ខេត្ត​តាកែវ ៖  ស្ត្រី​មាន​​ផ្ទៃពោះ​​ជិត​​គ្រប់​ខែ​ម្នាក់​​​​ត្រូវជន​​​​មិន​​ស្គាល់​​​​មុខ​​​​​​​រឹតក​​​សម្លាប់​​ ខណៈ​​​នាង​នៅ​​​​ផ្ទះ​​​​តែម្នាក់​ឯង​ បម្រុង​​​​​​​រៀប​​ចំដួស​បាយ​​ហូប​​​ ។  ​ការ​​សម្លាប់​​​យ៉ាង​​​សាហាវ​​​ព្រៃផ្សៃ​នេះ​​អាច​និយាយ​​​បាន​​​ថា​ជា​ការ​​សម្លាប់​​​​​ជីវិត​ស្ត្រី​​​ជា​ម្តាយ​​ផង​​ និ​ង​កូន​​ក្នុង​ផ្ទៃ​ដែល​ជិត​​ប្រសូត​​ផង គឺ​​ ស​ម្លាប់​មួយ​មាន​ជីវិត​ពីរ​ ។ ​​ហេតុ​ការណ៍​គួរ​ឱ្យ​​​​តក់​ស្លុត​​​​នេះ​​កើត​ឡើង​​​កាលពី​​​​​ថ្ងៃទី​​​១៦​ កុម្ភៈ​ ​​​វេលា​​​ម៉ោង​​​​១​និង​៣០​នាទី​​​​រសៀល​ ស្ថិត​​នៅភូមិ​​ជំនីក ឃុំ​​កំពង់​​រាប ​​​ស្រុក​​​ព្រៃ​​​កប្បាស ។

លោក​​​វរសេនីយ៍​ត្រី​​ជុំ ឈឿន  ​អធិការ​​​​នគរ​​បាល​​​​ស្រុក​ព្រៃកប្បាស​​ ​ឱ្យ​​​ដឹង​ថា  ​​ស្ត្រី​​​រង​គ្រោះ​​​ ឈ្មោះ​​សែត សុធា ​អាយុ​៣២ឆ្នាំ មាន​កូន​​​​នៅក្នុង​ផ្ទៃ​​​៨ខែ​ មាន​​​ប្តី​និង​​កូន​ស្រី​​ម្នាក់​​អាយុ​​​​៨ឆ្នាំ ។ ពេល​​​​កើត​ហេតុ​​​​ បុរសជាប្តីឈ្មោះ​​ស្រេង  វឌ្ឍនា​ ​អាយុ​៣២ឆ្នាំ ​​ជា​នាយក​សាលា​​​បឋម​សិក្សា​​ជំនីក​​  បាន​ទៅ​​ប្រឡង​នៅភ្នំពេញ​ ។ ឯកូន​​ស្រី​​មិន​​នៅ​​​​ជាមួយ​​ឪពុក​​ម្តាយ​​ទេ គឺ​រស់​នៅ​​​​​ជា​មួយ​​តាយាយ​ ។ ​​ស្ត្រីរង​គ្រោះ​​និង​ប្តី​​​រស់​​នៅ​​តែ២នាក់​​​ក្នុង​​​​ផ្ទះ​​ថ្ម១​​​ល្វែង​​ ។

លោក​អធិការ​​​​នគរ​បាល​​ស្រុក​​​​បន្ត​ទៀត​​​​ថា ​ស្ត្រីរងគ្រោះ​​​ពេលរៀប​​ចំ​​​ដួស​បាយ​​ហូប​​នៅ​ចង្ក្រាន​​បាយ​ខាង​ក្រោយ ​ស្រាប់​តែ​​មាន​មនុស្ស​​បើក​ទ្វារ​​​​ដើរ​ចូល ​​​រួចយក​​ខ្សែនីឡុង​​ពណ៌​ខ្មៅ​​​រឹតក​​​នាង​សម្លាប់​​តែម្តង ។  ​តាម​​ការ​​សន្និដ្ឋាន​​ ឃាតករ​​​បាន​​ត្រៀម​​​ការ​​សម្លាប់​​​​​​​នេះ​​មុន​រួចទៅ​ហើយ​ និង​​​​ដឹង​ច្បាស់​​​​ថាស្ត្រី​រងគ្រោះ​​​​នៅ​​ក្នុង​​ផ្ទះ​​តែម្នាក់​ឯង ។

ឃាតករ​បាន​រឹត​ក​នាង​​សែត សុធា ​​ពី​ក្រោយ​​​​ខណៈអង្គុយ​​​​មិន​ដឹងខ្លួន​​​រហូត​​​​ដាច់​​ខ្យល់​​​​ស្លាប់​​ រួច​​​​យក​​សព​​​​​​ទៅ​ដាក់​​ចូល​អាង​​ក្នុង​បន្ទប់​​​ទឹក​​ ។  នាង​​ត្រូវ​​ឃាតករ​​​សម្រាត​ខោ​​​​​​​មក​​នៅ​​ត្រឹម​​ជង្គង់​​​ និង​​រំលោភ​​រួច​ទើប​​ឃាតករ​ចាក​ចេញ​​ទៅ​ ដោយ​មិន​យក​ទ្រព្យ​​សម្បត្តិ​​​​អ្វីទេ ។   តាម​ការ​សន្និដ្ឋាន​​គឺការ​សម្លាប់​នេះ​​​ឃាតករ​​​បាន​រៀប​ចំ​គម្រោង​​គិតទុក​​ជា​មុន​​ដោយ​មាន​​ចរិត​ជា​​ការសង​សឹក​រឿង​​​​​​គំនុំ​​អ្វី​មួយ ​ហើយ​ក៏​​​អាចជា​​មនុស្សស្គាល់គ្នា​​​​ថែមទៀត​ផង ។

លោក​​វរសេនីយ៍​​​ទោ​សែម សុជាតិ នាយ​​ការិយា​​ល័យ​​ព្រហ្មទណ្ឌ​​​កម្រិត​ធ្ងន់​​​ខេត្ត​​បាន​ឱ្យ​​​កោះ​សន្តិភាព​ដឹង​ថា តាម​ការ​​ស្រាវ​ជ្រាវ​​​របស់​​​​សមត្ថកិច្ច​ជំនាញ​​​ស្រុក​​និង​ខេត្ត​គឺ​​ក្រុមគ្រួសារ​​​​ស្ត្រី​​រងគ្រោះ​​អត់​​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​​នៅ​ជិតខាង​​​ ឬអ្នក​​ភូមិ​ទេ​ ។ 

បើ​តាម​​អ្នក​​រស់​នៅ​​ជិតខាង​ ​បាន​​និយាយ​ថា នៅ​​វេលា​កើត​ហេតុ​​នោះ​​ពួកគាត់​​បាន​ឮ​​​សំឡេង​​​​ក្នុង​​ផ្ទះ​​នាង​សែត ​​សុធា ដែរ រួចក៏​​ស្ងាត់​​ទៅ​វិញ​ ដោយ​​មិន​​បាន​​ចាប់​អារម្មណ៍​​​ថា​មាន​​​គ្រោះ​​​អកុសល​​​អ្វី​កើតឡើង​ទេ ។ ​បន្ទាប់​មក​នៅ​​​ម៉ោង​​​ប្រហែល​​​ជា​៣រសៀល​ថ្ងៃដដែល​​ គ្រូបង្រៀន​​​​​​៣​នាក់​ទៅ​​ផ្ទះ​​​ស្ត្រី​​រង​គ្រោះ ក្នុង​​នោះ​លោកគ្រូ​២​​នាក់​​​ដើម្បី​​សុំ​ច្បាប់​​ពីប្តី​ និង​ម្នាក់​ទៀត​​​​ខ្ចី​​ភ្លើង​​​ហ្វា ។ ពេល​​​ជួប​គ្នា​​​​អ្នក​ទាំង៣​នាំគ្នា​​​ដើរ​​ចូល​​ក្នុង​​ផ្ទះ​​​រក​ម្ចាស់​​ផ្ទះ​តែអត់​ឃើញ​ទេ ។  ​​​ពេល​​បើក​​ទ្វា​រ​បន្ទប់​​ទឹក​​ស្រាប់​តែ​ឃើញ​​សព​ស្ត្រី​​រងគ្រោះ​​​​នៅក្នុង​អាង​​​ទឹកក៏ភ្ញាក់​ផ្អើល​​​​ឆោឡោ​​ឡើង ​​​ដឹង​ដល់​អ្នក​ជិតខាង​​ទៅ​​​ចោម​រោម​​​មើលនិង​​ដឹង​​ដល់​​​ប៉ូលិស ។

លោក​​​គ្រូបង្រៀន​ទាំង៣នាក់​​​​ដែល​​ឃើញ​​​​សព​​ស្ត្រីរងគ្រោះ​​មុនគេ​ត្រូវ​​​​សមត្ថកិច្ច​​ហៅ​ទៅ​​​សាក​សួរនៅអធិការដ្ឋាន​ស្រុក​ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]