ភ្នំពេញ៖ ក្នុងខ្សែជីវិតសិក្សា ប្រសិនបើយើងចាប់យកមុខវិជ្ជា ឬក៏ជំនាញដែលយើងពេញចិត្ត និងគិតថាសក្តិសមសម្រាប់ខ្លួនឯង ដោយគ្មានសម្ពាធ គ្មានការបង្ខិតបង្ខំពីនរណាម្នាក់ហើយនោះ ច្បាស់ណាស់វាពិតជា ជួយឲ្យយើងអាចបន្តការសិក្សានោះ រហូតដល់ចប់ចុងចប់ដើម និងគ្មានវិប្បដិសារីទៅថ្ងៃក្រោយ។

បើយើងក្រឡេកមកមើល មុខវិជ្ជាវេជ្ជសាស្ត្រ ឲ្យច្បាស់វិញទើបយើងដឹងថា វាជាមុខវិជ្ជាពិសេសមួយ ក្នុងចំណោមមុខវិជ្ជាជាច្រើន ដែលវាទាមទារឲ្យយើង ត្រូវមានការខិតខំប្រឹងប្រែង អំណត់ តស៊ូ និងព្យាយាម ទើបអាចឈាន ទៅដល់គោលដៅបាន។

ឆ្លៀតពេលកំពុងសិក្សាជាក្រុម យុវជន៣រូប ដែលជានិស្សិតផ្នែកវេជ្ជសាស្ត្រ ឆ្នាំទី៤ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានផ្តល់កិច្ចសម្ភាសន៍ អំពីជីវិតជាអ្នកសិក្សាមុខវិជ្ជានេះ និងបទពិសោធន៍ផ្សេងៗ ប្រាប់ដល់ក្រុមការងារខ្មែរឡូត យ៉ាងក្បោះក្បាយផងដែរ។

និស្សិត សុក បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ បានប្រាប់ឲ្យដឹងថា អ្វីដែលជាការជំរុញចិត្តរបស់លោក ឲ្យជ្រើសរើសយកមុខវិជ្ជានេះជាដើមទុនសម្រាប់អនាគត គឺព្រោះតែភាពស្រឡាញ់ចូលចិត្ត ក្នុងការជួយអ្នកដ៏ទៃ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ជុំវិញខ្លួនរបស់លោកតែម្តង។

ចំណែក និស្សិត កែវ ច័ន្ទមុនី ភេទស្រី អាយុ២០ឆ្នាំ ក៏បានប្រាប់ឲ្យដឹង ស្រដៀងគ្នានោះដែរថា នាងចាប់យកមុខវិជ្ជាវេជ្ជសាស្ត្រនេះ គឺដោយសារតែការស្រឡាញ់ និងចង់ជួយអ្នកដ៏ទៃដោយផ្ទាល់ ព្រោះថាការជួយយកអាសារ នរណាម្នាក់គឺមានច្រើនវិធី ប៉ុន្តែមានតែវិធីនេះទេ ដែលអាចជួយគេបានដោយផ្ទាល់តែម្តង។

រីឯនិស្សិត សុគន្ធ លីហួរ ភេទប្រុស អាយុ ២០ឆ្នាំ វិញក៏បាននិយាយប្រាប់ ឲ្យដឹងដែរថា អ្វីដែលជំរុញចិត្តលោកខ្លាំងបំផុតនោះ គឺមុខវិជ្ជានេះ ធ្វើឲ្យរូបលោក អាចជួយក្រុមគ្រួសារ ក៏ដូចជាអ្នកដ៏ទៃ ព្រមទាំងទំនុកបំរុងជីវភាព បានយ៉ាងប្រសើរទៅថ្ងៃអនាគត ប្រសិនបើប្រឡងជាប់ ក្លាយជាពេទ្យជំនាញម្នាក់នោះ។

សុគន្ធ លីហួរ (ឆ្វេង) កែវ ច័ន្ទមុនី (កណ្តាល) សុក បញ្ញា (ស្តាំ)

និស្សិតទាំងបីបាន និយាយប្រាប់ឲ្យដឹងថា មុខវិជ្ជាពេទ្យវេជ្ជសាស្ត្រ រឺហៅឲ្យងាយ "រៀនពេទ្យ" គឺជាមុខវិជ្ជាពិបាកមួយ និងមានដំណើរការនៃការសិក្សា ខុសគ្នាច្រើនពីមុខវិជ្ជាដ៏ទៃទៀត។ ប្រសិនបើអ្នកដែលមាន បំណងចង់ចាប់យកមុខវិជ្ជានេះ នៅពេលអនាគត គួរណាស់ពង្រឹងនូវមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា និងជីវៈវិទ្យា ឲ្យបានខ្លាំងឲ្យហើយ ព្រោះថានៅពេលដែល ចង់ចូលរៀនពេទ្យ គឺនិស្សិតទាំងអស់ តម្រូវឲ្យធ្វើការប្រឡងនូវ មុខវិជ្ជាទាំងបីខាងលើ បើជាប់ទើបអាចចូលរៀនបាន។

បរិញ្ញាបត្រវេជ្ជសាស្ត្រ ជាទូទៅត្រូវចំណាយពេលសិក្សា យ៉ាងតិច៦ឆ្នាំ ហើយបើនិស្សិតប្រឡងជាប់ អាចចូលរៀនជាពេទ្យឯកទេស គឺត្រូវចំណាយពេល យ៉ាងតិច២ឆ្នាំបន្ថែមទៀត។ និស្សិតពីឆ្នាំទី៤ឡើងទៅ ត្រូវតម្រូវឲ្យចុះកម្មសិក្សាជាប្រចាំ (ចុះស្តារ) នៅតាមពេទ្យនានា ដើម្បីទទួលបានបទពិសោធន៍ និងការអនុវត្តផ្ទាល់។ 

អ្នករៀនពេទ្យត្រូវមានស្មារតីរឹងមាំ មិនមែនជាមនុស្សខ្លាចឈាម រឺខ្លាចសាកសពឡើយ ព្រោះថាការចុះកម្មសិក្សា គឺត្រូវចុះភ្ជាប់ជាមួយនឹង អ្វីៗទាំងនេះតែម្តង។ ប្រសិនបើអ្នកជាមនុស្ស មិនសូវចេះរាប់អានអ្នកដ៏ទៃ អ្នកត្រូវតែរៀនសម្របខ្លួនឲ្យរួចរាល់ ព្រោះថាមុខវិជ្ជានេះ ទាមទារឲ្យមានការរៀនជាក្រុមជាប្រចាំ ព្រោះថាបើចង់ដើរលើផ្លូវនេះ តែម្នាក់ឯងគឺពិបាកណាស់ ហើយមិនអាចទៅរួចនោះទេ។

មុខវិជ្ជានេះគឺខុសប្លែក ពីមុខវិជ្ជាផ្សេងៗទៀត ដោយវាមិនតម្រូវឲ្យមាន ពិន្ទុផ្សេងៗនៅក្នុងថ្នាក់ ដើម្បីជំនួយនោះទេ គឺមានន័យថា ការប្រឡងឆមាសនីមួយៗ គឺយកតែពិន្ទុប្រឡងនោះមួយមុខគត់ ហើយជាប់ឬធ្លាក់ គឺអាស្រ័យទៅលើ ពិន្ទុប្រឡងនោះតែម្តង។ ជាការពិតណាស់ ភាសាបរទេសពិតជាសំខាន់ណាស់ សម្រាប់មុខវិជ្ជានេះ ដោយនិស្សិតទាំងអស់ ត្រូវចេះភាសាអង់គ្លេស និងបារាំងជាចាំបាច់ ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ និងអានឯកសារនានា។

ក្នុងឆ្នាំសិក្សានិមួយៗ និស្សិតពេទ្យត្រូវរៀន យ៉ាងតិចណាស់ ១០មុខវិជ្ជា ដែលក្នុង១ឆមាសត្រូវប្រឡង ពី៣-៥មុខវិជ្ជា ដែលមុខវិជ្ជាខ្លះ រៀន១ឆ្នាំពេញតែម្តង ទើបប្រឡង។ ចំពោះគ្រូបង្រៀនវិញ គឺក្នុង១មុខវិជ្ជាអាចជួបរហូតទៅដល់គ្រូ ៣០នាក់ឯណោះ។

សកម្មភាពជួបជុំក្រោយបញ្ចប់កម្មសិក្សា

និស្សិតទាំងបីខាងលើ ក៏បានប្រាប់អំពីការចំណាយ លើការសិក្សាឲ្យដឹងផងដែរថា នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល គឺជំនាន់របស់ពួកគេត្រូវបង់ថ្លៃសិក្សា ១៤០០ដុល្លាអាមេរិកក្នុង១ឆ្នាំ ប៉ុន្តែនៅទីនោះក៏មាន ផ្តល់ជាអាហារូបករណ៍ ពិសេសៗផងដែរ ហើយចំពោះការចុះធ្វើកម្មសិក្សាវិញ គឺមិនតម្រូវឲ្យបង់ប្រាក់នោះទេ។

និស្សិត មុន្នី បញ្ញា និង លីហួរ ក៏បានផ្តាំផងដែរថា ប្រសិនបើសិស្សជំនាន់ក្រោយ ទាំងឡាយណា ដែលមានបំណងចង់សិក្សា មុខវិជ្ជានេះ គឺត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ សព្វគ្រប់ជាមុន និងឧស្សាហ៍ចូលមើល គេហទំព័ររបស់សាកលវិទ្យាល័យ ដើម្បីងាយស្រួលតាមដានពីព័ត៌មាន ក៏ដូចជាការផ្តល់ជូនអាហារូបករណ៍ និងការប្រឡងផ្សេងៗ។ ជាពិសេសអ្នកទាំងបី ក៏បានផ្តែផ្តាំផងដែរថា ប្រសិនបើប្អូនៗជំនាន់ក្រោយ ចង់ចូលរៀនពេទ្យដូចពួកគេ គឺប្អូនៗត្រូវប្រាកដថា វាជាអ្វីដែលខ្លួន​ស្រឡាញ់ និងចង់ធ្វើ មិនមែនក្រោមសម្ពាធបង្ខំ ដោយអាណាព្យាបាល រឺតាមអ្នកដ៏ទៃនោះទេ ព្រោះបើមិនដូច្នោះ ប្អូនៗនឹងងាយក្នុងការ បោះបង់ចោលការសិក្សាមុខវិជ្ជានេះ ទាំងពាក់កណ្តាលផ្លូវ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]