កំពង់ឆ្នាំង៖ ស្រី្តជាគ្រូបង្រៀន ភាសាអង់គ្លេស ក្រៅម៉ោងម្នាក់ ត្រូវបានជនមិន ស្គាល់មុខ មួយក្រុម អាចមានគ្នា ចាប់ពីពីរនាក់ ឡើងទៅ បានអារក និងចាក់សម្លាប់ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅ ភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហើយមាន ការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៥ ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១២ នេះ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា អំពើប្លន់ ហើយសម្លាប់ ជនរងគ្រោះ ខាងលើនេះ បានកើតឡើង ប្រហែលតាំង ពីវេលាម៉ោង១ជាង រសៀល ថ្ងៃទី២៩ ខែកក្កដា ប៉ុន្តែទើបមានការភ្ញាក់ ផ្អើលនៅល្ងាចថ្ងៃដដែលនេះ ហើយការ ស្លាប់របស់ជនរងគ្រោះ បានកើតឡើង ខណៈជនរងគ្រោះ នៅផ្ទះតែម្នាក់ឯង រីឯប្តីរបស់គាត់ ដែលជាគ្រូបង្រៀន ភាសាអង់គ្លេសផងនោះ មិននៅផ្ទះ។

លោក លឹម ហាក់ ប្រធានការិយាល័យ ព្រហ្មទណ្ឌ នៃទីបញ្ជាការ អាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនរងគ្រោះ អ្នកស្រី អូ សុផារី អាយុ៥៨ ឆ្នាំ មានមុខរបរជា គ្រូបង្រៀន ភាសាអង់គ្លេស ក្រៅម៉ោង និងប្តីរបស់ខ្លួន មានឈ្មោះ ឌិត សុផាន់ណា។

លោក លឹម ហាក់ បានបន្តថា ករណីនេះ សមត្ថកិច្ចជំនាញ បានសង្ស័យថា ជាអំពើប្លន់ ខណៈដែល ជនរងគ្រោះនៅតែម្នាក់ឯង ហើយក្រុមចោរអាច មានគ្នាចាប់ពីពីរ នាក់ឡើងលើ។

មេបញ្ជាការអាវុធហត្ថ លោកឧត្តមសេនីយ៍ ជួន ជឿន បានបញ្ជាក់ថា ក្រោយមានការ ភ្ញាក់ផ្អើលករណីនេះ សមត្ថកិច្ចបានអះអាងថា នៅក្នុងផ្ទះ របស់ជនរងគ្រោះ បាត់កុំព្យួរទ័រឡេបថុប មួយគ្រឿង និងទូរស័ព្ទដៃ ចំនួន២គ្រឿង។

បើតាមមេបញ្ជាការ អាវុធហត្ថរូបនេះ ករណីខាងលើនេះ អាចជាករណី ប្លន់ ខណៈជនរង គ្រោះនៅតែ ម្នាក់ឯង ពោលមុនដំបូងឡើយ ក្រុមជនល្មើសបានចូលលួច ទ្រព្យសម្បត្តិ ប៉ុន្តែដោយសារតែ ជនរងគ្រោះដឹង ក៏សម្លាប់បំបិទ មាត់តែម្តងទៅ។

ក្រោយមានការភ្ញាក់ផ្អើល លោកព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តកំពង់ឆ្នាំង ពេញ វិបុល បានដឹកនាំកម្លាំង សមត្ថកិច្ចចម្រុះ ចុះទៅពិនិត្យ នៅកន្លែង កើតហេតុ និងធ្វើកោសលវិច័យ។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ ជួន ជឿន បានបញ្ជាក់ថា មិនទាន់មានតម្រុយណាមួយ ចំពោះក្រុមជនល្មើសនោះឡើយ ខណៈសមត្ថកិច្ចចម្រុះបាន និងកំពុងធ្វើការស្រាវជ្រាវ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]