រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ ចំការមន​ចាប់​ឃាត់ខ្លួន​កាលពី ​ល្ងាច​ថ្ងៃ​ទី​៣១ សីហា ២០១៥ នៅ​ចំណុច​កន្លែង ​វេរ​លុយ​វី​ង យីហោ MK ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ពី​បទ​ឆបោក​លុយ​ តាម​ហ្វេ​ស​ប៊ុ​ក​ចំនួន​៣០០០​ ដុល្លារ​អា​មេ​រិ​ក ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ គឹ​ម សូលី​ដា អាយុ​២១​ឆ្នាំ រស់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​បោក​លុយ​នារី​រង​គ្រោះ​ឈ្មោះ យឹ​ម ចរិយា អាយុ​២២​ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន តាម​រយៈ​ការ​ បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក (Account Facebook) ដាក់​ឈ្មោះ​ដូច​បងប្អូន និង​សាច់ញាតិ ​រស់​នារី​រង​គ្រោះ​ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​ឆាត (Chat) មក​លេង​ជា​ញឹកញាប់ បន្ទាប់​មក​ក៏​សុំ​ខ្ចី​លុយ ដោយ​លើក​ទី​១​ខ្ចី​៥០០​ដុល្លារ លើក​ទី​២ ខ្ចី​១៥០០​ដុល្លារ និង​លើក​ទី​៣ ខ្ចី​១០០០​ដុល្លារ ​សរុប​ទាំង​អស់​៣០០០ ដុល្លារអាមេរិក ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ទៀត​ថា នារី​រង​គ្រោះ​បាន​ប្រាប់​ថា ដោយសារ​ខ្ចី​ញឹកញាប់ និង​ឆ្ងល់​ពេក នារី​រង​គ្រោះ​ក៏​ទូរស័ព្ទ​ទៅ​សួរ​បងប្អូន ក៏​ត្រូវ​បងប្អូន​ដែល​រស់នៅ​ សហរដ្ឋអាមេរិក​ថា អត់​ដឹង​អី​ផង ទើប​ដឹងខ្លួន​ថា​ត្រូវ​គេ​បោក ។ ក្រោយ​ពី​ដឹង​ថា​ត្រូវ​គេ​បោក នារី​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យ បណ្តឹង​នៅ​អាវុធហត្ថ​តែ​ម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]