ខេត្តព្រៃវែង ៖ អ្នក​ភូមិ​ក្មេង​-​ចាស់​ប្រមាណ ​២០​នាក់ ដែល​មាន​អាកា​រៈ​ទន់ដៃ ទន់ជើង​ហើយ​សន្លប់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ បង្អែក​ស្រុក​កំចាយមារ កាលពី​រសៀល​ថ្ងៃ​ទី​២៧ សីហា ។

លោក​វេជ្ជបណ្ឌិត ទឹម ប៉េង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ កំចាយមារ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​មាន​អាកា​រៈ​ដូច​ខាងលើ ហើយ​បញ្ជូន​មក​កាន់ ​មន្ទីរពេទ្យ​បង្អែក​នេះ គឺ​រស់នៅ​ភូមិ​ពោធិ៍​ថ្មី ឃុំ​ព្រាល ស្រុក​កញ្ជ្រៀច​។ ប៉ុន្តែ​ដោយ​ស្រុក​កញ្ជ្រៀច ​អត់​មាន​មន្ទីរពេទ្យ​បង្អែក ទើបត្រូវ​បាន​ដឹក​មក​ កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំចាយមារ​ចាប់តាំងពី​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​២៧ សីហា នោះ ទម្រាំ​ដឹក​មក​ដល់ គឺ​អ្នក​ភូមិ​ខ្លះ​សន្លប់ ខ្លះ​ទន់ដៃទន់ជើង ។ លោក​វេជ្ជបណ្ឌិត មិន​ទាន់​សន្និដ្ឋាន ​ថា​យ៉ាងណា​ទេ ទាក់ទិន​នឹង​អាកា​រៈ​ របស់​អ្នក​ភូមិ​ទាំងនេះ តែ​តាម​រយៈ​ការ​សាកសួរ​ទៅ ពួក​គាត់​ហាក់​មាន ​បញ្ហា​ខាង​អារម្មណ៍​ ដោយសារ​ក្នុងភូមិ​ នោះ​មាន​អ្នក​ស្លាប់​៣​នាក់ ​ជា​បន្តបន្ទាប់​គ្នា ។ អ្នក​ភូមិ​ទាំងនេះ ​បាន​អះអាង​ថា មិន​មានការ​ពុល​អ្វី​ទេ ហើយ​ជុំវិញ​ភូមិ​ ក៏​មិន​មាន​បាញ់ថ្នាំ​ស្រូវ​ដែរ ។

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា តាម​ការ​ពិនិត្យ​ជាក់ស្ដែង ដំបូង​នោះ​អ្នក​ភូមិ​ចាស់​ៗ​សម្បូរ​អ្នកមាន​ជំងឺលើស ឈាម ឯ​ក្មេង​ៗ​ខ្វះ​ជាតិ​ស្ករ ទើប​ដាក់់​សេរ៉ូម​ ឱ្យ​មាន​កម្លាំង​ឡើង​វិញ ហើយ​រហូត​មក​ដល់​ ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ក្រុម​អ្នក​ភូមិ​ទាំងនេះ​ បាន​ស្រួលខ្លួន​បណ្ដើរ​ៗ​ហើយ ។ ទាក់ទិន​នឹង​ការ​ទន់ដៃទន់ជើង​ហើយ​សន្លប់​នេះ ដោយសារ​តែ​ក្នុងភូមិ​មាន​ ពិធីបុណ្យ​សព​ជា​បន្តបន្ទាប់​គ្នា ៣​នាក់​មក​ហើយ លុះដល់​បុណ្យសព​អ្នក​ភូមិ​ទី​៣​រួចរាល់ ស្រាប់តែ​មាន​បញ្ហា​បែប​នេះ​កើតឡើង​តែ​ម្ដង ។

អ្នក​ភូមិ​ដែល​ស្លាប់មាន ១-​ឈ្មោះ តឿ ភេទ​ប្រុស ២-​ឈ្មោះ យ៉ា យ៉ុ​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ និង​៣-​ឈ្មោះ ពីង ពឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។

លោក ប៊ិ​ន ជីវន្ត អភិបាលស្រុក​កញ្ជ្រៀច​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​បានដឹង​ថា អ្នក​ភូមិ​កើត​មាន​អាកា​រៈ​សន្លប់​ផ្អើល​ពេញ​ភូមិ​នោះ លោក​ក៏​ឱ្យ​រថយន្ត ចុះ​ទៅ​ដឹក​ពួក​គាត់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ។ ចំណែក​លោក សេង បញ្ញា​រិ​ទ្ធ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​អន្តរាគមន៍ ​បន្ទាន់​បាន​ចុះ​ភ្លាម​ៗ​ទៅ​ជួយ​អ្នក​ភូមិ ហើយ​ការ​ដឹក​ បញ្ជូន​និង​ព្យាបាល គឺ​មិន​យក​កម្រៃ ​សេវា​ពី​ពួកគាត់​ទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]