ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ គេសង្កេតឃើញថា គ្រួសារទាំងមូល របស់កញ្ញា ភិន សុដាលីស ដែលមានឪពុក ជាម្ចាស់ផលិតកម្ម លោក អ៊ិន សុភិន កំពុងតែមានភាពចម្រូងចម្រាស មិនយល់ចិត្តថ្លើមគ្នា ធ្វើឲ្យគ្រួសារនេះ មានភាពរង្គោះរង្គើ ដោយសារតែកូនស្រីបណ្តូលចិត្ត របស់លោក គឺ កញ្ញា ភិន សុដាលីស កំពុងត្រូវបានគេសង្ស័យថា មានចំណងស្នេហា ជាមួយតារាសម្ដែង និងពិធីករល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ។ ប៉ុន្តែស្នេហានេះ ត្រូវបានឪពុករបស់នាង បដិសេធ មិនទទួលយក ហើយព្យាយាម ពុះហែកបំបែកស្នេហ៍នេះ ឲ្យដើរផ្លូវទីទៃពីគ្នា ព្រោះ ថាបំណងរបស់ឪពុកនាង ចង់ឲ្យនាងចូលរោងការជាមួយ លោក ប៉ែន តុលា ដែលជាអតីតគូដណ្តឹង ។

ក្រោយពី លោក អ៊ិន សុភិន បានផ្ទុះជម្លោះ ដល់ថ្នាក់ប្រើអំពើហិង្សា ជាមួយលោក ប៉ែន ចំរ៉ុង រួចមក តារាស្រីនាង ភិន សុដាលីស ដោយសារតែទ្រាំមិនបាន និងការឈឺចាប់នាងក៏សម្រេចចិត្ត ចុះចោលផ្ទះ ដោយទ្រាំនឹងការបង្ខំចិត្ត ពីសំណាក់ឪពុករបស់ខ្លួនមិនបាន។ បន្ទាប់ពីនាង បានចេញពីផ្ទះ បានប៉ុន្មានថ្ងៃ នាងក៏បានចេញមុខទម្លាយអាថ៌កំបាំង ក្នុងចិត្តប្រាប់ដល់មហាជន តាមរយៈឃ្លីបវីដេអូ ប្រមាណជិត១៥នាទី ថារឿងរ៉ាវគ្រប់យ៉ាង គឺកើតចេញពីបុរសម្នាក់ ដែលជាអតីតគូដណ្តឹងរបស់នាង គឺ លោក ប៉ែន តុលា ។

ជារឿយៗឪពុករបស់នាង តែងតែដាក់សម្ពាធមកលើ នាងឲ្យទទួលយកបុរសម្នាក់នេះ ធ្វើជាស្វាមី ។ នៅក្នុងនោះដែរ ដោយសារតែអារម្មណ៍ ឈឺចាប់ខ្លាំង តារាស្រីរូបនេះ ក៏បានសុំចិត្ត ឪពុក ឲ្យយល់ពីអារម្មណ៍ និងចិត្តរបស់នាង ព្រមទាំងបានចោទសួរ ឪពុកនាងថា រវាងនាងជាកូនបង្កើត និងលោក ប៉ែន តុលាជាអ្នកដទៃ តើឪពុកនាងជ្រើសយកអ្នកណា?

តាមរយៈការចោទជាសំណួរនេះ បានសបញ្ជាក់ឲ្យដឹងច្បាស់ថា ឪពុករបស់នាង លោក អ៊ិន សុភិន បានយកចិត្តទុកដាក់ស្រលាញ់ លោក ប៉ែន តុលា ខ្លាំងណាស់ ស្ទើរតែស្រលាញ់ជាងកូនបង្កើតទៅទៀត។ ដោយសារតែបែបនេះ បានធ្វើឲ្យមហាជន ជាច្រើនកើតជាចម្ងល់ ថាហេតុអី បើកូនស្រីមិនស្រលាញ់ មិនចង់រៀបការហើយនោះ ឪពុករូបនេះនៅតែបង្ខំកូនស្រី ឲ្យរៀបការជាមួយបុរសម្នាក់នោះទៀត? តើ ប៉ែន តុលា ជាអ្នកណា ? ហេតុអីឪពុករបស់ ភិន សុដាលីស ស្រលាញ់លោកខ្លាំង ជាងកូនស្រីរបស់ខ្លួនបែបនេះ?

ប្រវតិ្តរបស់ ប៉ែន តុលា
បុរសសង្ហា លោក ប៉ែន តុលា គឺជាតារាសម្តែង និងជាអតីតតារាបង្ហាញម៉ូដ នៅក្នុងក្រុម Sun Super Model ដោយលោកបានបោះជំហាន ចូលប្រឡូកក្នុងវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ២០១០។ លោកមានស្រុកកំណើតនៅខេត្តព្រះសីហនុ ឪពុកម្តាយរបស់លោក គឺជាអ្នកជំនួញ មានជីវភាពធូរធារ នៅឯស្រុកកំណើត ដោយសារតែទឹកចិត្ត ស្រលាញ់សិល្បៈ លោកក៏បានមកទីក្រុងភ្នំពេញ ចូលប្រឡូកសិល្បៈ ។ កាលនោះលោកបានចូលរួម ការដើរម៉ូដ សម្តែង និងថតស្ពតពាណិជ្ជកម្ម ជាហូរហែ នៅក្នុងនោះដែរលោក ត្រូវបានមហាជនចាប់ផ្តើមស្គាល់ តាមរយៈការថតស្ពតឲ្យស្រាបៀរ អង្គរ និងសម្តែងកាយវិការខារ៉ាអូខេ ឲ្យផលិតកម្មថោន ក្នុងបទ«ហួសពេលដែលបងត្រូវអើពើ» ដែលជាសំនៀងរបស់ កញ្ញា មាស សុខសោភា និងបទចម្រៀង ជាច្រើនទៀត។

ក្រោយពីទស្សនិកជន ចាប់ផ្តើមស្គាល់ លោក ប៉ែន តុលា ក៏ត្រូវបានម្ចាស់ផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានឃើញពេញចិត្ត ក៏ផ្តល់ឱកាសឲ្យថតឈុតខារ៉ាអូខេ ឲ្យផលិតកម្មលោក កាលពី៥ឆ្នាំមុន ហើយក្រោយពីលោកមានឱកាស បានថតឲ្យផលិតកម្មនេះរួចមក និងដោយសារតែ មើលឃើញចរិតឫកពា របស់ លោក សុភិន ជាចាស់ទុំគួរឲ្យគោរពស្រលាញ់នោះ ប៉ែន តុលា ក៏បានសម្រេចចិត្ត សុំម្ចាស់ចាងហ្វាងខាងលើនេះ ធ្វើជាឪពុកធម៌។

រយៈពេលជាង៤ឆ្នាំហើយ ដែលលោកបានក្លាយ ទៅជាកូនធម៌របស់លោក អ៊ិន សុភិន ហើយបានឲ្យលោក មករួមរស់ក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នា។ នៅក្នុងនោះ ម្ចាស់ចាងហ្វាងរូបនេះ ថែមទាំងប្រៀនប្រដៅ មើលថែលោកនិងបង្រៀនលោក ឲ្យចេះធ្វើការរកស៊ី ប្រៀបដូចជាកូនបង្កើត ។ លើសពីនេះ លោក សុភិន ថែមទាំងទុកចិត្ត តុលាឲ្យជួយមើលការខុសត្រូវ មុខរបរ និងក្រុមហ៊ុនសាងសង់ខុនដូរ ថែមទៀតផង ។

ក្រោយមក ប៉ែន តុលា ក៏ចាប់ផ្តើមមានចិត្ត ស្រលាញ់ទៅលើ កញ្ញា ភិន សុដាលីស ដែលជាកូនស្រីបង្កើតរបស់លោក អ៊ិន សុភិន (ជាឪពុកធម៌លោក) ហើយ លោកអ៊ិន សុភិន ក៏បានពេញចិត្តពេញថ្លើមលើកកូនស្រីឲ្យ ដោយមិនប្រកែកអ្វីទាំងអស់ រហូតដល់សម្រេចចិត្តធ្វើភ្ជាប់ពាក្យ ជាមួយគ្នាផ្អើលអស់អ្នករស់នៅខណ្ឌសែនសុខ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ ។

ប៉ុន្តែស្នេហា ដែលបានទទួលដឹងឮ រវាងចាស់ទុំ ទាំងសងខាងនេះ មិនបានស្ថិតស្ថេរគង់វង្សនោះឡើយ ពោល ភិន សុដាលីស បានសម្រេចចិត្តចែកផ្លូវគ្នាដើរ ព្រោះតែខឹងនឹងគូដណ្ដឹង និងមានរឿងជាច្រើនទៀត ដែលមិនអាចលើកលែងឲ្យបាន ។ ទោះបីជាយ៉ាងណា ក្នុងជម្លោះនេះ ថ្វីបើ ដាលីស ប្រកាន់ជំហរ តាំងពីផ្ដាច់ពាក្យថា មិនវិលរក តុលា ក្ដី ប៉ុន្តែលោក អ៊ិន សុភិន ជាឪពុកនៅតែចង់ឲ្យកូនៗទាំងពីរជានា ជាមួយគ្នាវិញ ព្រោះ តុលា បានទទួលស្គាល់កំហុសឆ្គង និងសុំទោសជាច្រើនដង ដល់គ្រួសារ ដាលីស ហើយបន្តរស់នៅក្នុងផ្ទះនេះដដែល។

ប៉ុន្តែអ្វីដែលធ្វើឲ្យបែករឿង រហូតដល់ថ្នាក់ក្នុងគ្រួសារត្រូវច្របូកច្របល់ ដល់សព្វថ្ងៃនេះ គឺនៅពេលដែល ដាលីស មិនអាចរស់នៅក្នុងស្ថានភាព គំនាបពីឪពុក ចំពោះការបង្ខំឲ្យរៀបការជាមួយ ប៉ែន តុលា ម្ដងជាពីរដង ។ គាប់ជូនពេលនោះ ក៏លេចវត្តមាន លោក ប៉ែន ចំរ៉ុង ដែលលោក អ៊ិន សុភិន បានហៅឲ្យ ទៅសម្ដែងក្នុងរឿង «អាព្រឿងងាប់ហើយ..» ដោយបានឲ្យសម្ដែងជាតួឯក ជាមួយកូនស្រីរបស់ខ្លួន គឺ ភិន សុដាលីស ។

អ្វីដែលមិននឹកស្មានដល់ គឺបន្ទាប់ពីការសម្ដែង និងការដាក់បញ្ចាំងរឿង «អាព្រឿងងាប់ហើយ» ត្រូវបានបញ្ចប់ ងាកមកក្រៅសាច់រឿងវិញ លោក អ៊ិន សុភិន ចាប់ផ្ដើមមើលឃើញ ពីទំនាក់ទំនងកូនស្រី ជាមួយនឹង ប៉ែន ចំរ៉ុង ហាក់មិនមែនជាទំនាក់ទំនងធម្មតា ។ ពេលនោះក៏ចាប់ផ្ដើម មានចិត្តស្អប់ ប៉ែន ចំរ៉ុង ព្រោះតែ ចំរ៉ុង បានទាក់ទងកូនស្រីក្នុងផ្លូវមួយ ដែលលោក អ៊ិន សុភិន មិនអាចទទួលយកបាន ។

ងាកមក ប៉ែន តុលា ឯណោះវិញ បើទោះបីជាដឹងថា រឿងបានផ្ទុះបែកធ្លាយ ជាសាធារណៈ ទៅហើយក្ដី ក៏លោក នៅតែរក្សា ទំនាក់ទំនងល្អ ជាមួយគ្រួសារ ដាលីស ដដែល ជាពិសេសជាមួយឪពុក ដាលីស ។ តុលា នៅតែអះអាងថា លោកនឹងលើកលែងទោស គ្រប់យ៉ាងចំពោះ ដាលីស មនុស្សជាទីស្រឡាញ់របស់ខ្លួន បើទោះបីនាងមានកំហុស រត់ចេញពីផ្ទះ និងខឹងលោកខ្លាំងយ៉ាងណាក៏ដោយ ក៏មិនប្រកាន់ដែរ សំខាន់ឲ្យតែបានរៀបការជាមួយគ្នា ។ ប៉ុន្តែ ដាលីស វិញនាងមិនអាចត្រឡប់ក្រោយ តាមចិត្តឪពុក តាមគ្រួសារ ជ្រើសយក តុលា ជាគូអនាគតបានឡើយ ហើយនាងសម្រេចចិត្ត បោះបង់គ្រួសារ បើគ្រួសារ មិនគោរពតាមការសម្រេចចិត្តរបស់នាង។ តើរឿងនេះ នឹងទៅជាយ៉ាងណា រវាងមនុស្សជាទីស្រឡាញ់ និងគ្រួសារ ? តើដាលីស នៅតែប្រកាន់ជំហរបែបនេះ ឬបន្ទន់ចិត្ត? តើលោក អ៊ិន សុភិន នៅតែបង្ខំ កូនស្រីឲ្យរៀបការ ជាមួយ តុលា ឬព្រមតាមចិត្តកូនស្រី ?






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ភិន សុដាលីស