ភ្នំពេញ៖ តារាចម្រៀងល្បីល្បាញ អ្នកនាង យក់ ឋិតរដ្ឋា ក្រោយពីសំរាលកូនរួច រហូតមកដល់ពេលនេះ ហាក់មានសុខភាពរឹងមាំជាងមុន និងអាចប្រកបកិច្ចការប្រចាំថ្ងៃ បានដូចធម្មតាវិញហើយ បន្ទាប់ពីប្រើពេលអស់ជិតមួយឆ្នាំ ចាកចេញពីការងារសិល្បៈ ។ ប៉ុន្តែថ្មីៗនេះ ត្រូវបានប្រភពព័ត៌មាន បានបង្ហើបថា យក់ ឋិតរដ្ឋា គ្រោងនឹងវិលមកអុកឡុក ពិភពសិល្បៈវិញហើយ ក្រោយពីរឹងដៃរឹងជើង ដើម្បីមកពង្រឹងកេរ្តិ៍ឈ្មោះឡើងវិញ ខណៈលេខឮដំណឹងថា នាងអាចទទួលបានតំណែងជា Coach ក្នុងកម្មវិធី« The voice Cambodia» ក្នុងរដូវកាលទីពីរនេះទៀតផង។

ជាការពិត បើក្រឡេកមើលលើបទចម្រៀង របស់អ្នកនាងវិញ គឺហាក់ស្ងប់ស្ងាត់ អំឡុងពេលកំពុងសម្រាលកូន និងមើលថែកូនខ្ចី និងមិនបានបង្ហាញមុខ លើកញ្ចក់ទូរទស្សន៍ ដូចមុន ។ ទោះបីអ្នកនាង មិនសូវបង្ហាញស្នាដៃថ្មីៗក៏ដោយ តែប្រភព Facebook របស់លោក កៅ សីហា អ្នកដឹកនាំសម្ដែង ដ៏ល្បីល្បាញ របស់ផលិតកម្មហង្សមាស បានបង្ហោះរូបភាពរបស់អ្នកនាង យក់ ឋិតរដ្ឋា ដោយបញ្ជាក់ថា អ្នកនាងគ្រោងវិលវិញ មករកកាន់ក្បាលមេក្រូដូចធម្មតា ក្រោយអ្នកនាងសម្រាកអស់ មួយខ្យល់ធំ ដែលបទចម្រៀង នឹងសម្រិតសម្រាំង ជាពិសេសតែម្ដង ។

ស្របពេលដែល យក់ ឋិតរដ្ឋា ត្រឡប់មកកាន់អាជីព ជាអ្នកចម្រៀងវិញ តារាចម្រៀងស្រី កូនពីររូបនេះ កំពុងតែលេចឮព័ត៌មានដ៏រសើបថា នាងគ្រោងកាន់តំណែងជា Coach ក្នុងកម្មវិធី «The voice Cambodia» រដូវកាលទីពីរទៀតផង ដោយសំអាងថា អ្នកនាងមានទឹកដមសំឡេងល្អ បទពិសោធន៍ច្រៀងរាប់ឆ្នាំ ពិសេសអ្នកនាង បានទទួលជោគជ័យ រួចមកហើយ ក្នុងការឲ្យដំបូន្មានដល់ លោក ប៊ុត សីហា ជ័យលាភីរដូវកាលទី១ ។

ប៉ុន្តែជុំវិញព័ត៌មាននេះ ត្រូវបានថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ហង្សមាស និយាយថា សុំមិនបង្ហើបអ្វីទាំងអស់ទាក់ទងជាមួយនឹងកម្មវិធី មុនពេលកម្មវិធី «The voice Cambodia» ដំណើរការ ព្រោះអ្វីៗទុកជាការសម្ងាត់ និងចង់ឲ្យកម្មវិធី កាន់តែរំជើបរំជួល ពេលចាប់ផ្ដើមចេញផ្សាយ ។ ជាពិសេស ត្រូវគោរពទៅដល់កម្មសិទ្ធិម្ចាស់ដើម នៃកម្មវិធី នៅប្រទេសហូឡង់៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]