កណ្ដាល៖ អាជីវករលក់មាស និងប្ដូរប្រាក់នៅផ្សារឧដុង្គ បានអះអាងប្រាប់សមត្ថកិច្ចថា ខ្លួនបាត់គ្រឿងអលង្ការបា្លទីន ពី២០ទៅ៣០តម្លឹង បន្ទាប់ពីជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង មកសំឡុតហើយឆក់ប្លន់ យកថង់ដាក់គ្រឿងបា្លទីននោះ គេចខ្លួនដោយសុវត្ថិភាព ខណៈដែលជនរងគ្រោះជាកូន កំពុងជិះម៉ូតូតែម្នាក់ឯង យកទ្រព្យសម្បត្ដិ ទាំងនេះមកផ្ទះវិញ ដែលមានចម្ងាយជិត ១គីឡូម៉ែត្រពីផ្សារឧដុង្គ ។

សកម្មភាពសំឡុត ហើយប្លន់យកថង់ដាក់គ្រឿងបា្លទីន ខាងលើនេះបានកើតឡើង បង្កឱ្យមានការភ្ញាក់ផ្អើលនៅ វេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅមុខវត្ដអំពិលប្រាំ តាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្នុងភូមិចេតីយទ្រេត ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ពោលនៅជិតផ្ទះជនរងគ្រោះតែម្ដង ។

យ៉ាងណាក៏ដោយ ចំពោះគ្រឿងបា្លទីនពី ២០ទៅ៣០តម្លឹង ដែលជនរងគ្រោះអះអាងថា ត្រូវបាត់បង់ដោយសារ ក្រុមចោរទាំងពីរនាក់នោះ លោកអធិការនគរបាលស្រុកពញាឮ ដួង តេង មិនទាន់ជឿជាក់នៅឡើយទេ ដោយ ជនរងគ្រោះហាក់បី ដូចជាមានការលាក់លៀម ករណីនេះជាមួយសមត្ថកិច្ច ដោយមិនប្រាប់តាមត្រង់នោះឡើយ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះក្នុងអំពើ ប្លន់នេះមានឈ្មោះ ទាប ចាន់គិរី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអាជីវករប្ដូរប្រាក់ និងលក់គ្រឿងអលង្ការ ជាមួយម្ដាយរបស់ខ្លួននៅ ក្នុងផ្សារឧដុង្គ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ។

របាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង ចេញពីផ្សារឆ្ពោះមកផ្ទះ លុះពេលជិតមកដល់ ផ្ទះទៅហើយនោះ ស្រាប់តែលេចមុខជន ល្មើសពីរនាក់ ជិះម៉ូតូម៉ាក សេ១២៥ មួយគ្រឿងមកសំឡុត ហើយប្លន់ជនរងគ្រោះ ដោយឆក់យកថង់ដាក់គ្រឿងអលង្ការបា្លទីន រួចគេចខ្លួនបាត់តែម្ដងទៅ ដោយឡែកថង់ដាក់លុយ មិនត្រូវបានក្រុមចោរទាំងនេះ យកទៅឡើយ ។

ជុំវិញករណីខាងលើនេះ លោក ដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅ រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះថា ជនសង្ស័យទាំងពីរនាក់ ក្រោយធ្វើការសួរ នាំជនរងគ្រោះ ពីដំណើររឿងនោះ គឺពួកគេមិនមានអាវុធ នៅក្នុងដៃនោះឡើយ ពោលគ្រាន់តែប្រើពាក្យសំឡុត បាញ់ជនរងគ្រោះ ហើយធ្វើជាយកដៃលូក ចូលអាវបញ្ជាក់ថា ខ្លួនមានកាំភ្លើង ធ្វើឱ្យជនរងគ្រោះភ័យ ។

អធិការនគរបាលរូបនេះបានបញ្ជាក់ថា ខណៈដែលជនរងគ្រោះ ជាកូនកំពុងជិះម៉ូតូ ចេញពីផ្សារឆ្ពោះមកផ្ទះ ដែលមាន ចម្ងាយ៩០០ម៉ែត្រ លុះជិតមកដល់ផ្ទះទៅហើយនោះ ស្រាប់តែលេចមុខក្រុមចោរពីរនាក់ សំឡុតជនរងគ្រោះ រហូតឈប់ម៉ូតូ ហើយឆក់យកថង់ដាក់គ្រឿងអលង្កាបា្លទីន បើកម៉ូតូគេចខ្លួនភ្លាមៗ ។

លោកអធិការបានបញ្ជាក់ថា នៅក្នុងព្រឹត្ដិការណ៍នោះ នៅពេលដែលក្រុមចោរបានសំឡុត និងយកថង់ដាក់គ្រឿង អលង្ការជនរងគ្រោះ បានទាញដុំឥដ្ឋ គប់ទៅលើពួកវា បណ្ដាលឱ្យត្រូវ ដូច្នេះបើសិនពួកវាមានកាំភ្លើង ច្បាស់ជា បាញ់មកលើជនរងគ្រោះ ជាក់ជាមិនខានឡើយ។

លោកអធិការបានបន្ដថា រាល់ដងនៅពេល ជនរងគ្រោះចេញពីផ្សារម្ដងៗ គឺឪពុកជាអ្នក បើករថយន្ដទៅយក ប៉ុន្ដែលើកនេះ បុរសជាឪពុក ជាប់រវល់ទៅភ្នំពេញ ទើបកូនប្រុសជិះ យកទ្រព្យសម្បត្ដិទាំងនេះ តែម្នាក់ឯងដាក់ តាមម៉ូតូមកផ្ទះរបស់ខ្លួន ស្រាប់តែជួបហេតុការណ៍ នេះតែម្ដងទៅ ។

ជាការសន្និដ្ឋានជំហានដំបូង ទៅលើសមាសភាព ក្រុមចោរទាំងពីរនាក់ ត្រូវបានលោក អធិការអះអាងថា អាចជាមុខសញ្ញាឆក់ទ្រព្យសម្បត្ដិ របស់ប្រជាពលរដ្ឋនៅក្នុងទឹកដី ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង នាពេលកន្លងទៅ ។

លោក ដួង តេង បានបញ្ជាក់ថា នៅពេលនេះ កម្លាំងសមត្ថកិច្ចរបស់លោក បាននឹងកំពុង ធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុម ចោរទាំងពីរនាក់យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ក្នុងករណីសំឡុត ហើយប្លន់យកថង់ដាក់គ្រឿងបា្លទីន ខាងលើនេះ ជនរងគ្រោះ មិនបានរងរបួសអ្វី នោះឡើយគ្រាន់ តែមានការភ័យតក់ស្លុតប៉ុណ្ណោះ ហើយគ្រួសារជនរងគ្រោះ ក្រៅពីរកស៊ីប្ដូរប្រាក់និងលក់ គ្រឿងអលង្ការខាងលើនេះ ក៏បើកគ្លីនិកព្យាបាល ជំងឺទូទៅផងដែរ នៅតំបន់នោះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]