ខេត្តបាត់ដំបង​ ៖ «​ពិតជា​ធ្វើបុណ្យ​បាន​ទោស​មែន​» បុរស​ភេទ​ទី​៣​ម្នាក់​បាន​ក្លាយជា​អ្នកទោស ដោយសារ​តែ​ឆក់​យក​ទូរស័ព្ទ​ដៃ​កញ្ចាស់​មួយ​គ្រឿង​ពី​យុវជន​ម្នាក់ ដែល​ពឹង​ឲ្យ​ខ្លួន​ជួយ​សម្រេច​តណ្ហា ហើយ​មិន​ព្រម​ឲ្យ​លុយ​ជា​ថ្នូរតាម​ការ​សន្យា​។

កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបងបាន​ឃាត់ខ្លួន​បុរស​ភេទ​ទី​៣​នេះ កាលពី​យប់​ថ្ងៃ​ទី​៣១ ​សីហា នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង គ្រា​ដែល​ប្រទះ​ឃើញ​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​កន្លែង​កើតហេតុ​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​តាំង វាសនា ហៅ​ជី​ម អាយុ​២៣​ឆ្នាំ ជា​បុរស​ភេទ​ទី​៣ រស់នៅ​ក្នុងភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ រីឯ​យុវជន​ដាច់​យ៉ៃ​ដែល​ពឹង​ឲ្យ​បុរស​ភេទ​ទី​៣​ជួយ​សម្រេច​ត​ណ្ហាហើយ​មិន​ព្រម​ឲ្យ​លុយ​តាម​ការ​សន្យា​នោះ​ឈ្មោះ​សូត្រ មក​រា អាយុ​២៤​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

មន្ត្រី​ដដែល​និយាយ​ថា ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន ពេល​ដែល​សមត្ថកិច្ច​ជិះ​ម៉ូតូ​ល្បាត​ប្រទះ​ឃើញ​ភាគី​ទាំង​២​កំពុង​ដេញចាប់​ប្រទាញប្រទង់​គ្នា ហើយ​ក៏​នាំ​ខ្លួន​មក​កាន់​ទីបញ្ជាការ​ដើម្បី​សាកសួរ​តែ​ម្ដង​ទៅ​។ 

ជនសង្ស័យ​ភេទ​ទី​៣​ឈ្មោះ​តាំង វាសនា ហៅ​ជី​ម បាន​រៀបរាប់​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ឈ្មោះ​សូត្រ មក​រា បាន​ទាក់ទង​ឲ្យ​ខ្លួន​ជួយ​សម្រេច​តណ្ហា ដោយ​សន្យា​ថា ឲ្យ​លុយ​ខ្លួន​ចាយ​។ ប៉ុន្តែ​ក្រោយ​ពី​ខ្លួន​ជួយ​បាន​សម្រេច​ដល់​គោលដៅ​ហើយ បែរជា​ជន​នេះ​ធ្វើ​ឬក​បែប​«​ដល់ត្រើយ​សើយ​គូទ​» មិន​ព្រម​ឲ្យ​លុយ​ខ្លួន​ចាយ​តាម​ការ​សន្យា បើ​ទោះជា​ខ្លួន​ព្យាយាម​ចុច​ទូរស័ព្ទ​សួរនាំ​ពី​រឿង​លុយ​ច្រើន​ដង​ក្ដី​។

បុរស​ភេទ​ទី​៣​រូប​នេះ​បាន​បន្ត​ថា ដោយសារ​តែ​ជន​នេះ​កុហក​បោកប្រាស់​ទើប​នៅ​យប់​កើតហេតុ​ខ្លួន​បាន​ស្វែងរក​ឃើញ​ជន​កំហូច​នេះ​កំពុង​ឈរ​និយាយ​ទូ​ស័ព្ទ​នៅ​ចំណុច​ខាងលើ ខ្លួន​ក៏​ឆក់​យក​ទូរស័ព្ទ​កញ្ចាស់​នោះ​តែ​ម្ដង តែ​ចៃដន្យសមត្ថកិច្ច​ជិះ​ម៉ូតូ​មក​ឃើញ​ក៏​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ដែរ​ថា ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​យក​ពី​ឈ្មោះ​សូត្រ មក​រា នោះ ម៉ាក​ណូ​គារ​ស៊េរី​ចាស់​(​អិន​ចុច​ពិល​) ​​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]