សហរដ្ឋអាមេរិក៖ វិធីសាស្ត្រដ៏ថ្មីស្រឡាង និងពោរពេញដោយ គំនិតច្នៃប្រឌិតមួយ ត្រូវបានគេបង្កើតឡើង នៅឯសហរដ្ឋអាមេរិក ដើម្បីការពារទឹក ដែលស្តុកទុក នៅក្នុងអាងដ៏ធំមួយ កុំឲ្យមានភាពរីងហួត សម្រាប់ទុកឲ្យ ប្រជាជនប្រើប្រាស់ ប្រសិនបើមាន គ្រោះរាំងស្ងួត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអាជ្ញាធរ នៃទីក្រុង Los Angeles សហរដ្ឋអាមេរិក បានធ្វើការចាក់ កូនបាល់ប្លាស្ទិក ពណ៌ខ្មៅ ដែលអណ្តែតលើផ្ទៃទឹក ចំនួន ៩៦លានបាល់ ចូលទៅក្នុង អាងស្តុកទឹក ដ៏ធំមួយកន្លែង ស្ថិតនៅក្នុងតំបន់ Sylmar របស់រដ្ឋ California ដែលមានទំហំ ប្រហែល ០.៧០គីឡូម៉ែត្រការេ សម្រាប់ជាប្រយោជន៍ ក្នុងការរក្សាទឹកទុក ដើម្បីអាចឲ្យប្រជាជន ប្រើប្រាស់នៅក្នុងគ្រា ត្រូវការជាចាំបាច់ ណាមួយ។

បើតាមការបញ្ជាក់ បានឲ្យដឹងបន្ថែមទៀតថា បាល់ប្លាស្ទិកពណ៌ខ្មៅ ទាំងនោះ ត្រូវបានគេច្នៃឡើងដើម្បីជួយ ការពារទឹកពី ធូលី ទឹកភ្លៀង សារធាតុគីមី ដែលអាចធ្វើឲ្យ ទឹកមានសារធាតុពុល ហើយអ្វីដែលពិសេសនោះ គឺវាអាចជួយ រារាំងទឹកចំណុះជាង ១ពាន់លានលីត្រ ដែលស្ថិតនៅក្នុងអាងនោះ កុំឲ្យមានការរីងហួត ក្នុង១ឆ្នាំៗ ដែលវាជាកត្តាដ៏សំខាន់ ដើម្បីរក្សាទឹកទុកប្រើប្រាស់ ប្រសិនបើមាន គ្រោះរាំងស្ងួតកើតឡើង ជាយថាហេតុ។

លោកវេជ្ជបណ្ឌិត Brian White អ្នកជំនាញប្រចាំនាយកដ្ឋាន ផ្នែកទឹក និងអគ្គិសនី របស់រដ្ឋ Los Angeles ដែលពេលនេះ គាត់ចូលនិវត្តន៍ ទៅហើយនោះ គឺជាអ្នកនឹកឃើញ គំនិតដ៏អស្ចារ្យមួយនេះ ដោយបានបង្កើត នូវកូនបាល់ប្លាស្ទិក សម្រាប់ជួយថែរក្សា គុណភាព និងបរិមាណ នៃទឹក ដែលមានសារៈសំខាន់ ក្នុងការប្រើប្រាស់ ហើយវាក៏ត្រូវបាន គេរំពឹងទុកថា នឹងអាចជួយសំន្សំសំចៃ ថវិកាជាតិ បានរហូតដល់ទៅ ២៥០លានដុល្លារ។ លើសពីនេះទៅទៀត កូនបាល់ប្លាស្ទិកទាំងនេះ ក៏អាចការពារ កុំឲ្យសត្វព្រៃ ឬក៏សត្វបក្សី នានា ដែលអាចចម្លងមេរោគ ចូលមកក្បែរ ឬក៏ប៉ះពាល់ទឹកទាំងនោះ បានទៀតផង។

គួរបញ្ជាក់ផងដែរថា មូលហេតុដ៏សំខាន់មួយ នៅក្នុងការប្រើប្រាស់ វិធីសាស្ត្រ ដ៏ថ្មីមួយនេះ គឺមានឡើង បន្ទាប់ពីរដ្ឋ California ធ្លាប់ទទួលរងនូវ គ្រោះរាំងស្ងួត ដ៏ធំធេង និងគួរឲ្យកត់សំគាល់ មួយកាលពីពេល កន្លងមកនេះ ដែលធ្វើឲ្យតំបន់ជាច្រើន ត្រូវជួបភាពខ្វះខាត ទឹកប្រើប្រាស់ ហេតុនេះហើយ ទើបមានការបង្កើតនូវ វិធីសាស្ត្ររក្សាទឹកទុក ឲ្យបានម៉ត់ចត់ ល្អទាំងគុណភាព និងបរិមាណ ដើម្បីអាចប្រើប្រាស់ ក្នុងគ្រាមានអាសន្ន ណាមួយ៕

ទិដ្ឋភាពទូទៅ នៅក្នុងការអនុវត្ត វិធីដ៏ថ្មីស្រឡាង និងពោរពេញដោយ ការច្នៃប្រឌិតមួយនេះ៖





ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]