នុងព្រៃ។

តាមការសាកសួរ ពីសមត្ថកិច្ច ជនទាំងបីនាក់នេះបានឆ្លើយថា ពួកគេពិតជាបានព្រួតវាយ មកលើមន្ត្រី នគរបាល នោះពិតប្រាកដមែន៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]