អង់គ្លេស៖ នាពេលកន្លងមក យើងធ្លាប់បានឃើញ រួចមកហើយ នូវរបៀប ក៏ដូចជា​ វិធីសាស្ត្ររបស់ បុរសមួយចំនួន ដែលគេប្រើប្រាស់ ដើម្បីសុំគូស្នេហ៍ របស់ពួកគេ រៀបការ ដែលមានលាយឡំ ដោយភាពរំភើប រូមែនទិក និងការភ្ញាក់ផ្អើល នៅក្នុងនោះ។ ចុះបើសិនជា អ្នកលេងសៀករហ័សកម្ម សាកល្បងសុំគូស្នេហ៍ របស់ខ្លួនរៀបការវិញនោះ តើទិដ្ឋភាព នឹងទៅជាយ៉ាងណា?

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Neil Henry អាយុ៣៧ឆ្នាំ ជាអ្នកលេងសៀក រហ័សកម្មមួយរូប បានឡើងសម្តែង នៅលើឆាកមួយ នៅក្នុងពិធីបុណ្យ Edinburgh Fringe Festival ព្រមទាំងឆ្លៀតពេលនោះ សុំគូស្នេហ៍របស់ខ្លួន រៀបការ នៅចំពោះមុខ ទស្សនិកជន ជាច្រើនតែម្តង។

ក្នុងអំឡុងការសម្តែងនោះ Neil បានលេបចូលនូវ អាហារម្យ៉ាងដូចជា Spaghetti រួមជាមួយនឹង ខ្សែវែងល្មមមួយ ចូលក្នុងពោះ ក្រោយមកទៀត រូបលោក ក៏បានប្រកាសហៅ មនុស្សម្នាក់ ដែលនោះ គឺជាមិត្តស្រី របស់គាត់ ផ្ទាល់តែម្តង គឺនាង Charlie Gardner មានអាយុ២៣ឆ្នាំ ឲ្យឡើងមកឆាក ដើម្បីសហការសម្តែង ជាមួយនឹងគាត់។


Neil និង Charlie កំពុងនៅលើឆាកសម្តែង

ក្រោយមកទៀត Neil ក៏បានសុំឲ្យមិត្តស្រីរបស់ខ្លួន អានអក្សរ ដែលភ្ជាប់ជាមួយនឹងខ្សែ ទាញចេញពីមាត់ របស់លោក ហើយពាក្យនោះគឺ “Marry Me” មានន័យថា “រៀបការនឹងខ្ញុំបានទេ”។ មិនត្រឹមតែប៉ុណ្ណឹងទេ គេក៏បានលេងសៀក យកចិញ្ចៀនដែល ក្រលាស់ចេញពី ក្រដាសដែលកំពុងឆេះ មកនិយាយសុំរៀបការ សារជាថ្មីម្តងទៀត ដែលទិដ្ឋភាពនេះ ធ្វើឲ្យនាង Charlie មានអារម្មណ៍រំភើប ជាពន់ពេក ហើយក៏បាន និយាយពាក្យថា យល់ព្រម ផងដែរ។

ក្នុងនោះអ្វីដែល ធ្វើឲ្យមិត្តស្រីរបស់ Neil ក៏ដូចជាទស្សនិកជន និងមនុស្សជាច្រើនទៀត មានអារម្មណ៍រំជើបរំជួល ទៀតនោះ គឺពាក្យសម្តីរបស់ Neil មួយម៉ាត់ ដែលបាននិយាយថា «មានតែមិត្តស្រី ម្នាក់នេះទេ ដែលជា វេទមន្តពិតប្រាកដ នៅក្នុងជីវិតរបស់ខ្ញុំ»៕

តោះ! ចង់ដឹងថា តើទិដ្ឋភាពនោះ យ៉ាងណា សូមទស្សនាវីដេអូ ទាំងអស់គ្នា៖

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]