ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនសន្ដិសុខឯកជន CPS ម្នាក់ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន បន្ទាប់ពីបានរួមគំនិតជាមួយជនសង្ស័យ៣នាក់ផ្សេងទៀត ដោយប្រើថ្នាំសណ្ដំសន្ដិសុខ ដែលយាមកាម ជាមួយគ្នាឱ្យសន្លប់ រួចហើយនាំគ្នាលួចខោអាវរោងចក្រ ។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនសង្ស័យ ភួង សារ៉ាន ភេទប្រុស អាយុ ៣០ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនសន្ដិសុខ CPS រស់នៅផ្ទះជួលភូមិ-សង្កាត់ កើតហេតុខាងលើ ត្រូវបានឃាត់ខ្លួន កាលពីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅក្នុងបរិវេណរោងចក្រអ៊ីនធឺហូមវែល នៅភូមិកប់គង់ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកឯបក្ខពួករបស់គេ៣នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ។
ប្រភពបានបន្ដទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានប្រើល្បិចទិញទឹកក្រឡុក និងស្រាយកផឹក ប៉ុន្ដែនៅក្នុងស្រា និងទឹកក្រឡុកនោះ គេបានដាក់ថ្នាំសណ្ដំរួចជាស្រេចយកទៅឱ្យសន្ដិសុខដែលយាម កាមជាមួយគ្នានោះផឹក។ លុះផឹកបានមួយសន្ទុះក្រោយមក សន្ដិសុខទាំង៣នាក់ បានសន្លប់បាត់អស់ ហើយក៏ឱ្យបក្ខពួករបស់គេកាត់សំណាញ់ និងគាស់កង្ហាបឺតខ្យល់លូនចូលទៅលួចខោអាវនៅក្នុងរោង ចក្រយកបានខោចំនួន៦៩៣ខោ ។
ជនសង្ស័យក្រោយពេលឃាត់ខ្លួនបានសារភាពថា រូបគេបានរួមគំនិតជាមួយបក្ខពួក ៣នាក់ទៀត ដែលជាអ្នកលួច ដោយសន្យាថា ចែកលុយស្មើគ្នា។
លោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា ដើម្បីរក្សាសន្ដិសុខ ជូនដល់ បណ្ដាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់នានា ដែលចូលមកអភិវឌ្ឍន៍នៅក្នុងប្រទេស លោកនឹងខិតខំ ជំរុញឱ្យកម្លាំងសមត្ថកិច្ចដើរល្បាតគ្រប់ច្រកល្ហកទាំងអស់ ជាពិសេសនោះគឺនៅទីតាំងណា ដែលសម្បូរ ទៅដោយក្រុមហ៊ុន ដើម្បីឱ្យក្រុមហ៊ុនទាំងអស់នោះមានជំនឿចិត្ដក្នុងការវិនិយោគទុននៅកម្ពុជា៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]