កំពត៖ បុរសពីរនាក់បងប្អូនបង្កើត បានបើកឆាក ប្រយុទ្ធកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ បន្ទាប់ពីផឹកសុរាស្រ វឹង កាលពីម៉ោង ៧និង៣០នាទី យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្តុក ឃុំសម្លាញ់ ស្រុកអង្គរជ័យ ខេត្តកំពត។ ឆាកប្រយុទ្ធនេះ បណ្តាលឲ្យបុរសជាបងរងរបួសធ្ងន់ រីឯបុរសជាប្អូនស្លាប់។

មន្ត្រីនគរបាលស្រុកអង្គរជ័យ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា នៅមុនពេលកើតជម្លោះ កាប់សម្លាប់គ្នានេះ បុរសពីរនាក់បងប្អូនឈ្មោះ ជឹម នឿន អាយុ៣៤ឆ្នាំ និងឈ្មោះ ជឹម នី អាយុ២៩ឆ្នាំ មុខរបរកសិករ បាន អង្គុយផឹកស្រាជាមួយគ្នា។ បន្ទាប់ពីផឹកស៊ីរហូត ស្រវឹងជោកជាំហើយនោះ គេមិនដឹងថា បុរសពីរនាក់បងប្អូនកើត ទុក្ខមិនសុខចិត្តរឿងអ្វីនោះទេ ស្រាប់តែពួកគេទាញកាំបិត ដេញកាប់សម្លាប់គ្នាតែម្តង។

ក្រោយកើតហេតុភ្លាម ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ឃាត់និងនាំបុរសជាបង ឈ្មោះ ជឹម នឿន ដែលរងរបួសធ្ងន់ទៅព្យាបាល នៅមន្ទីរពេទ្យស្រុកអង្គរជ័យ។ រីឯសពជនរងគ្រោះជាប្អូន ត្រូវបាន ក្រុមគ្រួសារនាំយកទៅតម្កល់ទុក ធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះ។

លោកវរៈសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា កម្លាំងរបស់លោក  កំពុងចុះទៅនាំខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅ ការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ដើម្បីឈានទៅចាត់ការតាមផ្លូវច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]