ភ្នំពេញៈ ជនសង្ស័យក្នុង អំពើឆក់ខ្សែក ពីរនាក់ បន្ទាប់ពីធ្វើសកម្មភាព បានសម្រេចក៏ត្រូវ ក្រុមសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ នាំគ្នាដេញស្ទាក់ ចាប់បាន នៅចំណុច ផ្ទះលេខ២២១ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅម៉ោង១០និង ១៥នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក ហុងដា សេ១២៥ និងមួយគ្រឿងទៀត ម៉ាកស្ទេប ជនសង្ស័យទាំងពីរ ត្រូវស្ទាក់ចាប់បាន ខណៈកំពុង ជិះម៉ូតូព្យាយាម រត់គេច តាមផ្លូវលេខ១១៥ លុះដល់ផ្ទះលេខ២២១ ក៏ត្រូវបាន ប្រជាពលរដ្ឋ ដែល បានបើក សិប្បកម្ម ធ្វើទ្វានិងរបងដែក បោះរនាំងដែក បិទផ្លូវរួចម៉ូតូ ជនសង្ស័យ ក៏បុក ហើយបានដួល។

 សាក្សីបានបន្តទៀតថា នៅពេលដែលដួលម៉ូតូភ្លាម ពួកគេបានព្យាយាម រត់គេច ម្នាក់រត់ចូល ហាងបាយ ហើយម្នាក់ទៀត ព្យាយាមរត់ទៅ ចូលទៅ ផ្លូវឌឿងហែម ប៉ុន្តែទីបំផុត ត្រូវបានប្រជាពលរដ្ឋ និងកម្លាំង សមត្ថកិច្ច ឃាត់ខ្លួនបានទាំងពីរ ។

មន្ត្រីនគរបាលនៅមិនទាន់ បញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យទាំងពីរ នៅឡើយទេ គ្រាន់តែ បញ្ជាក់ប្រាប់ថា ជនសង្ស័យទាំងពីរនេះ មានអាយុ ប្រហែល ១៨ទៅ២០ឆ្នាំ ដោយឡែក ជនរងគ្រោះក៏ នៅមិនទាន់ បញ្ជាក់អត្តសញ្ញាណ នៅឡើយដែរ ។

អ្នកឃើញហេតុការណ៍បានបញ្ជាក់ថា ជនសង្ស័យទាំងពីរ បន្ទាប់ពីឆក់ខ្សែក ជនរងគ្រោះ ម្នាក់បាន ព្យាយាម ជិះម៉ូតូរត់គេច ហើយបត់ចូល ស្ថានីយ ចាក់សាំង នៅជិតរង្វង់មូល ផ្សារដើមស្កូវ ហើយភ្លាមនោះដែរ បន្ទាប់ពីក្រុមសមត្ថកិច្ច ដេញតាមក៏បាន ជិះគេចខ្លួន មកផ្លូវលេខ១១៥ ហើយ ម្នាក់ទៀត បានព្យាយាម រត់គេចខ្លួន ទៅផ្សារទូលទំពូង បត់តាមផ្លូវឌឿងហែមតូចៗ រួចឡើងមកវិញ តាមផ្លូវលេខ១១៥ ក៏ត្រូវបានសមត្ថកិច្ច ដេញតាមពី ក្រោយដូចគ្នា ហើយទីបំផុត អ្នកទាំងពីរ ក៏ត្រូវក្រុមសមត្ថកិច្ច រួមនិងប្រជាពលរដ្ឋ ស្ទាក់ចាប់បាន នៅកន្លែងតែមួយ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ៖ ស៊ាន កុសល,គង់ សុវណ្ណារ៉េត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]