ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​បែកពពុះមាត់ និង​ចេញ​ឈាម​តាម​រោម​​ ដោយសារ​​តែ​ពុល​ពង​​គីង្គក់ ​ត្រូវ​បាន​​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​ជួយ​ដឹក ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​​ដែរ តែ​អកុស​ល គាត់​បាន​​ស្លាប់​នៅ​ ពាក់កណ្ដាល​ផ្លូវ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​សីហា នៅ​ភូមិ​ស្រះ​គុយ ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី​ ។

​បុរស​​រង​គ្រោះ​ឈ្មោះ​ សង អឿ​ន អាយុ​៣៥​ឆ្នាំ នៅ​ភូមិឃុំ​​កើត​ហេតុ​ខាងលើ​ ។ សមត្ថកិច្ច ​បាន​ឱ្យ​ដឹង​​ថា ​បុរស​​រង​គ្រោះ​​ស្លាប់​ដោយសារ​តែ​​ពុល​ពង​​គីង្គក់ ដែល​គាត់​​ចាប់​យក​ទៅ​ធ្វើ​ម្ហូប ​​ក្រោយ​ពី​​ភ្លក្ស​រួច​​ក៏​​បែកពពុះមាត់ និង​មាន​ឈាម​ចេញ​តាម​រោម​ ដែល​មិន​អាច​ដឹក​ទៅ​​សង្គ្រោះ នៅ​​មន្ទីរពេទ្យ​ទាន់​ពេលវេលា​ ។

​​អ្នក​ភូមិ​​បាននិយាយ​ថា គេ​ឃើញ សង អឿ​ន ​​ចេញ​ទៅ​រក​ចាប់​គីង្គក់​​ ពេល​មេឃ​កំពុង​រលឹម​តិច​ៗ ហើយ​ក្រោយមក​គាត់​បាន​យក​ទៅ​ធ្វើ​ម្ហូប ​​​ឃើញ​គាត់​​​​ចម្អិន​​បណ្ដើរ ​ភ្លក្ស​បណ្ដើរ​​ លុះ​បន្តិច​ក្រោយមក​​​ ក៏​​មានការ​ភ្ញាក់ផ្អើល​ថា ​គាត់​មាន​អាការៈមិន​ស្រូល​ ​​ស្រាប់​តែ​​​​បែកពពុះមាត់​​ ថែម​ទាំង​មាន​ឈាម​ចេញ ​តាម​រោម​តិច​ៗ​ផង​នោះ​ អ្នក​ភូមិ​បាន​ហៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៏ ​ដឹក​គាត់​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ តែ​ពេល​បញ្ជូន​ដល់​ ពាក់កណ្ដាល​ផ្លូវ​គាត់​​បាន​​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ ។​

សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ ​បាន​និយាយ​ថា​ សមាជិក​ក្នុង​ក្រុម​គ្រួសារ​ មិន​ទាន់​​មាន​នរណា​ម្នាក់​បាន ​ហូប​សម្ល​គីង្គក់​​នេះ​ទេ ​​បុរស​​រ​ង​គ្រោះទើបតែ​ បាន​ភ្លក្ស​ម្នាក់ឯង​ប៉ុណ្ណោះ ក៏​ពុល​បែកពពុះមាត់ ​រហូត​ដល់​ស្លាប់​តែ​ម្ដង ​។

មន្ត្រី​ដដែល​បញ្ជាក់​ថា ​គេ​ឃើញ​មាន​ពង​​គីង្គក់ ​​ជា​ច្រើន​នៅ​ក្នុង​សម្ល ​​​​បុរស​​រង​គ្រោះ​អាច​ពុល ​​ដោយ​ពង​​គីង្គក់​នេះ​​ បើ​​ហូប​សាច់​មិន​អី​នោះ​ទេ តែ​គាត់​ហូប​ដោយ​ទាំង​ពង ទើប​បណ្តាល​​ឱ្យ​ពុល​ស្លាប់​បែប​នេះ​ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]