ដើម្បីឆ្លើយតបទៅនឹង ការផ្ទុះនៃទំរង់ធ្ងន់ធ្ងរ នៃជំងឺពងបែកដៃជើង និងក្នុងមាត់ ក្រសួងសុខាភិបាល បានណែនាំដល់គ្រឹះស្ថាន សុខាភិបាលសាធារណៈឲ្យ រាយការណ៍ពីករណី ពងបែកដៃជើង និងក្នុងមាត់ ស្រាល និងធ្ងន់ធ្ងរក្នុងចំណោមកុមារ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយ រួមគ្នា ក្រសួងសុខាភិបាលនិងអង្គការសុខាភាពពិភពលោកថា “ឪពុកទាំងឡាយដែលមានកូនមានរោគសញ្ញា គ្រុនក្តៅខ្លាំង ក្អួត រឹងដៃជើង ឬពិបាកដកដង្ហើម ត្រូវនាំយកទៅមន្ទីរពេទ្យបានឆាប់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល ”។

ក្រសួងសុខាភិបាលសហការជាមួយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោកកំពុងបង្កើតសំភារៈអប់រំ និងផ្តល់ព័ត៌មានដល់សាធារណៈជនអំពីជំងឺនេះ។

យោងតាមការអង្កេតស្រាវជ្រាវ បានរកឃើញករណីសរុបចំនួន៧៨ ករណី ដែលក្នុងនោះមានរួមមាន ៦២ករណី រាយការណ៍ពីមន្ទីរពេទ្យគន្ឋបុប្ពា និងករណីមួយចំនួនរាយការណ៍ ពីមន្ទីរពេទ្យដទៃទៀត។ ក្នុងចំណោម ករណីទាំងអស់នោះ ការអង្កេតស្រាវជ្រាវសង្កត់ធ្ងន់តែទៅលើ៦១ករណីដែលត្រូវនិយមន័យ។

ការតាមដានចុងក្រោយទៅលើករណីទាំង៦១បានបង្ហាញថា ៥៦ករណីបានស្លាប់ ៣ករណីជាសះស្បើយ។

ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះមាន៥៣៣ករណីនៃជំងឺពងបែកដៃជើងនិងក្នុងមាត់ស្រាលបាន រាយការណ៍មកក្រសួងសុខាភិបាល ពី១៧ខេត្តក្នុងចំណោម២៤ខេត្តនិងមាន៩ករណី ដែលបានបញ្ជាក់ថា មានឆ្លងមេរោគ EV-71 ធ្ងន់ធ្ងរ។ ក្នុងចំណោមករណីទាំងនោះមាន៣ករណីស្លាប់ ១ករណីជាសះស្បើយ ៥ករណីកំពុងសំរាកពេទ្យ។

ជំងឺពងបែកដៃជើងនិងក្នុងមាត់ស្រាលមានរោគសញ្ញា គ្រុនក្តៅ ពងបែកលើដៃ លើជើង និងក្នុងមាត់។ ករណីនេះអាចព្យាបាលនៅផ្ទះឬនៅមណ្ឌលសុខភាព។ភាគច្រើននៃករណីស្រាលទាំងនេះជាសះស្បើយក្នុង រយៈពេលពី៧ទៅ១០ថ្ងៃប៉ុន្តែមានកុមារមួយចំនួនអាចវិវត្តទៅជាធ្ងន់ធ្ងរដោយមានរោគសញ្ញាគ្រុនក្តៅ និង សញ្ញាប្រព័ន្ធ ប្រសាទដូចជាក្អួត សន្លឹម ប្រកាច់ ឬរឹងដៃជើង ឬមានសញ្ញាផ្លូវដង្ហើម ពិបាកដកដង្ហើម ។ កុមារទាំងនេះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។

ក្រសួងសំណូមពរឲ្យលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកជាពិសេសបន្ទាប់ពីប៉ះពងបែក ឬដំបៅមុន រៀប ចំអាហារ និងបរិភោគ មុនបញ្ចុកអាហារដល់កុមារ បន្ទាប់ពីបន្ទោរបង់រួច និងបន្ទាប់ពីលាងសំអាត ឬងូតទឹកឲ្យកុមារដែល មានជំងឺ។

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]