​ខេត្ត​បាត់​ដំបង​ ៖ ​​សមត្ថ​កិច្ច​​បានចាប់​​ឃាត់​ខ្លួន​ក្រោយមួយ​ថ្ងៃ ​បន្ទាប់​ពី​​បាន​ចាប់រំលោភ​ក្មេង​ស្រី​ម្នាក់​អាយុ​១២ឆ្នាំ ​កាលពីវេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​​២៥ កក្កដា ​នៅ​នឹង​​ផ្ទះ​របស់នាង​ក្នុង​​ឃុំភ្នំ​សំពៅ​ ស្រុក​បាណន់​ ខណៈ​​​បង​ស្រី​របស់​នាងចេញ​ទៅ​​​ដើរលេង​សប្បាយ​ជា​មួយមិត្ត​ភក្ដិ ។

លោកម៉ី ឆេងលី​ នាយប៉ុស្ដ៍​នគរបាល​ឃុំ​ភ្នំ​សំពៅ​ បានប្រាប់ថា យុវជន​ម្នាក់​នេះ​​ឈ្មោះ​ធុច ​ថុល អាយុ១៨ឆ្នាំ ​ត្រូវបានឃាត់​ខ្លួនក្រោយ​កើត​ហេតុ​មួយ​ថ្ងៃ​ បន្ទាប់ពី​បងស្រីរបស់​នាង​​ដាក់​ពាក្យ​​បណ្ដឹង ។ ជន​នេះ​ស្ថិតក្នុងស្ថាន​ភាពស្រវឹង​ពេលធ្វើ​សកម្ម​ភាព​ចាប់រំលោភ​កុមារី​នោះ ដែល​កំពុង​ដេកជាមួយ​​​ក្មួយ​​​តូចៗ​របស់​​​នាងនៅលើ​ផ្ទះ​​ ក្នុងគ្រា​ដែលបង​ស្រី​​​ចេញទៅដើរ​លេង​កម្សាន្ត​​​ជាមួយមិត្ត​ភក្ដិ​នៅ​​ក្រៅ ​ផ្ទះ​​ ។

បងស្រីកុមា​រីរងគ្រោះ​​ បានប្រាប់​សមត្ថ​កិច្ច​ថា​ ក្រោយពីមាន​កម្មវិ​ធី​ផឹកស៊ី​នៅ​ផ្ទះ​នា​យប់​នោះ នាង​ក៏​បន្តទៅ​ដើរ​កម្សាន្ត​ជា​មួយ​មិត្ត​ភក្តិ​នៅ​ឯក្រុង​បាត់ដំបង​ទៀត​ ដោយទុក​ឲ្យប្អូន​ស្រី​​នៅ​ចាំ​ផ្ទះ​ជាមួយកូន​តូចៗរបស់​ខ្លួន២នាក់​។ ​គ្រា​នោះ​ស្រាប់​តែអ្នកជិត​ខាង​ទូរស័ព្ទ​ប្រាប់​ថា មានគេ​ចាប់​​ប្អូនស្រីរំលោភ ​​ទើប​នាង​​ប្រញាប់​​ត្រឡប់​មក​​​ផ្ទះវិញ​ និងប្ដឹង​សមត្ថកិច្ច​ទាំង​យប់តែម្ដង ។ ​សូម​​បញ្ជាក់​ថា ​ជន​​ឈ្មោះធុច ថុល ​នេះ​កាល​ពី​ល្ងាច​ក៏បានចូល​រួមផឹកស៊ី​ជាមួយ​គ្នាដែរ​ តែ​ជន​នេះ​​មិនបាន​ទៅដើរ​លេងជា​មួយគេ​បន្តទេ បែរ​ជា​​មានគំនិត​ឆក់ឱកាស​​ចាប់​រំលោភ​ប្អូន​ស្រី​នាង​ទៅវិញ ។

ជន​ឈ្មោះធុច ថុល​ បានសារ​ភាព​​ប្រាប់​សមត្ថ​កិច្ច​ថា​ ក្រោយពី​គេ​ចេញអស់ ខ្លួន​​ក៏​​​​ឡើង​​ទៅ​​ដេក​មើលទូ​រទស្សន៍​នៅ​ផ្ទះក្មេង​ស្រី​នោះ​ រីឯ​ក្មេង​ស្រី​​បាន​ចូលដេក​ក្នុងមុង​ហើយ​​​ លុះ​​ពេល​ងងុយ​​ដេកខ្លួន​ក៏​បិទ​ទូ​រទស្សន៍ ហើយ​ចូល​ដេក​ក្នុង​​មុង​ជា​មួយ​នាងដែរ ។​ ជននេះ​និយាយ​​ថា​ ក្មេង​ស្រី​នោះ​​បាន​ឱប​ខ្លួន​ធ្វើឲ្យខ្លួន​មាន​អារម្មណ៍​ក៏ចាប់​​នាង​ រំលោភតែ​ម្ដង​ទៅ  លុះ ក្រោយ​ពី​រំលោភ​​រួច​​​ខ្លួនបាន​ងើបដើរ​ទៅផ្ទះ​ទាំងយប់ លុះ​ស្អែក​ឡើង​ក៏​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​តែម្តង​ ​។

លោកប៊ុត សំបូរ អធិការ​​នគរ​បាល​ស្រុក​បាណន់​​បាន​ឲ្យ​ដឹងដែរ​ថា​ ក្រោយពេល​កើត​ហេតុ​​ជនសង្ស័យ​បាន​ព្យាយាម​គេច​ខ្លួន​ តែត្រូវ​កម្លាំង​មូល​ដ្ឋាន​ស្ទាក់​ចាប់បានមុន​​។ លោក​និយាយ​​​ថា​ ក្មេងស្រី​បាន​រត់​ទៅប្រាប់​អ្នកជិតខាង​ទាំងយប់​ក្រោយពី​ត្រូវ​ជនពាល​ ចាប់នាង​រំលោភ ​ប៉ុន្តែបង​ស្រី​នាង​​ក៏​​​ត្រឡប់មក​ផ្ទះ​​វិញ​ទាំង​​យប់​ដែរក្រោយ​ពីមាន​ ហេតុ​ការ​ណ៍​​នេះ​កើត​ឡើង ។ ទោះជា​យ៉ាងណា​ ជន​សង្ស័យ​ត្រូវបានបញ្ជូន​ទៅ​កាន់​ស្នងការ​​ដ្ឋាន​ខេត្ត​ដើម្បី​ចាត់ការ​ បន្ត​​​​ហើយ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]