ក្រុង​ប៉ោយ​ប៉ែត ៖ ​​​​ថ្វី​បើ​ស្នេហា​មនុស្ស​ខ្លះ ​ចៀស​ផុត​​​ក៏​​ពិត​មែន តែ​វា​មាន​​ព្រំ​ដែនកំណត់​​ផង​ដែរ ​។ សម្រាប់​មនុស្ស​ដែល​ខុសពី​សត្វ​​ ហើយ​វា​​កាន់​តែ​​​មិនគប្បី​​​ ថែមទៀត​​​សម្រាប់​អ្នកបួស​​​ជា​សង្ឃ ។

សង្ឃមួយ​អង្គ និង​ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​​​​​ និង​ក្រុម​មន្ត្រី​​នៃការិយាល័យ​​​​ធម្មការ ​ក្រុងប៉ោយ​ប៉ែត ​​នាំទៅកាន់​អធិការ​ដ្ឋាននគរ​បាល​ក្រុង​​ កាលពី​វេលាម៉ោង​​ជាង​៨យប់​ថ្ងៃ ទី២៥ សីហា ​​ពីបន្ទប់​ជួល​មួយ​ ស្ថិត​ក្នុងភូមិ​បាលិ​លេយ្យ​​​១ សង្កាត់​​ប៉ោយប៉ែត ។ ការ​នាំ​ខ្លួន​​នេះ ​ខណៈសង្ឃអង្គ​នោះនៅ​​​ក្នុងបន្ទប់ ​​ជាមួយស្ត្រី​ខុស​ពី​វិន័យ​ធម៌ ​ហើយ​​ក៏ខុសឆ្គងក្នុង​រដូវ​ចូល​ព្រះវស្សា​ ដែល​តម្រូវ​​ឱ្យសង្ឃគង់នៅ​​ក្នុង​វត្ត ។

សង្ឃ​នោះ​​នាមបាន វីរៈ​ ព្រះជន្ម២៥ឆ្នាំ​​​ ​​គង់​នៅ​​វត្ត​ប្ញស្សី​សូរិយារាម​ហៅ​វត្ត​ថ្មី  ។ ឯស្ត្រី​​​នោះ​ឈ្មោះ​សួង រីណា អាយុ​​២៥​​ឆ្នាំដូចគ្នា ស្នាក់នៅ​បន្ទប់​​ជួលមួយ ។ ​​មុន​ពេលប៉ូលិស​​ទៅនាំ​ខ្លួន​សង្ឃ​​ និងស្ត្រី​​ម្ចាស់​បន្ទប់​​​ជួល​​នោះ មានមនុស្សម្នា​ជា​ច្រើន ​​ទៅចោមរោម​​​មើល ពី​​ខាង​មុខបន្ទប់​​ត្រៀប​ត្រា ពេញលើ​ដង​ផ្លូវ​ រហូត​ស្ទះ​ច​រាចរ​​​ណ៍​ បើកបរ​​លែ​ងចង់​កើត ។ ក្នុងហេតុការណ៍​​នោះ គេ​ឃើញ​​​មានអាជ្ញា​ធរ​​ដែនដី​ ភូមិ​​​សង្កាត់​​ និង​មន្ត្រី​​​ធម្ម​ការ ​និងសាសនា​​​ក្រុង ព្រម​ទាំង​​ប៉ូលិស ​ច្រូង​ច្រាង​​​ល្មម​ភ្ញាក់​​ផ្អើល​​​អ៊ីចឹង​មែន ។

មន្ត្រីប៉ូលិស​​​ប្រាប់ថា ​​មាន​សេចក្តី​រាយការណ៍​ពីអ្នក​ស្រុកថា ​​ឃើញ​​សង្ឃ​​មួយ​អង្គ​ នៅ​តែ​២នាក់​ស្ត្រី​​ពេលយប់ ​ក្នុង​បន្ទប់​ ដូច្នេះហើយទើបទៅ​ពិនិត្យ​​​ មើលដល់ចំណុច​​​កើត​​ហេតុ  ។  ​ពេល​​ប៉ូលិស​ទៅ​ដល់​​ដំបូង​​ឃើញ​​សង្ឃ​ និងស្ត្រីនោះ​នៅ​តែ​២នាក់​​​មែន ដោយ​​​ស្ត្រីរូបនោះ​ចោមពុង​​​ក្រមា ​ខើច​លើ ខើច​ក្រោម​គួរ​ឱ្យ​​ញាក់​សាច់ ។ ពេល​ហេតុ​ការណ៍​​​ភ្ញាក់ផ្អើល​​កើត​ឡើង​​​​​ ទើបស្ត្រី​​នោះ​​ស្ទុះ​ទៅស្លៀក​ខោវិញ​ និងបន្ទាប់មក​មាន​ក្មេង​ប្រុស​ជំទង់ម្នាក់​ទៀត​បង្ហាញ​ខ្លួន​ដែល​ស្ត្រីនោះ​អះអាង​ថា ​ជាប្អូនបង្កើត​​​ ។ ​​​ទាំង​សង្ឃ ​​និងស្រ្តី​ ព្រមទាំង​​ក្មេង​ប្រុស​ជំទង់​​អះ​អាង​ថា ​​​ពួក​គេ​ជា​បងប្អូនបង្កើត​នឹងគ្នា ។

សង្ឃ​​អង្គ​នោះ​​​និយាយថា ការ​​ចូល​បន្ទប់​នោះ​​គឺ​ទៅ​​បង្រៀន​​ភាសា​អង់គ្លេស​​​​​ប្អូន​ប្រុស ​របស់​លោក​​ឈ្មោះ​បាន​ ស៊ីណា ​​អាយុ​១៧ឆ្នាំ ​​។ ក្មេង​ប្រុស​នោះ​​​អះ​អាង​ថា ​ពេល​​​​ប៉ូលិស​​ទៅ​ដល់​ខ្លួន​នៅ​ជា​មួយសង្ឃ​​​ និងស្ត្រី​​​ជា​បង​នោះ​ ហើយថា​កំពុង​​​អានទស្សនាវដ្តី ។ ​ដោយ​សារ​​​ការភ្ញាក់​​ផ្អើល ​​​​បង្កឱ្យ​ស្ទះ​ចរា​ចរណ៍​​កាន់​តែខ្លាំង ​​ឡើង​ប៉ូលិស​បា​ន​នាំ​សង្ឃ​ និង​ស្ត្រី​នោះទៅ​​កាន់ អធិការ​ដ្ឋាន​នគរ​​បាលក្រុង​ ដើម្បី​​​បំបែក​ហ្វូង​​មនុស្ស ​និង​សួរ​នាំ​​ឱ្យ​ច្បាស់ ។

នៅអធិការដ្ឋាន​​នគរបាល​ក្រុង​ គេ​ឃើញ​​ព្រះអនុគណ​​ក៏ដូច​ជា​​​មន្ត្រី​​សង្ឃ​ក្រុង ​រួមជាមួយ​មន្ត្រី​​ធម្មការ ជួបប្រជុំ​គ្នា​ភ្លាម ។ ប៉ុន្តែក្រោយការ​​ប្រជុំ​រួច​ក៏ត្រឡប់ទៅវិញ​អស់ទាំង​សង្ឃ​​​មួយ​អង្គ​​ដែល​រង​ការចោទប្រកាន់​​​នោះផង​ដែរ ។ ​​ចំណែក​ស្ត្រី​ពាក់ព័ន្ធ​ត្រូវគេទុក​ឱ្យ​នៅ​កន្លែង​​​ប៉ូលិស​​​​សិន​។

នៅព្រឹក​​ថ្ងៃទី២៦ ​សីហា លោកស៊ាង ​សេង​ហុក ប្រធានការិយាល័យ​ធម្ម​ការ និង​សាសនា​ក្រុង​​ប៉ោយប៉ែតប្រាប់តាមទូរ​ស័ព្ទ​​​​ថា សង្ឃ​អង្គ​នោះត្រូវចាប់​​​ផ្សឹក​​ឱ្យទៅ​​ជា​គ្រហស្ថ​វិញ​នៅអធិ​ការ​​ដ្ឋាន​ក្រុង​នាព្រឹក​​ថ្ងៃ​ទី២៦ សីហា ​ដើម្បីចាត់​ការ​តាមផ្លូវច្បាប់ ។ នេះជា​រឿង​​​បុគ្គលម្នាក់​ប៉ុណ្ណោះ។​​ ដើម្បី​​កុំ​ឱ្យ​វិស័យ​​ព្រះពុទ្ធ​​សាសនា​ល្អក់កករ​ ​គួរសង្ឃ​​ជា​ទី​គោរព​​សក្ការៈ​​ដទៃ​​ទៀត ​កុំ​​ធ្វើ​​តម្រាប់​តាម៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]