រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី បាន​ប្រកាស​ពន្យារពេល​ រៀប​ការ​ដោយសារ​ ជំងឺ​ដ៏​កាច​សាហាវ​មួយ គឺ​ជំងឺមហារីក​ កំពុង​តែ​យាយី​ នាង ។ តាម​គម្រោង​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី នឹង​វិល​ ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ ដំណាច់ឆ្នាំ​នេះ ដើម្បី​រៀប​ការ​ ជាមួយ​គូ​ដណ្តឹង ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ពី​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៧ សីហា ២០១៥ អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ឲ្យ​ដឹង​ថា គម្រោង​រៀប​ការ​ រវាង​នាង និង​លោក​តារា ដែល​បាន​គ្រោងទុក​នៅ​ ដំណាច់ឆ្នាំ​នេះ​ត្រូវ​ពន្យារ ពេល​វិញ​ហើយ ដោយសារ​នាង​ត្រូវ​ បន្ត​តាមដាន និង​ធ្វើ​តាម​វេជ្ជបញ្ជា​ គ្រូពេទ្យ​រាល់​ស​ប្តា​ហ៍ និង​រៀង​រាល់​ខែ បន្ទាប់​ពី​នាង​កើត​ជំងឺមហារីក​ ដែល​គេ​ចាត់​ទុក​ថា​ជា​ ជំងឺ​ដ៏​កាច​សាហាវ​នោះ​។ ដោយសារ​តែ​ជំងឺ​នេះ​ អ្នក​នាង​ចាន់​ធី ដេក​បង្ហូរទឹកភ្នែក​ស្ទើរតែ​រាល់ថ្ងៃ ព្រោះ​វា​ជា​ជំងឺ​ ដែល​ពិបាក​ព្យាបាល​ ឲ្យ​ជា​ណាស់ ហើយ​នាង​ត្រូវ​តមចំណី​ អាហារ​ជា​ច្រើន​មុខ និង​ត្រូវ​ផឹកទឹក​ប្រទាល​ កន្ទុយក្រពើ និង​ទឹក​ស្លឹក​ទៀបបារាំង ក្នុង​ក្តី​រំពឹង​ថា ឱសថ​នេះ​នឹង​ជួយ​ សម្រួលការ​ព្យាបាល​ជំងឺ​របស់​នាង ។

ទោះជា​យ៉ាងណា​ក្តី អ្នក​នាង​ម៉ៅ សុ​ចាន់​ធី គិត​ថា ជំងឺ​មួយ​នេះ​មិន​ងាយ ស្រួល​ព្យាបាល​ឡើយ ប៉ុន្តែ​នាង​នឹង​ព្យាយាម​ធ្វើ​តាម​ គេ​ប្រាប់ រស់​បាន​ប៉ុនណា​ យក​ប៉ុណ្ណឹង ។ ក្រុម​គ្រូពេទ្យ​នៅ​ អា​មេ​រិ​ក បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​ អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ដោយ​ផ្តល់​ថ្នាំ​ប្រភេទ​ ម្យ៉ាង​ដែល​មាន​តម្លៃ​ថ្លៃ សម្រាប់​ឲ្យ​នាង​ លេប​រៀង​រាល់​ខែ ហើយ​នាង​សង្ឃឹមថា តាម​រយៈ​ថ្នាំ​ប្រភេទ​នេះ​ អាច​សម្លាប់​ជំងឺ​របស់​នាង​ ដែល​មនុស្ស​ទូទៅ​ តែងតែ​ភ័យ​ខ្លាច​វា ជា​ពិសេស​កើត​មាន​លើ​ស្ត្រី​ ភាគច្រើន ។ អាយុជីវិត​របស់​ អតីត​តារា​សម្តែង​សុ​ចាន់​ធី គឺ​ស្ថិត​នៅ​លើ​ថ្នាំ​មួយ​នេះ ។

ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​វិញ អ្នក​នាង​ម៉ៅ សុ​ចាន់​ធី បញ្ជាក់​ថា ដោយសារ​តែ​ជំងឺ​ មួយ​នេះ​ធ្វើ​ឲ្យ​ ពិបាក​ដល់​គូ​ដណ្តឹង​របស់​នាង ប៉ុន្តែ​នាង​បាន​ និយាយ​ជាមួយ​គេ ហើយ​បើកផ្លូវ​ ឲ្យ​ពិចារណា​។  ពួក​នាង​ទាំង​ពីរ​នាក់​ ពិបាក​ផ្លូវចិត្ត​ ដូច​គ្នា ជា​ពិសេស​គឺ​ចិត្ត​ ស្រលាញ់​របស់​គូ​ដណ្តឹង​ ចំពោះ​នាង​មាន​ ទំហំ​ធំធេង ទើប​ធ្វើ​ឲ្យ​នាង​ត្រូវ​ តែ​តស៊ូ​ដល់ទី​បញ្ចប់ ។
ទោះជា​យ៉ាងណា​ក្តី អ្នក​នាង​ម៉ៅ សុ​ចាន់​ធី មិន​ជឿ​ថា ដោយសារ​តែ​រឿង​នេះ​ធ្វើ​ ឲ្យ​ស្នេហា​របស់​នាង និង​លោក​តារា កាត់​ផ្តាច់​ឡើយ ដោយសារ​តែ​នាង​យល់​ថា ស្នេហា​ពិបាក​បង្កើត​ ឡើង​ខ្លាំង​ណាស់ បើ​គ្រាន់តែ​រឿង​ ប៉ុណ្ណឹង​រត់​ចោល​គ្នា​នោះ​មិនមែន​ជា​ ស្នេហា​ពិត​ទេ ។ មុន​ពេល​យល់ព្រម​ ចាប់ដៃ​គ្នា​សាង​ស្នេហា​ នោះ​អ្នក​នាង​ចាន់​ធី បាន​និយាយ​ប្រាប់​ជា​មុន​ពី​បញ្ហា​ សុខភាព​របស់​នាង​ដល់​ គូ​ដណ្តឹង ។ គូ​ដណ្តឹង​របស់​នាង​បាន ដឹង​ពី​ជំងឺ​របស់​ នាង​ច្បាស់ ប៉ុន្តែ​គេ​មិន​បាន​គិត​ពី​ រឿង​នេះ​ទេ ទើប​ទាំង​ពីរ​នាក់​ សម្រេច​ភ្ជាប់ពាក្យ​ ជាមួយ​គ្នា ។

អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ជំងឺ​របស់​នាង​ស្រាក​ស្បើយ​នោះ ពិធី​មង្គលការ​ របស់​នាង​នឹង​លេច​រូបរាង​ឡើង ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]