និស្សិតស្រីវ័យក្មេងដ៏ស្រស់ស្អាតមួយរូបសិក្សានៅសាកលវិទ្យាល័យណានជីង ប្រទេសចិន ឈ្មោះ លី ជានណាន ដែលអ្នកប្រើប្រាស់អ៊ីនធើរណេត ដាក់រហស្សនាមថា ស្រីស្អាតបំផុតនៅសាកលវិទ្យាល័យ ពេលនេះកំពុងស្វែងរកអង្គរក្សការពារខ្លួននាង ។ នេះបើយោងតាមប្រភពគេហទំព័រអ៊ាស៊ីវ័ន ចេញផ្សាយថ្ងៃទី២៣ កក្កដា ឆ្នាំ២០១២ ។
នាង លី ជានណាន បាននិយាយថា នាងធ្លាប់ត្រូវគេស្ទាក់ចាប់ជាច្រើនលើកច្រើនសា ។ ជាងនេះទៅទៀត ការដែលនាងសម្រេចចិត្តប្រកាសស្វែងរកអង្គរក្សការពារខ្លួនបែបនេះ គឺបន្ទាប់ពីនាងបានដឹងនូវព័ត៌មានអំពីក្មេងស្រីម្នាក់ត្រូវគេគម្រាមដោយកាំបិត ។
នៅក្នុងគេហទំព័រផ្ទាល់ខ្លួន នាងលី ជានណាន បានសរសេរនូវលក្ខខណ្ឌថា បេក្ខជនដែលដាក់ពាក្យត្រូវតែមានសមត្ថភាពអាចទប់ទល់ជាមួយមនុស្សប្រុសបានយ៉ាងតិច៣នាក់ឡើងទៅ និងមានសុខភាពល្អ កាយសម្បទាមាំមួន ។ បេក្ខជនដែលជាប់ត្រូវការពារសុវត្ថិភាពនាងគ្រប់ពេលវេលា ជាពិសេសនៅពេលយប់ ។
និស្សិតស្រីវ័យ២០ឆ្នាំរូបនេះមិនផ្តោតសំខាន់ទៅលើរូបសម្បត្តិរបស់បេក្ខជននោះទេ ។ ចំពោះបេក្ខជនដែលជាប់នឹងទទួលបានប្រាក់បៀវត្ស ចំនួន៣០០.០០០យាន់ ស្មើនឹង៤៦.៩៧៤,៩ដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំ ។ នាងក៏បានសន្យាផងដែរថា ប្រសិនបើនាងពេញចិត្ត នាងនឹងចុះកិច្ចសន្យារយៈពេល១០ឆ្នាំ ។ និស្សិតដែលមានសម្រស់ស្រស់ស្អាតរូបនេះក្រៅពីសិក្សា និងល្បីឈ្មោះនៅសាកលវិទ្យាល័យណានជីង នាងក៏មានកេរ្តិ៍ឈ្មោះល្បីក្នុងបណ្តាញទូរទស្សន៍ក្នុងស្រុកចំនួន២ផងដែរ ។
ទាក់ទងនឹងការជ្រើសរើសអង្គរក្សការពារខ្លួននេះ នាងលី ជានណាន បាននិយាយប្រាប់អ្នកកាសែតថា គ្រួសាររបស់នាងជាអ្នកមានចំណូលមធ្យម ។ ការរើសអង្គរក្សសម្រាប់ការពារខ្លួន វាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែដើម្បីសុវត្ថិភាពនាងត្រូវតែធ្វើបែបនេះ ហើយនាងសង្ឃឹមថា នឹងរកបានបេក្ខជនដែលនាងពេញចិត្ត ។
នាងជានណានបានបញ្ជាក់ថា បន្ទាប់ពីបេក្ខជនជាប់ជាអង្គរក្សរបស់នាងហើយ នាងនឹងរកការងារសមរម្យឱ្យធ្វើនៅពេលថ្ងៃ ដោយទទួលបានប្រាក់ខែចាប់ពី៧.០០០ទៅ៨.០០០យាន់ ស្មើនឹងជាង១ពាន់ដុល្លារអាមេរិកក្នុងមួយខែ ហើយគេត្រូវការពារនាងនៅពេលយប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
ដោយ ៖ សាម៉ន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]