រាជធានីភ្នំពេញ ៖ ចោរប្លន់​ប្រដាប់​អាវុធ​មួយក្រុម ​ដែលតែង​តែធ្វើ​សកម្មភាព​ប្លន់​ម៉ូតូស្គូពី​យ៉ាងស​កម្ម​នៅក្នុង​រាជធានី​ ភ្នំពេញ​នោះ​ ពេល​​​​នេះ​ត្រូវ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​កាកាប​និង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន ​ជ័យ​ ដឹក​នាំ​និង​បញ្ជា​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​អធិការ​ប៊ន​ សំអាត ចុះ​ទៅ​ធ្វើការ​បង្រ្កាប​ចាប់​ខ្លួន​បាន​ក្នុង​ខណៈ​​​​ពួក​គេ​កំពុង​ដេក​ នៅផ្ទះ​សំណាក់​ជុំ​គ្នា ​ព្រម​ទាំង​បាន​ដក​ហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​​ដែរ​ ។ ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២៤​ខែ​កក្កដា​ឆ្នាំ២០១២​ នៅក្នុង​ផ្ទះ​សំណាក់​នីតា​ ​​ស្ថិត​នៅក្នុង​ភូមិ​ក្បាល​ដំរី​ សង្កាត់​កាកាប ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​។

ក្រុម​ចោរ​ប្លន់​ដែល​ត្រូវ​ចាប់​ខ្លួនបាន​​នោះ​មាន​ ៣នាក់​គឺ ១-​ឈ្មោះ​ ឯក តុលា​ អាយុ​២៤​ឆ្នាំ​ មាន​ទី​លំ​នៅភូមិ​ព្រៃ​ស្វាយ ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ២-ឈ្មោះ​ ភន កង​សុគុណ​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ទួល​ សង្កាត់​​កំបូល ​ខណ្ឌ​ពោធី៍​​សែន​ជ័យ ៣-ឈ្មោះ អាន តូរ៉ុង​​ ហៅ​ស៊ិន​ ស៊ី​​ចាន់​ អាយុ​២៦ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ព្រៃជី​សាក់​សង្កាត់​ចោម​ចៅ​​ ជា​យោធា​​ និង​ប្រើប្រាស់​អាវុធ​ខ្លីម៉ាក​កា៥៩​មួយ​​ដើម​លេខ​០៣៤២​ មាន​គ្រាប់​៦គ្រាប់​ ។ ក្រោយ​ពេល​ចាប់ខ្លួន​ ប៉ូលិស​ដកហូត​បានអាវុធ​ខ្លី​ខាង​លើ​១​ដើម ​រួមទាំង​ម៉ូតូ២​គ្រឿង​គឺម៉ាក​ស្គូ​ព​ី​ស៊េរីឆ្នាំ​២០១៣ ​​ពណ៌ផ្កាឈូក​លាយស​​មួយ​គ្រឿង​ និង ​ម៉ាក​ស្គូ​ពីស៊េរី​ឆ្នាំ​២០១១ ​ពណ៌​ផ្កា​ឈូក​លាយស​ដែរ​ពាក់ស្លាក​លេខ​នគរ​បាល​ ដែលសមត្ថកិច្ច​អះអាង​ថាជា​ម៉ូតូដែល​ប្លន់យក​ពីជនរង​គ្រោះនៅ​រាជធានីភ្នំពេញ។

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​កាកាប​​ ​ឲ្យ​ដឹង​ថា​​ នៅមុន​ពេលចាប់​ខ្លួនមាន​ប្រជា​ ពល​រដ្ឋរាយ​ការណ៍​ប្រាប់​ថា​បាន​ឃើញ​ក្រុមជន​សង្ស័យ​ខាង​លើ​​ចូលទៅ​ដេកនៅ​ ក្នុងផ្ទះ​សំណាក់​នីតាដោយ​មាន​ប្រដាប​់​អាវុធ​ខ្លី១​ដើមនិង​ម៉ូតូម៉ាក​ ស្គូពី​មានពាក់​ស្លាក​លេខ​​នគរបាល​ផង ។ ខណៈ​នោះ​លោកវរ​សេនីយ៍​ទោ ប៊ន សំអាត អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​​សែន​ជ័យ ​​បានបញ្ជា​ឲ្យកម្លាំង​ប៉ូលិស​ប៉ុស្តិ៍​កាកាប​សហការ​ជាមួយ​​​កម្លាំង​ប៉ូលិស ​ខណ្ឌ​ចុះ​ធ្វើការ​ស្រាវជ្រាវជា​​បន្ទាន់​ ។ ប្រភព​ដដែល​បានបន្ត​​ថា​ ពេលចុះ​ទៅ​ដល​់​ផ្ទះសំណាក់​នីតា ​បានឃើញ​ក្រុមជន​នេះ​កំពុង​ស្ថិត​​នៅជួប​ជុំគ្នា​ក្នុងបន្ទប​​់​តែមួយ​​ក៏​ បាន​ឃាត់ខ្លួន​ធ្វើការ​សួររក​ឯកសារ​ម៉ូតូ​ដែល​​ពាក់​ស្លាក​​លេខ​នគរ​បាល​នោះ ​ ។

ពេល​នោះ​អត់​​មាន​អ្វី​ទាំងអស់​ ហើយ​​ជនសង្ស័យ​ឈ្មោះ​​ អាន តូរ៉ុង ហៅ ស៊ិន ស៊ីចាន់ បានប្រាប់​ថា​ ម៉ូតូ​នោះ​​ខ្លួនបាន​ទិញពី​គេ លុះ​​សួររក​អ្នក​ដែល​លក់ឲ្យ​ ជននោះ​​​ប្រាប់​ថា​ ទិញ​ពីមិត្ត​ភក្តិ​ឈ្មោះ ណាក់ ​។ ​ដោយ​សារ​ការ​ឆ្លើយ​មាន​ភាព​រដិប​រដុប​មិន​​ច្បាស់​លាស់ ​កាន់តែ​ធ្វើឲ្យ​មានការ​សង្ស័យ​ថែមទៀត​នោះ​ ទើបលោក​អធិការ ប៊ន សំអាត បញ្ជាឲ្យ​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំងអស់​នោះ​​នាំ​ទៅ​កាន់​​ ប៉ុស្តិ៍ធ្វើការ​សួរ​នាំ​តាមជំនាញ​តែម្តង​ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រុម​ចោរ​ប្លន់ខាង​លើនេះ​តែង​តែ​ចេញ​ធ្វើសកម្មភាព​ប្លន់​ម៉ូតូនៅ​ក្នុង​ រាជធានី​ភ្នំពេញ​ជា​ញឹកញាប់​ជា​ពិសេស​​នៅវេលា​ជិតភ្លឺ​ ​ហើយ​​​ក្រោយ​ពេល​ធ្វើ​ការ​​សាកសួរ​ពួកគេ​​សារ​​​​ភាព​​ថា​ បាន​ធ្វើ​សកម្ម​ភាព​ប្លន់យក​ម៉ូតូស្គូ​ពី​បាន​​សម្រេច​ចំនួន​៥លើក​រួចមក​ហើយ ​នៅក្នុង​រាជ​ធានី​​ភ្នំពេញ​ដូចជា​នៅ​ក្នុង​​ខណ្ឌសែន​សុខ​ និង​ខណ្ឌ​៧​​មករា​ជា​ដើម​ ។

លោក​វរ​សេនីយ៍​ទោ​ ប៊ន សំអាត​ ​បាន​ឲ្យ​​ដឹង​ថា​ ជន​ទាំង៣​នាក់​ខាងលើ​នេះគឺជា​មុខ​សញ្ញា​ចោរប្លន់ប្រដាប់អាវុធដ៏សកម្ម​ នៅក្នុង​រាជ​ធានី​​ភ្នំពេញ​ ហើយការ​ចាប់ខ្លួន​ទាំង​សម្បុក​នេះ​គឺ​តាម​​រយៈការ​ស្រាវជ្រាវ ​និង​មាន​ការ​សហការ​​ពី​ប្រជា​ពលរដ្ឋ​ផងដែរ ។ ​មិនតែប៉ុណ្ណោះ ​បន្ទាប់​ពី​ការ​ចាប​់​ខ្លួន​ក្រុម​ចោរ​ប្លន់​នេះ​បាន មាន​​ជន​រង​គ្រោះ​​ជា​ច្រើន​បាន​ទៅចង្អុល​មុខចោរ​ប្លន់ដោយ​​អះ​​អាងថា​ គឺក្រុម​ចោរ​ទាំងនោះ​ហើយដែល​បាន​ប្លន់​ពួក​គាត់​នោះ​និងបាន​សំណូម​ពរ​​ឲ្យ​ សមត្ថ​កិច្ច​​ចាត់​ការ​​តាមផ្លូវ​ច្បាប់​ ។ជន​ទាំង​៣​នាក់​ ត្រូវ​បាន​កសាង​សំណុំ​រឿង​​​បញ្ជូន​ទៅ​​តុលាការ​និង​ស្រាវ​ជ្រាវ​រកចាប់​ ខ្លួន​បក្ស​ពួក​បន្ត​​ទៀត​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]