ចិន៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ ត្រូវបានមេសត្វកន្លាតមួយក្បាល ចូលទៅក្នុងត្រចៀករបស់គាត់ ហើយបង្កើតកូនចំនួន ២៥ក្បាលក្នុងនោះ ។

បុរសជនជាតិចិន វ័យ ១៩ឆ្នាំម្នាក់ នាមត្រកូល លី មានស្រុកកំណើតនៅខេត្ត គ័ងដុង និងមានមុខរបរជាកម្មកររោងចក្រ បានទៅមន្ទីរពេទ្យ ដើម្បីជួបនឹងវេជ្ជបណ្ឌិត ដើម្បីពិនិត្យមើលត្រចៀករបស់គាត់ដែលមាន អាការ:ឈឺចាប់ពេញមួយយប់រួចមក។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលកណ្តាលអាធ្រាត លោក​ លី បានភ្ញាក់ពីដំណេក ក្រោយពីមានអារម្មណ៍ថា រមាស់ខ្លាំងស្ទើតែទ្រាំមិនបាន ត្រង់ចំនុចត្រចៀកខាងស្តាំរបស់គាត់។​ ក្រោយពេល ដែលការឈឺចាប់បានកើតឡើងបន្តិចម្តងៗ រហូតដល់គាត់យកម្រាមដៃ លូកចូលក្នុងរន្ធត្រចៀកនោះ ស្រាបតែមានអារម្មណ៍ថា ហាក់បីដូចជាមានសត្វល្អិតតូចៗ នៅក្នុងនោះ។ នៅពេលនោះដែរ មិត្តភក្តិរួមបន្ទប់របស់គាត់ បានយកពិលជួយឆ្លុះមើល តែពុំមានឃើញអ្វី នៅក្នុងនោះឡើយ។

ផ្ទុយទៅវិញ នៅពេលដែលលោក លី មកជួបគ្រូពេទ្យនៅព្រឹកថ្ងៃបន្ទាប់ និងបានឆ្លុះមើលជាក់ស្តែង ក៏ប្រទះឃើញមានសត្វកន្លាតជាច្រើនក្បាល កំពុងរស់នៅខាងក្នុងត្រចៀករបស់គាត់តែម្តង ។ បើផ្អែកតាមរបាយការណ៍វេជ្ជសាស្រ្ត បានឲ្យដឹងថា មេសត្វកន្លាតមួយក្បាលនោះ បានចូលទៅក្នុងត្រចៀតរបស់លោក លី រួចភ្ញាស់កូនរបស់វាចំនួន២៥ក្បាលក្នុងនោះថែមទៀត ហើយកូនរបស់វា មានទំហំតូចៗប្រហែលនឹងសត្វមុស។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា នេះសំណាងហើយ ដែលលោក លី រហ័សមកមន្ទីរពេទ្យ បើពុំដូច្នោះទេ ត្រចៀកខាងស្តាំរបស់គាត់ ប្រហែលជាត្រូវបានបំផ្លាញដោយសត្វកន្លាតទាំងនោះ ជាក់ជាមិនខានឡើយ។

គួរបញ្ជាក់ផងដែរថា លោកគ្រូពេទ្យ បានប្រើប្រាស់វិធីម្យ៉ាងដោយប្រើសារធាតុរាវ ដើម្បីទាញយកសត្វកន្លាតទាំង ២៦ក្បាលនោះ ចេញពីត្រចៀករប​ស់លោក លី៕

តោះ! ទៅទស្សនាវីដេអូ ទាំងអស់គ្នា៖

ប្រភព៖ stomp

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]