រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ដើរ មក​ឆក់​កាបូប​លុយ​របស់​អាជីវករ​ លក់​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស ខណៈ​កំពុង​អង្គុយ​រាប់​លុយ រួច​រត់ឡើង​ជិះ​ម៉ូតូ​បក្ខពួក​គេច ខ្លួន​ដោយ​សុវត្ថិភាព ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​មហាវិថី​ម៉ៅ​សេ​ទុង កែង​ផ្លូវ​២៣០ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ចោរឆក់ ​កាបូប​នេះ​មានឈ្មោះ មាស រ​ដ្ឋា អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ផ្លែ​ឈើ ​បោះ​ដុំ​នៅ​ផ្សារ​នាគ​មាស មាន​ទីលំនៅ​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​លក់ដូរ​ហើយ ស្ត្រី​រង​គ្រោះ​បាន​យក​ កាបូប​លុយ​មក​ចាក់​លុយ​ដើម្បី​រាប់ ខណៈ​ពេល​កំពុង​ចាក់​លុយ​ស្រាប់តែ ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ១​គ្រឿង​ម៉ា​កនិច ពណ៌​ស និង​១​គ្រឿង​ទៀត​ម៉ាក​ហុងដា ឌ្រី ស៊េរី​២០១៥ ពណ៌​ខ្មៅ បាន​ជិះ​ម៉ូតូ​មក​ឈប់​ម៉ូតូ​ក្បែរ​នោះ ហើយ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពី​ម៉ូតូ​ដើរ​សំដៅ​មក​គាត់ ហើយ​ក៏​ឆក់​កាបូប​លុយ​ របស់​គាត់​រត់ឡើង​ជិះ​ម៉ូតូ​បក្ខពួក​គេច ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា លុយ​នៅ​ក្នុង​កាបូប​ទាំង​អស់​​ មាន​ប្រហែលជា​៨០​ម៉ឺន​រៀល និង​ទូរស័ព្ទ​ម៉ាក​ណូ​គា​១​គ្រឿង ប៉ុន្តែ​ពេល​ឆក់​ទៅ​លុយ​ជ្រុះ​រាយ​ប៉ាយ ពេល​នេះ​កំពុង​ប្រមូល​រាប់ ដោយ​មិនដឹង​ថា​នៅ​សល់​ប៉ុន្មាន និង​ឆក់​យក​ទៅ​អស់​ប៉ុន្មាន​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​កើតហេតុ គេ​មិនឃើញ​មាន​សមត្ថកិច្ច​ ណា​មក​សួរនាំ ឬ​តាម​ប្រមាញ់​ជនសង្ស័យ​ឡើយ គឺ​ឃើញ​តែ​ក្រុម​អាជីវករ​លក់ដូរ​ ដូច​គ្នា​មក​ចោមរោម​សួរ នាំ​តែ​ប៉ុណ្ណោះ ។

គួរ​កត់​សម្គាល់ថា អំពើ​លួច ឆក់ ប្លន់ និង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ស្ទើរតែ​រាល់ថ្ងៃ​-​យប់​នៅ​ក្នុងរ​រាជធានី​ភ្នំពេញ ហេតុ​ដូច្នេះ​សូម​បងប្អូន​ ប្រជាពលរដ្ឋ​ទាំងអស់ ​មានការ​ប្រុង​ប្រយ័ត្ន ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]