រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​ ស្លាក​លេខ​រថយន្ត​របស់ខ្លួន​​ នៅ​លើ​រថយន្ត​ឡិច​ស៊ី​ស ​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៦ ​សីហា នៅ​ម្តុំ​ផ្សារ​ថ្មី សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ ហើយបានប្តឹង​សមត្ថកិច្ច​ ឃាត់ខ្លួន​ម្ចាស់​រថយន្ត​ យក​ទៅ​សាក​សាកសួរ​ នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​ ជន​រង​គ្រោះ​ឈ្មោះ ន​ង ម៉ា​ហ្សូ​គី ភេទ​ប្រុស មាន​ទីលំនៅ​ក្នុង​បុរី​វ៉ា​រី​ណា សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា កាលពីដើម​ខែកុម្ភៈ ​​២០១៥ ឪពុកមារបស់​គាត់​រស់នៅ​ ខេត្តបន្ទាយមានជ័យ ​បាន​មក​លេងផ្ទះ​របស់​គាត់ ​ហើយ​សម្រាក​នៅ​ទីនោះមួយ​យប់ ​បាន​ចត​រថយន្ត​ម៉ាក​ធុន​ដ្រា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL7179 មួយ​គ្រឿង​ទុក​នៅ​មុខ​ផ្ទះ​ក្នុង​បុរី​វ៉ា​រី​ណា លុះដល់​ព្រឹក​ឡើង​ស្រាប់តែ​ចោរ លួច​ស្លាក​លេខ​រថយន្ត​បាត់ គាត់​ក៏​បាន​នាំ ​ឪពុកមា​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ។

រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២៦ ខែសីហា គាត់​បាន​ទៅ​ទិញ​ថ្នាំ​នៅ​ផ្សារ​ថ្មី ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ស្រាប់តែ​ប្រទះ​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​ឪពុកមា​គាត់​នៅ​លើ​រថយន្ត​ឡិច​ស៊ី​ស​RX330 ឡើង​តែម RX350 ពណ៌​ស ទៅ​វិញ ទើប​គាត់​បាន​ប្តឹង​សមត្ថកិច្ច ​ឃាត់​រថយន្ត​ឡិច​ស៊ី​ស ​និង​ម្ចាស់​រថយន្ត​យក​ទៅ​សួរនាំ​ នៅ​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី ។

ជន​ដែលរង​ការ​ចោទ​មានឈ្មោះ សៀ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ដី រស់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា រថយន្ត​ឡិច​ស៊ី​ស​នេះ គាត់​ទើបនឹង​ទិញ​បាន​មួយ​អាទិត្យ​ក្នុង​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ជា​រថយន្ត​អត់​ពន្ធ ប៉ុន្តែ​ពេលដែល​គាត់​ទិញ ​មាន​ស្លាក​លេខ​ជាប់​រថយន្ត​ស្រាប់ គ្រាន់តែ​ម្ចាស់​រថយន្ត​ប្រាប់​ថា​ ជា​រថយន្តអត់​ពន្ធ ។

ចំណែក​ប្រពន្ធ​ ជនរង​ការ​ចោទ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ឲ្យ​លុយ​ទៅ​ប្តី​ជាង​ ៣​ម៉ឺន​ដុល្លារ​យក​ទៅទិញ​រថយន្ត ដោយ​គាត់​អត់​បានដឹង​ថា ​រថយន្ត​ដែល​ប្តី​គាត់​ទិញ​ជា​រថយន្ត​អត់​ពន្ធ​ទេ ទាល់តែមាន​បញ្ហា​ទើប​ដឹង​ថា ​ប្តី​របស់​គាត់​កេង​លុយ​ហើយ​ទៅ​ទិញ ​រថយន្ត​អត់​ពន្ធ​ទៅ​វិញ ។

បច្ចុប្បន្ន​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​បុរស​ខាងលើ ​ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ អ្នកលក់​រថយន្តបន្ត​ទៀត ​យក​មក​ចាត់ការ​តាម​ច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]