ឥណ្ឌា៖ បន្ទាប់ពីមានសារព័ត៌មាន ជាច្រើនក្នុងពិភពលោក រួមទាំងខ្មែរឡូត បានធ្វើការចុះផ្សាយ នូវព័ត៌មានមួយដែល និយាយអំពីបងប្អូនស្រី២នាក់ ត្រូវបានគេដាក់ទណ្ឌកម្ម ដោយការចាប់រំលោភ ក្រោយពីបងប្រុសរបស់ ពួកនាងរត់តាមស្រីម្នាក់ រួចមក បានធ្វើឲ្យ មនុស្សជាច្រើនមានការ ខឹងសម្បារយ៉ាងខ្លាំង ដែលនាំឲ្យប៉ូលីស របស់ប្រទេសឥណ្ឌា ចេញប្រតិបត្តិការចាប់ខ្លួន ក្រុមប្រឹក្សាភូមិដែល ជាអ្នកបង្កើតទណ្ឌកម្ម ដ៏ល្ងង់ខ្លៅមួយនោះ យកមកដាក់ទោស។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រឿងហេតុនេះបានកើតឡើង នៅក្នុងភូមិមួយនៃរដ្ឋ Uttar Pradesh ភាគខាងជើងនៃ ប្រទេសឥណ្ឌា ដែលមានបងប្អូនស្រី២នាក់ ម្នាក់មានអាយុ ២៣ឆ្នាំ ឈ្មោះថា Minakshi Kumari និងម្នាក់ទៀតមាន អាយុ១៥ឆ្នាំ ត្រូវបានក្រុមប្រឹក្សាភូមិ សម្រេចដាក់ទណ្ឌកម្ម ដោយត្រូវឲ្យគេចាប់រំលោភ។ ហើយលើសពីនេះទៀត ក្រុមប្រឹក្សាភូមិទាំងនោះ ក៏បានបញ្ជាឲ្យពួកគេ លាបមុខខ្មៅ ហើយដើរស្រាតទៀតផង ដើម្បីជាការសងសឹង ទៅដល់ទង្វើបងប្រុស របស់ពួកគេ។

ការសម្រេចដាក់ទណ្ឌកម្ម ដ៏ល្ងង់ខ្លៅមួយនេះ មានឡើងបន្ទាប់ពី បងប្រុសរបស់នារីទាំង២នោះ បានលួចស្រឡាញ់គ្នា ជាមួយនឹងនារីម្នាក់ ដែលមានវណ្ណៈខ្ពស់ជាង ព្រមទាំងបានធ្វើការពង្រត់គ្នា។ តែយ៉ាងណាមិញ ការដាក់ទណ្ឌកម្មមួយនេះ បានធ្វើឲ្យមានការ ផ្ទុះកំហឹងយ៉ាងខ្លាំង ពីសំណាក់មនុស្ស ជាច្រើនជុំវិញពិភពលោក ហើយក្នុងនោះអង្គការ Amnesty International ក៏បានធ្វើការ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះរឿងរ៉ាវមួយនេះផងដែរ។ ដោយសារតែមាន ការខឹងសម្បារ និងថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់ មនុស្សជាច្រើនបែបនេះហើយ ទើបនាំឲ្យប៉ូលីសរបស់ប្រទេសឥណ្ឌា ចេញប្រតិបត្តិការអន្តរាគមន៍ ហើយឈានទៅដល់ការ ចាប់ខ្លួនក្រុមប្រឹក្សាភូមិទាំងនោះ បញ្ជូនមកតុលាការដើម្បីធ្វើការកាត់ទោស តាមផ្លូវច្បាប់។


ការដាក់ទណ្ឌកម្ម ឲ្យមានការចាប់រំលោភ ទៅលើបងប្អូនស្រី២នាក់ ធ្វើឲ្យមានការផ្ទុះកំហឹង ជុំវិញសកលលោក

លោក Rachel Alcock អ្នកសម្របសម្រួលកិច្ចការបន្ទាន់ របស់អង្គការ Amnesty នៃចក្រភពអង់គ្លេស បាននិយាយថា “ករណីរំលោភ មិនមែនជាការដាក់ទណ្ឌកម្មនោះទេ តែវាគឺជាបទឧក្រិដ្ឋ ដ៏គួរឲ្យស្អប់ខ្ពើមបំផុតមួយ ដូច្នេះហើយទើបនាំឲ្យមនុស្សទូទាំងសកលលោក ផ្ទុះកំហឹងយ៉ាងខ្លាំងបែបនេះ"។

គាត់បានបន្តទៀតថា "យ៉ាងណាមិញពេលនេះ តុលាការកំពូលរបស់ ប្រទេសឥណ្ឌា ក៏បានកំពុងតែធ្វើការវិនិច្ឆ័យ ដើម្បីសម្រេចដាក់ទោស ទៅលើក្រុមប្រឹក្សាភូមិទាំងនោះ ចំពោះសេចក្តីសម្រេចដាក់ទណ្ឌកម្មដ៏ល្ងង់ខ្លៅ របស់ពួកគេទាំងនោះ។ ចំណែកឯក្រុមគ្រួសាររបស់ជនរងគ្រោះវិញ ពេលនេះកំពុងត្រូវបានទទួលការ មើលថែទាំ ពីសំណាក់ក្រុមអាជ្ញាធរផងដែរ”។

គួរបញ្ជាក់ផងដែរថា ជុំវិញព័ត៌មានមួយនេះ មិនត្រឹមតែធ្វើឲ្យប្រិយមិត្តអ្នកអាន ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែមនុស្សជាច្រើនជុំវិញពិភពលោក បានសម្តែងការខឹងសម្បារ និងថ្កោលទោសចំពោះ ការដាក់ទណ្ឌកម្ម ប្រភេទនោះ៕


ទីតាំងនៃភូមិមួយនោះ ដែលជាកន្លែងកើតហេតុ

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]