ខេត្ត​​បាត់​ដំបង​ ៖ ​មន្រ្តី​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​មួយ​រូប​ ត្រូវអ្នក​រត់តាក់​ស៊ីដែល​ស្រវឹង​ជោក​ទះកំផ្លៀង កាល​ពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​២៤​កក្កដា​ នៅ​​ចុង​ស្ពាន​ថ្ម​ត្រើយ​ខាង​កើត​(ស្ពាន​ដែក​ចាស​់)​ ក្នុង​ភូមិ​រំចេក​៤ សង្កាត់​រត​នៈ ក្រុង​បាត់​ដំបង​ ដោយ​សារ​ខឹង​មន្រ្តី​នគរ​បាល​រូប​នេះ​បត់​ម៉ូតូ​ពីមុខ​រថយន្ត​របស់ខ្លួន​ ប៉ុន្តែ​បុរស​នេះ​ក៏​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ភា្លម​ៗដែរ​​បញ្ជូន​ទៅ​ ស្នង​ការ​ដ្ឋាន​ខេត្ត ។

មន្ត្រីសមត្ថ​កិច្ច​និយាយ​ថា​ អ្នក​រត់​តាក់​ស៊ី​ដែល​​ថ្លើម​ធំហ៊ាន​ទះកំផ្លៀង​មន្រ្តី​នគរបាល​នេះ​ឈ្មោះ​ ណាក់ ហុងគ្រី អាយុ៣១ឆ្នាំ នៅភូមិ​រំចេក​៤ សង្កាត់​រតនៈ​ ក្រុង​បាត់​ដំបង​ ជិះ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌ស្លែ ពាក់​ស្លាក​លេខ​ បាត់​ដំបង​ 2A-0467 ។ រីឯមន្ត្រីនគរ​បាល​ដែលត្រូវ​គេ​ទះ​​កំផ្លៀង​ឈ្មោះ​ឈឿ​ត ជិះ​ម៉ូតូ​អង្គភាព​ ពាក់​ស្លាកលេខនគរបាល និង​ពាក់​មួក​នគរបាល​បង្ការ​​​​​​​​​​​​​​​​​​​​​​​បង្រ្កាប​ (មួកសុវត្ថិភាព)។ ស​មត្ថកិច្ច​បញ្ជាក់​ថា​ មន្រ្តី​រូបនេះ​ត្រូវ​បុរស​អ្នក​រត់តាក់​ស៊ីចុះ​ពីរថយន្ត​ទះ​កំផ្លៀង​ ក្នុង​ខណៈគាត់​ឈប់​ម៉ូតូ​ចាក់​សាំង​ ។

មន្រ្តី​នគរ​បាល​រងគ្រោះនិយាយ​ថា នាយប់​នោះ ​លោក​បានទៅ​ប្រចាំការ​នៅ​ការិយា​ល័យ​ដោយ​ជិះ​ម៉ូតូ​ពីខាងកើត​ទៅ​លិច តែ​បាន​បត់​មកក្រោយ​វិញ​ដើម្បី​ចាក់​សាំង​ ហើយ​លោក​បានឃើញ​រថយន្ត​នោះបើក​មក​ពី​លិច​លឿន​ស្លេវ​។ លោក​បានឈប់​នៅ​កន្លែង​ចាក់​សាំង​ចុង​ស្ពាន​ តែពេល​ឈប់​ភ្លាមបុរស​នោះក៏​បើក​រថយន្ត​មក​ឈប់ក្បែរ​រួចចុះ​មកទះ​កំផ្លៀង​លោក ​ទាំង​កំរោល​ជាច្រើន​ដៃធ្វើឲ្យ​ធ្លាក់មួក​ពីក្បាល​ ទោះជាយ៉ាង​ណា​លោក​គេច​ផុត​ តែ​ត្រូវ​១​ដៃ​ពេញ​ទំហឹង​ដែរ​។ ខណៈនោះ​លោក​មិន​តបត​ទេ ​ផ្ទុយ​ទៅវិញ​លោក​បាន​អង្វ​​​រករ​​អ្នក​រត់​តាក់​ស៊ី​នោះ ពេល​ដែល​បុរស​នោះ​តិះដៀល​ថា លោក​ជិះ​ម៉ូតូ​ភ្លើៗ​ បត់​ពីមុខ​រថយន្ត​គ្មាន​ដឹង​អី ។ លោកបាន​ប្រាប់​​ទៅ​វិញ​​ថា ​លោក​​បត់​ម៉ូតូ​ឆ្ងាយ​ពីរថយន្ត​នោះ តែ​ដោយ​អ្នក​រត់តាក់​ស៊ី​នេះ​ស្រវឹង​ហើយ​បើកលឿន​ផង ទើប​ខឹង​នឹង​រូប​លោក​ហើយបង្ក​ហិង្សា​តែម្ដង​ រីឯ​កម្លាំង​បង្រ្កាប​របស់​ស្នងការដ្ឋាន​​​ខេត្តក៏​មកជួយ​អន្តរាគមន​ភ្លាម​ៗ ​ដែរ ។

ដោយ​ឡែក​អ្នករត់​តាក់​ស៊ីឈ្មោ​ះណាក់ ហុងគ្រី​ វិញ​សារ​ភាព​ថា ខ្លួនពិត​ជា​បាន​ទះ​កំផ្លៀង​មន្រ្តី​នគរបាល​នោះមែន​ ព្រោះ​ក្ដៅ​ក្រហាយ​ជិះម៉ូតូ​បត់​ពីមុខ​រថយន្តរបស់​ខ្លួន​ ។ អ្នក​រត់​តាក​់​ស៊ី​ម្នាក់​នេះ​ បាន​សារភាព​ទាំង​អស់​នូវ​អី្វដែល​រូប​គេ​បានធ្វើ​ ។ សាក្សី​នៅកន្លែង​កើត​ហេតុ​ក៏បាន​និយាយ​ដែរ​ថា​ មន្រ្តី​នគរបាល​រូប​នោះ​មិនតបត​ទេ តែ​បាន​ព្យាយាម​អង្វ​​រ​ករ​បុរស​ប្រមឹក​នោះ​វិញដែល​ប្រើ​ហិង្សា​ទះកំផ្លៀង​ គាត់​មិន​ប្រណី​ដៃ តែ​សំណាង​ហើយ​ត្រូវតែ​១ដៃ ព្រោះ​គេច​ផុត ។

សមត្ថកិច្ច​បញ្ជាក់​ដែរ​ថា​ ពេល​នាំ​ដល់​ស្នង​ការ​ដ្ឋាន​ខេត្ត​បុរស​នេះ​នៅតែ​អួត​ថា​ ខ្លួន​គ្រាន់​បើ​ទៀត​ និង​និយាយ​លែង​ដឹង​ខុស​ត្រូវ​ មិនតែ​ប៉ុណ្ណោះ​ជននេះ​បបួល​សមត្ថកិច្ច​ទិញ​ស្រាបៀរ​២កេស​ផឹក​ជុំគ្នា​ក្នុង​ ស្នង​ការ​ដ្ឋាន​ទៀត ដើម្បី​បញ្ចប់​រឿង​ដោយ​ខ្លួន​​ជា​អ្នក​ចេញ​លុយ​។  នៅ​ព្រឹក​​ថ្ងៃទី​២៥​​ កក្កដា​ ពេល​ស្វាង​ស្រា​អ្នក​រត់​តាក់ស៊ី​រូបនេះ​បាន​​យល់​​​​​​ព្រម​បង់​ប្រាក់​ ចំនួន​៨០ម៉ឺន​រៀល​ឲ្យ​ភាគី​រងគ្រោះ​ដើម្បី​បញ្ចប់​រឿង ​និង​មិន​អួត​ក្អេង​ក្អាង​ដូច​កាល​ពីយប់​នោះ​ទេ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]