រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉េ​១,៥​តោន​ដឹក​ការ៉ុង​​ខោអាវ​សំពីង​សំពោង​​ដល់​ផ្លូវ​ងងឹត​មើលមិន​ឃើញ​បើក​ទៅ​កៀរ​ដំបូល​រទេះ​​លក់​គុយ​ទាវ​ដែល​ឈប់​នៅ​ស្ងៀម​​ បណ្តាល​ឱ្យ​​កំពប់​​ទឹក​ស៊ុប និង​របស់​របរ​នៅ​លើ​រទេះ​ខ្ចាត់​ខ្ចាយ​​ពេញ​ថ្នល់ ។ ហេតុ​ការណ៍​​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​២៨ កក្កដា ​តាម​បណ្តោយ​​ផ្លូវ​លេខ​២៥៣​កែង​ផ្លូវ​លេខ​​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។ 

បើ​តាម​ម្ចាស់​រទេះ​​លក់​គុយ​ទាវ​​ឈ្មោះ​​ហួរ វណ្ណៈ ​ភេទប្រុស អាយុ​៣៨​ឆ្នាំ ​ស្នាក់​​នៅ​ផ្ទះ​​ជួល​សង្កាត់​បឹង​សាឡាង ខណ្ឌទួល​គោក ​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​​កើត​ហេតុ​គាត់​​បាន​ចត​រទេះ​​នៅ​ចិញ្ចើម​​ផ្លូវ​រង់ចាំ​កូន​ចៅ​​របស់​​គាត់​ដើរ​គោះឫស្សី​ហៅ​ម៉ូយ ​ពេល​កំពុង​​តែ​​​ឈប់​​ស្រាប់​តែ​​មាន​រថយន្ត​កូរ៉េ​ដឹក​ខោ​អាវ​មក​ដល់​បើក​កៀរ​រទេះ​​របស់​គាត់​ធ្វើ​​ឱ្យ​ទ្រេត​​ដំបូល​​​ និង​ខូច​ខាត​របស់​របរ​នៅ​លើរទេះ​អស់​ជា​ច្រើន តែ​សំណាង​ល្អ​​មិន​មាន​រង​រ​បួស​​ទេ ​ដោយ​សារ​គាត់​បាន​ដើរ​​ចេញ​ពីរទេះ​ ។

ក្រោយ​ពេល​​កើតហេតុ​ម្ចាស់​រទេះលក់​គុយ​ទាវ​បាន​ទាមទារ​​សំណង​ចំនួន​​២៥០​ដុល្លារ ​តែ​ខាង​ម្ចាស់​​រថយន្ត​សង​តែ​៧០​ដុល្លារ ម្ចាស់​រទេះ​​មិន​​ព្រម​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​​អធិ​ការ​ដ្ឋាន​​ខណ្ឌ​​ទួល​គោក ដើម្បី​ដោះ​ស្រាយ​បន្ត​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]