កូរ៉េខាងត្បូង៖ បុរសម្នាក់បានស្លន់ស្លោរ និងបង្ហោះសារ ស្វែងរកដំណោះស្រាយ នៅលើបណ្តាញសង្គម នៅពេលដែលគាត់ បានឃើញមិត្តស្រីរបស់គាត់ មិនបានផាត់មុខ (makeup) ជាលើកដំបូង។


(រូបតំណាង)

ជាការពិតណាស់ បច្ចេកទេសនៃការផាត់មុខសព្វថ្ងៃនេះ ហាក់មានភាពរីកចម្រើន ពី១ថ្ងៃទៅ១ថ្ងៃ បើទោះបីជាមនុស្សមានសម្រស់ បែបសាមញ្ញម្នាក់ ក៏អាចកាឡៃឲ្យទៅជាស្រស់ស្អាត និងលេចធ្លោរបានដែរ។ ហើយបើយើងក្រឡេកទៅមើល តារាល្បីៗមួយចំនួនវិញ ពេលខ្លះពួកគេក៏អាចបន្លាច អ្នកគាំទ្រម្តងៗដែរ នៅពេលដែលពួកគេ មិនបានផាត់មុខ ដូចពេលសម្តែង នៅមុខកញ្ចក់កាម៉េរ៉ា រាល់សព្វមួយដងនោះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ បុរសជនជាតិកូរ៉េម្នាក់ បានបង្ហោះសារ នៅលើបណ្តាញសង្គម ដើម្បីស្វែងរកជំនួយ និងការប្រឹក្សា នៅពេលដែលរូបគាត់ បានឃើញមិត្តស្រី មិនបានផាត់មុខជាលើកដំបូង។

គាត់បានសរសេរថា៖

"នារីៗ សូមជួយខ្ញុំផង! ឥឡូវនេះខ្ញុំកំពុងស្ថិតក្នុងពេលធ្វើដំណើរកម្សាន្ត ជាមួយមិត្តស្រីរបស់ខ្ញុំ ហើយខ្ញុំបានឃើញ មុខធម្មជាតិរបស់នាង ជាលើកដំបូង"។

"ពេលនេះ នាងកំពុងតែគេង ហើយខ្ញុំគេងមិនលក់នោះទេ។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ទើបសម្រេចចិត្ត បង្ហោះសារទាំងនេះ"។

បើតាមសាររបស់គាត់ ដែលបានបង្ហោះ ជាបន្តបន្ទាប់ជាច្រើនទៀត បានឲ្យដឹងថា មិត្តស្រីរបស់គាត់ មិនដែលបង្ហាញ មុខធម្មជាតិរបស់នាងនោះទេ គឺរយៈពេល ៣០០ថ្ងៃមកហើយ។ នាងតែងតែ បង្ហាញខ្លួនយឺតពេល រៀងរាល់ការណាត់ជួប រវាងអ្នកទាំងពីរ ប៉ុន្តែគឺនាងពិតជាស្រស់ស្អាតឥតខ្ចោះ។ មុខរបស់នាងសម៉ដរលោង ចំនែកភ្នែករបស់នាង ដូចទៅនឹងតារាស្រី នាង Taeyeon។

គាត់បានប្រាប់ឲ្យដឹងដែរថា មិត្តស្រីរបស់គាត់ បានសុំបង្ហាញមុខមាត់ពិត របស់នាងជាលើកដំបូង ពេលនោះគាត់មានចិត្តសប្បាយរីករាយខ្លាំងណាស់ ប៉ុន្តែនៅពេលដែលនាង បានជូតមុខចេញទើបដឹងថា អ្វីៗគឺពិតជាខុសប្លែកគ្នាខ្លាំងណាស់ ប្រៀបដូចជាមនុស្ស ពីរនាក់ផ្សេងគ្នា។ អ្វីដែលគាត់ភ្ញាក់ផ្អើល ខ្លាំងជាងគេនោះ គឺពីមុនគាត់គិតថាមុខរបស់នាងសស្អាត ប៉ុន្តែតាមពិតមុខរបស់នាង គឺពណ៌ក្រហមត្នោតទៅវិញទេ ហើយចំនែកភ្នែក ដែលមានត្របក២ជាន់ ដូចទៅនឹង នាង Taeyeon នោះ គឺប្រែក្លាយទៅជា ភ្នែកគ្មានត្របក និងមើលទៅមិនអាច ទទួលយកបាន។ 

គាត់បានប្រាប់ទៀតថា គាត់បានខិតខំសម្រួលអារម្មណ៍ និងសម្តែងធ្វើជាមិនអី នៅចំពោះមុខនាង ដែលតាមពិតក្នុងចិត្តគឺពិបាកខ្លាំងណាស់ ទើបនៅពេលដែលនាងគេងលក់ គាត់បង្ហោះសារទាំងនេះតែម្តង។ មិនតែប៉ុណ្ណោះ គាត់ក៏បានប្រាប់ឲ្យនាង បង្ហាញអំពីដំណើរការ នៃការផាត់មុខរបស់នាងផងដែរ។ គាត់គិតថា គាត់ពិតជាមិនអាច ចំណាំមុខមិត្តស្រី របស់គាត់បានទេ នៅពេលដែលនាង វង្វេងនៅតាមផ្លូវនោះ។

គាត់ក៏បានបញ្ជាក់ដែរថា គាត់មិនមែនចង់វាយតម្លៃ ទៅលើមុខមាត់របស់ គូស្នេហ៍របស់ខ្លួននោះទេ ប៉ុន្តែវាពិតជារឿងភ្ញាក់ផ្អើលណាស់ ប្រៀបដូចជានាង បានប្រែកាយក្លាយទៅជា មនុស្សម្នាក់ផ្សេងទៀត យ៉ាងដូច្នោះដែរ។

តែទោះជាយ៉ាងណា ដំណើរកម្សាន្ត របស់អ្នកទាំងពីរ នឹងត្រូវបញ្ចប់នៅថ្ងៃស្អែក ហើយគាត់នឹងជូននាង ត្រលប់ទៅផ្ទះរបស់នាង វិញផងដែរ៕

តើប្រិយមិត្ត គិតយ៉ាងណា ចំពោះរឿងនេះ? សូមផ្តល់ជាមតិយោបល់ ជូនគាត់ផង!?

ប្រភព Koreaboo

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]