ខេត្ត​កំពង់​ស្ពឺ ៖ ​គ្រោង​ឆ្អឹង​​​​សព​​បុរស​ម្នាក់​​​​ត្រូវ​បាន​អ្នក​​ឃ្វាល​​​គោ​ម្នាក់​ ប្រទះ​ឃើញ​​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃទី​២៧​ ​កក្កដា​ ​​​នៅ​ក្នុងព្រៃ​របោះ​​​​ចំណុច​ស្រែ​តាខាន់​​ទិស​និរតី​​ ភូមិ​ត្រពាំង​​ត្របែក​ ឃុំ​រុង​រឿង​ប្រមាណ​​​៣០០​ម៉ែត្រ​ ក្នុង​ទឹក​ដី​ស្រុក​ថ្ពង​​ ខណៈ​​​គង្វាល​គោ​នោះ​ចូល​ទៅ​បត់ជើង​ក្នុងព្រៃ​របោះ​​នោះ​ ហើយ​ក៏​រាយ​ការណ៍​​ប្រាប់​ប្រធាន​ភូមិ​និង​សមត្ថ​កិច្ច​ឱ្យ​ទៅ​ត្រួត​ ពិនិត្យ​ជា​បន្ទាន់​ ។

​លោក​អនុ​សេនីយ៍​ឯក​ ហ៊​ន ​សុខ​ហុន​ អធិការ​រង​នគរបាល​ស្រុក​ថ្ពង​ទទួល​បន្ទុក​ការ​ងារ​ព្រហ្ម​ទណ្ឌ​​​​​បាន​ឱ្យ​ ​​ដឹង​ថា​ ​​សព​ដែល​សល់​តែ​គ្រោង​ឆ្អឹង​ លលាដ៍​ក្បាល​ ឆ្អឹង​ដៃជើង​ ​រួម​ទាំង​ខោ​អាវ​ផង​​នោះ​​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ​សយ វី​​ ជា​មនុស្ស​គ​​​ប្រទះ​ឃើញ​​ក្រោយ​ពីកៀង​​​គោ​មក​ផ្ទះវិញ​​នា​​វេលា​​ល្ងាច​ នោះ​ខណៈ​​​​ទៅ​​​​​បត់​ជើង​ក្នុង​ព្រៃ​របោះ​ក្បែរ​ស្រែ​ដែល​​អ្នកភូមិ​ស្ទូង ​ហើយ​ តែ​​​ពុំ​មាន​ក្លិន​ស្អុយ​ឡើយ​ ព្រោះ​​មាន​តែ​ឆ្អឹង​។ ​មន្ត្រី​ប៉ូលិស​អះ​អាង​ថា​ សព​ត្រូវ​បាន​ឃាតករ​សម្លាប់​ប្រមាណ​ជាង​១ខែ​មក​ហើយ​។ ​ក្រោយ​ព​ី​មាន​ការភ្ញាក់​ផ្អើល​​ពី​ការ​​ប្រទះ​​ឃើញ​គ្រោង​ឆ្អឹង​​សព​​ក៏​ មាន​ក្រុម​គ្រួសារ​ដែល​បាត់​សមាជិក​​​​រយៈ​ពេល​ជាង​១ខែ​មក​​​ហើយ​ ទៅ​​​មើល​ទើប​ស្គាល់​ភិន​ភាគ​ដោយ​សារ​ចំណាំ​​ខោ​​អាវ​​ ខ្សែ​ចង្កេះ​​ ​ខ្សែ​ក​ប្រាក់​ ​ព្រម​ទាំង​មាន​​បន្សល់​​ទុក​​​រូប​ថត​មួយ​សន្លឹក​ផង​ ។
លោក ​អធិការរ​ង​​​នគរ​បាល​​ស្រុក​ថ្ពង​បន្តថា ​​​បុរស​​​ឈ្មោះ​សួស​ ​សឿន​ ​និង​ប្រពន្ធ​​​ឈ្មោះ​ជួប គឿន​ មាន​ទី​លំនៅ​ភូមិ​​ទឹក​​លង​២ ឃុំ​រុង​រឿង​​ បាន​​អះអាងថា​ ​ជាកូន​ប្រុស​របស់​ពួកគាត់​ដែល​បាត់​ខ្លួន​។ ​កូន​ប្រុស​គាត់​​​ឈ្មោះ​សឿន​ សំ​ អាយុ​២៣​ឆ្នាំ​ ​មាន​ប្រពន្ធ​ឈ្មោះ​ចៀម​ ចាន់​​រី អាយុ​២៤​​ឆ្នាំ​ ទើប​តែ​រៀប​ការ​​ជាង​១ឆ្នាំ​ ហើយ​​​ប្រពន្ធ​ទើប​​នឹង​សម្រាល​កូន​ប្រុស​​មួយ​ ក្រោយ​ពេល​ប្តី​បាត់​​​ខ្លួន​​​​ពី​ផ្ទះ​​ប្រមាណ​​កន្ល​ះ​ខែ​​ ​​​​។ ចំពោះ​ការបាត់​ខ្លួន​​នេះ​​ បើគិត​​មក​ដល់​ថ្ងៃ​​ប្រទះ​ឃើញ​​គ្រោងឆ្អឹង​សព​ គឺ​មាន​រយៈ​ពេល​​១ខែ​​៨​ថ្ងៃ​ហើយ​ ។

​ឪពុក​ម្តាយ​សព​បាន​រៀប​រាប់​ថា ​ក្រោយ​ពេល​រៀប​ការហើយ​កូន​ប្រុស​គាត់​​ក៏​បែក​ទៅ​នៅ​លំនៅ​ឋាន​ខាងប្រពន្ធ​​ ​ក្នុង​​ភូមិ​ត្រពាំង​​​​រុន​ ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដុង្គ​​ដែល​ជា​លំនៅ​ឋាន​រស់​នៅសព្វ​ថ្ងៃ​ ហើយ​ប្រកប​​​របរ​ជា​កម្មករ​សំណង់​ឯ​ប្រពន្ធ​ជា​កម្មការិនី​រោង​ចក្រ​កាត់ដេរ ​ ។ នៅ​ថ្ងៃ​បាត់​ខ្លួន​​​កូន​គាត់​បាន​ចេញ​ពីផ្ទះ​ឯភូមិ​ត្រពាំង​​រុន​​​​ ​​ដោយ​ឌុប​បង​ថ្លៃ​​​ប្រុស​ទៅ​ផ្សារ​ថ្នល់ទទឹង​ដែល​ប​ង​ថ្លៃ​ក៏​ជា​ជាង​ សំណង់​ដែរ​ ។ ​បន្ទាប់​ពី​ដាក់​បង​ថ្លៃ​​​​រួច​ក៏ទូរ​ស័ព្ទ​ប្រាប់​ប្រពន្ធ​ថា​ ខ្លួន​មក​លេង​ផ្ទះ​ឪពុកនៅ​​ភូមិ​ទឹក​លង២​ ឃុំ​រុងរឿង​​ ។  ពេល​មក​ដល់​ផ្ទះ​​ឪពុក​ម្តាយ​​កូន​ប្រុស​គាត់​​សម្រាក​តែ​ប្រមាណ​មួយ​ម៉ោង​ ប៉ុណ្ណោះ​​ ក៏​មាន​មិត្តភក្តិ​​​ទូរស័ព្ទ​យ៉ាង​រន្ថើន​ឱ្យ​ទៅ​ជួបគ្នា​ ហើយ​​កូនគាត់​ក៏​​ជិះ​ម៉ូតូ​ធុន​សេ​១២៥​ពណ៌​ខ្មៅ​ ស៊េរី​២០០៨​​ទៅ​ជួប​មិត្តភក្តិ​នៅ​វេលា​​​​​ព្រឹក​។ ​នៅ​​​វេលា​ល្ងាច​កូន​គាត់​បាន​ទូរស័ព្ទ​​​ប្រាប់​​ប្រពន្ធ​​និង​ឪពុក​ម្តាយ ​​ថា​ ខ្លួ​ន​កំពុង​​ស៊ី​ផឹក​ជាមួយ​មិត្តភក្តិ​ម្នាក់​នៅ​ភូមិ​ព្រៃ​ធំ​​​ និងម​ក​ផឹក​បន្ត​នៅខាង​លិច​ភូមិ​ត្រពាំង​​ត្របែក​​​ទៀត​ ​ហើយ​ចាប់​ពី​ពេល​នោះ​មក​​​ក៏​​បាត់​ដំណឹង​​​រហូត​ ។ ​ការ​បាត់​ខ្លួន​នេះ​​គឺ​​បង​ប្អូន​បាន​ស្វែង​រក​សព្វ​ទិស​ទី​លក់​អស់​ទាំង​ គោ​​មួយនឹមយក​សោ​​ហ៊ុយ​តា​ម​រកទៀត​​​ តែពុំ​ប្រទះ​សោះ​ ទើប​តែ​លេច​​​​​ឮ​ដំណឹង​​ពី​ការ​ប្រទះ​ឃើញ​​គ្រោ​ង​ឆ្អឹង​សព​​ក៏​មក​មើល​ទើប ​ដឹង​ថា​ជា​​កូន​របស់​​គាត់​ត្រូវគេ​នាំ​មក​បង្អក​ស្រា​សម្លាប់​យក​ម៉ូតូ​​។

​ក្រោយ​ពេល​មន្ត្រី​ប៉ូលិស​ជំនាញ​បច្ចេក​ទេស​ស្រុក​ ថ្ពង​ត្រួត​ពិនិត្យ​ចប់​​ក៏​បាន​​ប្រគល់​គ្រោង​ឆ្អឹង​ឱ្យ​ក្រុម​គ្រួសារ​យក​ ទៅ​ធ្វើ​បុណ្យតាម​ប្រពៃណី​ ។ ​​ប៉ូលិស​សន្និដ្ឋាន​ថា​ ​ឃាត​ករ​គឺ​ជា​មិត្តភក្តិ​ស្គាល់​គ្នា​​ ​​ហើយ​ការ​សម្លាប់​​នេះគឺ​ពិតជា​មាន​គម្រោង​​ទុក​ជាមុន​ដោយ​នាំ​មក​សម្លាប់​ ​ដើម្បី​ប្លន់​​យក​ម៉ូតូ​ ។ ​​ពេល​នេះ​​សមត្ថ​កិច្ច​កំពុង​រៀបចំ​សំណុំរឿង​ ​ដើម្បី​ស្រាវជ្រាវ​​រក​​មុខសញ្ញា​ក្រុម​ជន​ដៃ​ដល់​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]