ភ្នំពេញ៖ ក្រុមវេជ្ជបណ្ឌិត បានអះអាងថា បច្ចុប្បន្នជំងឺលើសឈាម បានឆក់យកជីវិតមនុស្ស ដោយស្ងៀមស្ងាត់បំផុត បើទោះបីជំងឺនេះ មិនមែនជាជំងឺឆ្លងក៏ដោយ ប៉ុន្តែក្នុងឆ្នាំ២០១១កន្លងទៅ អត្រាអ្នកកើតជំងឺលើសឈាម បានកើតឡើងចំនួន១៧ភាគរយ នៅទីក្រុង ឬទីប្រជុំជន និង១០ភាគរយកើតទៅលើ ប្រជាពលរដ្ឋនៅ តាមបណ្តាខេត្ត។

លោក វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសផ្នែកជំងឺលើសឈាម និងជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ នៅក្នុងសិក្ខាសាលាវេជ្ជសាស្រ្ត ស្តីពី ផលវិបាកនៃ ជំងឺលើសឈាម និងការព្យាបាលជំងឺមហារីកពកក នៅសណ្ឋាគារណាហ្គាវើល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១២នេះថា នៅឆ្នាំ២០១១កន្លងទៅ អត្រាអ្នក កើតជំងឺលើសឈាមច្រើនជាងគេ គឺមាននៅទីប្រជុំជន ដែលមានរហូតដល់ ១៧ភាគរយ និង១០ភាគរយនៅទីជនបទ ហើយកម្ពុជាមានអត្រា អ្នកកើតជំងឺលើស ឈាមច្រើនជាងគេក្នុងតំបន់អាស៊ី ដែលទាមទារឲ្យយើង ត្រូវយកចិត្តទុកដាក់ចំពោះជំងឺនេះ ព្រោះជំងឺលើសឈាម បានសម្លាប់ជីវិតមនុស្ស ដោយសម្ងាត់បំផុត។

លោកបន្តថា “ជំងឺលើសឈាម នៅលើពិភពលោកទាំងមូល មានចំនួន ១ពាន់លាននាក់ ហើយនៅក្នុងនោះ ១៣,៥ភាគរយ បណ្តាលឲ្យស្លាប់ ដោយឡែកនៅក្នុង ប្រទេសកម្ពុជា ក្នុងចំណោម អ្នកកើតជំងឺលើសឈាម ១សែននាក់ មានស្លាប់ជាង ១២០នាក់ ដោយសារគាំងបេះដូង និងជាង១១០នាក់ស្លាប់ ដោយសារសរសៃ ឈាមក្បាល (ដាច់សរសៃឈាម និងស្ទះសរសៃឈាម)”។

លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅ សូមកុំធ្វេសប្រហែល នៅពេលដឹងថា ខ្លួនមានជំងឺលើសឈាមហើយនោះ ត្រូវមកពិនិត្យតាមដានជំងឺឲ្យ បានត្រឹមត្រូវ និងប្រើថ្នាំឲ្យជាប់ប្រចាំ មិនត្រូវផ្អាកលេបថ្នាំនៅពេលណា ដែលសម្ពាធឈាមរបស់យើងចុះទាបនោះទេ ព្រោះនៅពេលណាដែលកើតមាន ជំងឺលើស ឈាមហើយនោះ គឺមិនអាចព្យាបាល ឲ្យជាដាច់នោះឡើយ គឺយើងត្រូវបន្តព្យាបាលអស់មួយជីវិត។

លោកវេជ្ជបណ្ឌិត ជា សំអាន តំណាងមន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ បានមានប្រសាសន៍ដែរថា ជាទូទៅជំងឺលើសឈាម ជាប្រភេទជំងឺដែលមិនមានការ ឆ្លង ប៉ុន្តែជំងឺនេះ បានសម្លាប់ជីវិតមនុស្សយ៉ាងស្ងាត់ស្ងៀមបំផុត ” ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ គួរទៅពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យឲ្យបាន ត្រឹមត្រូវ ដើម្បីឲ្យដឹងពីកម្រិតឈាម ជៀសវាងនៅពេល ឈឺធ្ងន់ធ្ងរទើបរត់ទៅព្យាបាលនៅមន្ទីរពេទ្យ”។

សូមជ្រាបថា មនុស្សដែលមានវ័យចាប់ពី ៤០ឆ្នាំ ដល់ ៥៥ឆ្នាំឡើងទៅ និងអ្នកដែលធ្វើការ ដោយប្រើខួរក្បាលច្រើន និងអ្នកដែលមានរូបរាងធាត់ គឺប្រឈមមុខខ្ពស់ ទៅនឹងជំងឺលើសឈាម ដែលទាមទារឲ្យពួកគាត់ មានការធ្វើលំហាត់ប្រាណ ឲ្យបានច្រើន តមការបរិភោគប្រៃ និងខ្លាញ់ នៅពេលដែលអ្នកជំងឺព្យាយាម ធ្វើ លំហាត់ ប្រាណបានជារៀងរាលថ្ងៃនោះ នឹងធ្វើឲ្យសំពាធឈាម របស់អ្នកជំងឺចុះថយ។ ចំពោះអ្នកកើតមានជំងឺលើសឈាម អាចបណ្តាលឲ្យកើតមានជំងឺបេះដូង ដាច់សរសៃ ឈាម ងងឹតភ្នែក ចុះខ្យោយតម្រងនោម និងចុងក្រោយស្ទះសរសៃឈាមបាតជើង៕

ដោយៈសេង ផល្លាភ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]