ខេត្តរតនគិរី ៖ ល្បែង​ឆ្នោត​ (​កន្ទុយលេខ​)​ រីក​ដូច​ផ្សិត​ពេញ​ក្រុង​បាន​លុង ហើយ​មាន​មេ​ឆ្នោត​មួយ​ចំនួន​ ធ្វើ​នំ​អត់​ម្សៅ ពេល​កូន​ចាក់​ត្រូវ​អត់​មាន ​លុយ​បើក​ឱ្យ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​២​រសៀល មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​ អ្នក​ចាក់​ឆ្នោត​ម្នាក់​ចាក់​ត្រូវ​លេខ​ធំ ​(​លេខ​៣​ខ្ទង់​)​ មួយ​លេខ​ចំនួន​១​ម៉ឺន​រៀល ត្រូវ​បាន​ចំនួន​៦​លាន​រៀល បើក​លុយ​អត់​បាន​គ្រប់​ចំនួន ​ក៏​រត់​មក​រក​អ្នកកាសែត​ជួយ​ចុះ​ផ្សាយ​ឱ្យ​សមត្ថកិច្ច ​មូលដ្ឋាន​បាន​​ដឹង និង​ជូនដំណឹង​ដល់​អ្នក​និយម​លេង ​កន្ទុយលេខ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ។

ទាក់ទិន​ករណី​ខាងលើ ស្ត្រី​ម្នាក់​មានឈ្មោះ ស្រី​ម៉ា​ប់ មាន​លំ​ទី​នៅ​ក្រុង​បាន​លុង បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព​ត៌​មាន​យើង​ថា ល្បែង​កន្ទុយលេខ​មាន​២​ពេល គឺ​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ​ចេញ​លេខ​ឆ្នោត​ម្តង​ ហើយ​ម៉ោង​៦​ និង​៣០​នាទី​ល្ងាច ចេញ​លេខ​ឆ្នោត​ម្តងទៀត ។

ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា គាត់​បាន​ចាក់​លេខ​ឆ្នោត​ នៅ​ពេល​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ចំនួន​៩​លេខ ដោយ​មាន​អ្នក​ដើរ​កត់​លេខ​ ឆ្នោត​មានឈ្មោះ​ ស្រី​ចិន ហើយ​ស្ត្រី​ឈ្មោះ ម៉ា​ប់ នេះ​បាន​ចាក់​ត្រូវ​លេខ​ធំ​មួយ​លេខ គឺ​លេខ​៥៧៩ ពេល​ចាក់​ត្រូវ​បែប​នេះ ​មានការ​សប្បាយចិត្ត​ យ៉ាង​ខ្លាំង​បាន​ទៅ​បើក​លុយ​ពី​ឈ្មោះ ស្រី​ចិន ពេល​ទៅ​ដល់​ស្រាប់តែ​ឈ្មោះ ស្រី​ចិន ​ប្រាប់​គាត់​វិញ​ថា មេ​ធំ​អត់​លុយ​បើក​ឱ្យ​ទេ មាន​តែ​១​លាន​៦​ម៉ឺន​រៀល សល់​ប៉ុន្មាន​ទៀតគាត់ (ស្រី​ចិន) សុំ​បង់​ជំនួស​ឱ្យ​មេ​ធំ​ក្នុង​ ១​ថ្ងៃ​១០​ម៉ឺន​រៀល ។

ដោយ​មើលឃើញ​ទ​ង្វើ ស្រី​ចិន ធ្វើ​នំ​អត់​ម្សៅ​ជាមួយ​មេ​ធំ និង​គ្មាន​ការ​ទទួលខុសត្រូវ​បែប​នេះ​ ទើប​គាត់​ផ្ទុះ​កំហឹង​ រត់​មក​ប្តឹង​អ្នក​សែត​ជួយ​ចុះ​ផ្សាយ​កុំ​ឱ្យ​ចាញ់បោក​មេ​កន្ទុយ​លេខ​មួយ​ចំនួន​នៅ​ក្រុង​បាន​លុង​ដូច​រូប​គាត់ទៀត ។

សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ល្បែង​កន្ទុយលេខ​ នៅ​ក្រុង​បាន​លុង​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង មិន​ថា​អ្នកមាន​ទ្រព្យ សម្បត្តិ ឬ​អ្នកក្រ​ទេ បបួល​គ្នា​ចាក់​លេខ​ឆ្នោត​គ្រប់​ៗ​គ្នា ហើយ​ព្រោះតែ​ល្បែង​ឆ្នោត​នេះ​ ហើយ​មាន​ក្រុម​គ្រួសារ​ខ្លះ​ចាក់​កន្ទុយលេខ ​ចាញ់​អស់​លុយ ប្តី​វ៉ៃ​ប្រពន្ធ ប្រពន្ធ​វ៉ៃ​ប្តី រករឿង​ជេរ​គ្នា​ផ្អើល​ពេញ​ភូមិ ។

ដោយឡែក​ប្រភព​ព័ត៌មាន​ពី ​អ្នក​ដើរ​កត់​កន្ទុយលេខ​ម្នាក់​ បាន​ឲ្យ​ដឹង​ថា កូនកញ្ច្រែង​នៅ​ក្នុង​ក្រុង​បាន​លុង​ មាន​បុរស​-​ស្រី​មិន​ក្រោម​ជាង​២០​នាក់​ទេ និង​មេ​ធំ​ប្រហែល​ជាង​១០​នាក់ ​ក្នុង​ក្រុង​បាន​លុង ដែល​សមត្ថកិច្ច​មិន​ដែល​ធ្វើការ​បង្ក្រាប​ទេ គាត់​បាន​បញ្ជាក់​ទៀត​ថា មេ​ឆ្នោត​ធំ​ៗ​ជាង​១០​នាក់​នោះ​បាន ​បង់លុយ​ប្រចាំខែ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ជា ​រៀង​រាល់​ខែ​អស់ហើយ ទើប​សមត្ថកិច្ច​មិន​ធ្វើការ​បង្ក្រាប ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]