រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា និស្សិត​ផ្នែក​អគ្គិសនី​ម្នាក់ ​ត្រូវ​ចរន្ត​អគ្គិ​សនី​ឆក់​ស្លាប់​ ខណៈ​ពេល​រៀប​ចំ​ ត​បណ្តាញ​ភ្លើង​នៅ​ក្នុង​បន្ទប់​ជួល ​ដើម្បី​ស្នាក់​នៅ​ជាមួយ​គូ​ដណ្តឹង​។ ហេតុ​ការណ៍​នេះ​ប​ង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៧ សីហា ២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​២ ផ្លូវ​៣១៣ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួល​គោក​។

ជន​រង​គ្រោះ​ឈ្មោះ​សាន់ សុវភ័ណ្ឌ​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​និស្សិត​ផ្នែក​អគ្កីសនីឆ្នាំ​ទី​១ ​នៃ​វិទ្យា​ស្ថាន​បច្ចេក​ទេស​(NTI) មាន​ស្រុក​កំណើត​ភូមិ​ប្ញស្សី​ថ្មី ឃុំ​ចំប៉ា ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ​ ចំណែក​នារី​ជាគូដណ្តឹង​ឈ្មោះ​ជា ណារី អាយុ​២៥​ឆ្នាំ ជានិស្សិត​ផ្នែក​ពេទ្យ​ឆ្នាំ​ទី​៣ នៅ​សាលា​IU ។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​និស្សិត​រង​គ្រោះ ​បាន​ទៅ​ស្នាក់​នៅ​ផ្ទះ​ជួល ​អ្នក​ស្គាល់​គ្នា​តាំង​ពី​ថ្ងៃ​អង្គារ​ ហើយ​នៅ​យប់​មិញ​នេះ ​ក៏​បាន​រៀប​ចំ​តបណ្តាញ​ខ្សែ​ភ្លើង​ ក្នុង​បន្ទប់​ឡៅ​តឿក្នុង​ផ្ទះ​ជួល​។ ខណៈ​កំពុង​តសុខៗ​ស្រាប់​តែ​រអិល​ជណ្តើរ​ ហើយ​ដៃ​កាន់​ខ្សែ​ភ្លើង​ជាប់ ធ្វើ​ឱ្យ​ឆក់​​ដួល​មក​ដី​សន្លប់​បាត់​ស្មារតី​តែម្តង​។

ភ្លាមៗនោះ​ត្រូវ​បាន​គូដណ្តឹង និង​មិត្ត​ភក្តិ​បញ្ជូន​ទៅ​សង្គ្រោះ ​នៅ​គ្លីនិក​ឯក​ជន តែ​គ្លីនិក​មិន​ទទួល​ក៏​បញ្ជូន​​បន្ត​ មក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ទៀត តែ​ពេល​ទៅ​ដល់​គ្រូ​ពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]