រាជ​ធានីភ្នំពេញ ៖ ​ យុវជន​​ស្ទាវ​មួយក្រុម​​មាន​គ្នា​៥​នាក់ ​ជិះ​រថយន្ត​ស្ព័រ​ ពណ៌​ស ពាក់ស្លាក​លេខ​នគរបាល​​បាន​បើកទៅបុករនាំង​ដែក​ចែក​​ផ្លូវ​​​ទ្រេត​អស់​៣​ផ្ទាំង ​ហើយ​រថយន្ត​ព្យា​យាម​​​បើក​រត់​ទាំងបែក​​​កង់​មុខ​​​​បែក​​​ផ្កា​ភ្លើង​​​ព្រាត​តាម​​ផ្លូវ ។ ហេតុការណ៍​នេះ កើត​ឡើង​​​នៅ​វេលាម៉ោង​១២ ​និង​១០​នាទី​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​​ទី២៩ កក្កដា ​តាម​មហា​វិថី​ព្រះសីហនុ ​ទល់​មុខ​​ក្រុមហ៊ុន Mobetel ក្នុង​សង្កាត់​​ចតុមុខ​​ ខណ្ឌដូនពេញ ។

​សាក្សី​​ឃើញ​ហេតុការណ៍​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​រថយន្តស្ព័រ​​ពណ៌ស ​ពាក់​ស្លាក​លេខ​នគរ​បាល ​បើក​ដោយ​​យុវជន​​អាយុ​ប្រមាណ​​១៦​ ទៅ​១៧​ឆ្នាំ មានគ្នា​ទាំង​អស់​៥​នាក់ ​​តាម​​​មហា​វិថី​​ព្រះសីហនុ ​ពីកើត​ទៅលិច​ ក្នុង​​ល្បឿន​លឿន​ ។ លុះ​មកដល់​ចំណុច​​​ខាង​លើ​ មិន​ដឹង​ជា​យ៉ាង​ម៉េច​ ស្រាប់​តែរេ​ចង្កូត​​​ទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​ទ្រេត​អស់​៣​ផ្ទាំង ​រួច​រថយន្ត​​ព្យា​យាម​​បើក​រត់​​​ទាំង​​​បែក​កង់​មុខ​ខាង​ឆ្វេងបាន​ប្រមាណ​២០​ម៉ែត្រ ទៅ​ដល់​ផ្លូវកែង​​លេខ៥៥​​ប្រុង​បត់​​ តែ​ជិះ​​​ហួស​ផ្លូវ ទើប​​ដាក់​លេខ​ថយ​ក្រោយ​​​វិញ​ មក​ដល់​មុខឱសថ​ស្ថានយូ​ឃែរ រថ​យន្ត​ទៅ​មុខ​លែង​រួច ​ដោយ​សារ​តែ​យ៉ាន់​ត្រូវ​​បាក់​​ខ្ទេច​​ហើយ​សំបក​កៅស៊ូ​ខ្ទាត​​ចេញពី​​កង់​អស់​រលីង ។​ក្រោយ​ពេល​កើតហេតុ ​យុវជន​ទាំង​៥​នាក់នោះ មិន​បាន​​រត់​ចោល​រថយន្ត​ទេ នៅ​រង់​ចាំ ​មើល សមត្ថ​កិច្ច​​ស្ទូចយក​រថយន្ត​​ទៅរក្សាទុក​នៅ​សាលា​ក្រុង​​​ភ្នំពេញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]